Connect with us

ព័ត៌មានជាតិ

លោកហ៊ុន ម៉ា​ណែ​ត ៖ ការ​បន្តុះបង្អាប់​លើ​ធនធានមនុស្ស​ខ្មែរ ដោយ​អ្នកនយោបាយ​ប្រជាភិថុតិ ជា​ការ​វាយប្រហារ​លើ​ការ​ខិតខំ​របស់លោក​គ្រូ អ្នកគ្រូ និង​ឪពុកម្តាយ

បានផុស

នៅ

លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​អគារសិក្សា និង​សមិទ្ធផល​នានា ក្នុង​វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង នា​ខេត្តកំពង់ចាម ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​នោះ លោក ហ៊ុន ម៉ា​ណែ​ត ​បាន​អបអរសាទរ​ចំពោះ​ការទទួលបាន​សមិទ្ធផល​ជាច្រើន​នៅក្នុង​វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ដែល​កាន់​តែមាន​ការរីក ចម្រើន ស្របគ្នា​ទៅនឹង​ការរីកចម្រើន​នៃ​វិស័យ​អប់រំ​ទាំងមូល​នៅក្នុង​ខេត្ត និង​សូម​អរគុណ​ចំពោះ​ការចូលរួមចំណែក​រប​ស់​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​សប្បុរសជន ដែល​ភាគច្រើន​ក៏​ជា​អតីត​សិស្ស​នៅក្នុង​វិទ្យាល័យ​នេះ​។ ទាំងនេះ គឺជា​ការ​តបស្នង​សងគុណ​ចំពោះ​សាលា និង​ភូមិកំណើត ដែល​បាន​ផ្តល់នូវ​ឱកាស​រៀនសូត្រ រហូត​ទទួល​បាន​ជោគជ័យ​លើ​ការសិក្សា​ជាន់ខ្ពស់​ទាំង​ក្នុង និង​ក្រៅ​ប្រ ទេស ហើយ​បាន​ចូលរួម​បម្រើ​ការងារ​ក្លាយជា​ថ្នាក់ដឹកនាំ​នៅតាម​បណ្តា​ក្រសួង​-​ស្ថាប័នរដ្ឋ និង​ឯកជន​។

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​អបអរសាទរ​ចំពោះ​ក្មួយៗ ដែល​បាន​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២២​។ ការរៀបចំ​ដោយ​ហ្មត់ចត់​លើ​ការ​ប្រឡង​ទាំងអស់ គឺ​ធ្វើយ៉ាងណា​ឱ្យ​ជាប់ គឺ​ជាប់​ដោយ​មោទនភាព និង​បើ​ធ្លាក់ គឺ​ធ្លា​ក់​ដោយ​អស់ចិត្ត ដើម្បី​ធានាបាន​នូវ​គុណភាព​នៃ​ការអប់រំ ព្រមទាំង​មោទនភាព​សម្រាប់​គ្រួសារ និង​សង្គមជាតិ​។ ពិត​ណាស់​សមិទ្ធផល​ជាច្រើន​នៅក្នុង​វិស័យ​អប់រំ ដែល​សម្រេច​បាន​កន្លង​មកនេះ គឺ​កើតឡើង​ដោយសារ​ការ​ខិតខំ​ប្រឹង​ប្រែង និង​ការ​បង្ក​លក្ខណៈ​របស់​រា​ជ​រដ្ឋាភិបាល​, អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​ការចូលរួម​ចំណែក​រប​ស់​សប្បុរសជន​នានា ប៉ុន្តែ​កត្តា​កំណត់​ជោគជ័យ​ដ៏​ចម្បង​ចាំបាច់ គឺ​អាស្រ័យ​ទៅនឹង​តួអង្គ ០៣ សំខាន់ រួមមាន​៖

​ទី​១. គឺ​តួអង្គ​ក្មួយៗ ដែល​បាន​ខិតខំ​រៀនសូត្រ​។ សម័យកាល​មុន កម្ពុជា​ជួប​ការ​លំបាក​ច្រើនណាស់ ទាំង​ការខ្វះខាត​សាលា ហើយ​ប្រទេស​ក៏​មាន​សង្គ្រាម ប៉ុន្តែ​បច្ចុប្បន្ននេះ ប្រទេស​យើង​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ ជា​ការ​បង្ក​លក្ខណៈ​ឱ្យ​ក្មួយៗ​មានឱកាស​ច្រើន​គ្រប់បែបយ៉ាង និង​នៅ​គ្រប់កន្លែង​ទាំងអស់ ទាំង​ជម្រើស​ក្នុង​ការ​សិក្សា និង​ជម្រើស​ការងារ​។ ដូច្នេះ អ្វី​ដែល​សំខាន់​ចាំបាច់​សម្រាប់​ក្មួយៗ គឺ​ការ​កសាង​ផ្នត់គំនិត​នៃ​ការតស៊ូ​ម្ចាស់ការ​លើ​ខ្លួនឯង ទាំង​នៅក្នុង​ការសិក្សា និង​ការ​បំពេញ​ការងារ ដើម្បី​កសាង​ពង្រឹងសមត្ថភាព និង​បង្កើត​ឱកាស​ឈាន​ទៅ​ជោគជ័យ​ក្នុង​ជីវិត​។​

​ទី​២. គឺ​តួអង្គ​ឪពុកម្តាយ អាណាព្យាបាល ដែល​ចិញ្ចឹម​បីបាច់​ថែរក្សា​ដោយ​ទំនុក បម្រុង​គ្រប់បែបយ៉ាង​។ ជោគជ័យ​លើ​ការសិក្សា និង​ការងារ​របស់​ក្មួយៗ គឺជា​ការ​តបស្នង​សងគុណ​មួយ​ក៏​ស័ក្តិសម​បំផុត​សម្រាប់​ពួកគាត់​។

ទី​៣. គឺ​តួអង្គ​លោកគ្រូ អ្នកគ្រូ​។ ពេលមកដល់​សាលា គឺមាន​លោកគ្រូ អ្នកគ្រូ ជា​ឪពុកម្តាយ​ទី​២​។ សិស្សៗ​ម្នាក់​មាន​សំបក​តួខ្លួន​ខាងក្រៅ ឯក​លោកគ្រូ អ្នកគ្រូ ជា​អ្នក​បំពេញ​ឱ្យ​យើង​នៅ​ខាងក្នុង ទាំង​ចំណេះ ដឹង គុណធម៌ សីលធម៌ និង​សមត្ថភាព ដើម្បី​ក្លាយជា​ធន​ធន​សំខាន់​សម្រាប់​គ្រួសារ និង​សង្គមជាតិ​។

​បើតាម​លោក ហ៊ុន ម៉ា​ណែ​ត បច្ចុប្បន្ន ប្រទេស​យើង​អាច​ម្ចាស់ការ​ខ្លួនឯង​លើ​គ្រប់​វិស័យ ដូចដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ជាពិសេស​មុន​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ ទាំងនេះ គឺ​កើតឡើង​ដោយសារ​សមិទ្ធផល​ធន​ធាន​មនុស្ស ដែល​ផលិត​ដោយ​លោកគ្រូ អ្នកគ្រូ ហើយ​ធនធានមនុស្ស​ទាំងនេះ ទទួល​បាន​ការបណ្តុះបណ្តាល​នៅក្នុង​ស្រុក​ខ្មែរ ហើយ​មួយចំនួន​ក៏បាន​ទៅ​បន្ត​នៅ​បរទេស និង​បាន​ចូល​បម្រើ​ការងារ​នៅតាម​គ្រប់​ស្ថាប័ន​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ ព្រមទាំង​ក្នុង​វិស័យ​ឯកជន និង​អង្គការ​ជាតិ​-​អន្តរជាតិ​។ លោក​ថា ការ​បន្តុះបង្អាប់​ណាមួយ​មកលើ​ធនធាន មនុស្ស​ខ្មែរ​ដោយ​អ្នកនយោបាយ​ប្រជាភិថុតិ គឺជា​ការវាយប្រហារ​ម​កលើ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​គ្រូ អ្នកគ្រូ និង​ឪពុកម្តាយ អាណាព្យាបាល ដែល​បាន​ខិតខំ​តស៊ូ​យ៉ាង​លំបាក ហើយក៏​នេះ​ជាការ​មើលងាយ​ជាតិខ្មែរ​ផងដែរ​។

​លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀតថា ​ការ​ផ្តល់កំណើត និង​ការ​ជួយ​សង្គ្រោះ​ជិត គឺជា​គុណ​ដ៏​ធំធេង​បំផុត​។ ក្នុង​ឆាកជីវិត​នយោបាយ​រប​ស់ស​ម្តេច​តេ​ជោ កន្លង​មក​នេះ លោក​បាន​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន​ក្នុង​ស្ថានការណ៍​ធំៗ​០៣ លើក​រួចមកហើយ ក្នុងនោះ​រួមមាន​៖

​ការរំដោះ​ប្រជាជន​ចេញពី​ការ​កាប់សម្លាប់​ក្នុង​របប​ប៉ុលពត​, ការ​បញ្ចប់​សង្គ្រាមស៊ីវិល​ដោយ​នយោបាយ​ឈ្នះ​-​ឈ្នះ​, និង​ថ្មីៗ​នេះ គឺ​សច្ចភាព​នៃ​ការសង្គ្រោះ​ជីវិត​ដោយ​តថ្លៃ​ជាមួយ​មច្ចុរាជ និង​រក្សាបាន​ជីវិត​ប្រជាពលរដ្ឋ​រាប់សែន​នាក់ នៅក្នុង​វិបត្តិ​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​-១៩៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម