ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន រំឭកខួបលើកទី ៤៣ ឆ្នាំ ថ្ងៃជួបជុំគ្នាជាមួយភរិយា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បានរំឭកខួបលើកទី ៤៣ ឆ្នាំ នៃការជួបជុំគ្នាឡើងវិញរវាងសម្ដេច និងភរិយា (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២២)។
សម្ដេចតេជោ មានប្រសាសន៍ថា “ជារៀងរាល់ឆ្នាំ ខ្ញុំតែងបង្ហោះនូវដំណើររឿងនេះ ដើម្បីរំឭកខ្លួនឯងនូវរឿងឈឺចាប់ផងនិងចែករំលែកពីប្រវត្តិដ៏លំបាករបស់ខ្ញុំ និងភរិយាជូនបងប្អូនដែលចង់ដឹងផង”។

សម្ដេចបានក្លាយជាបុរសពោះម៉ាយមួយរយៈ ឬនិយាយមួយបែបគឺ (ទុក្ខប្តី ស្រីព្រាត់)។ រីឯភរិយាសម្ដេចបានក្លាយជាស្ត្រីមេម៉ាយកូន១មួយរយៈ ឬនិយាយមួយបែបគឺ (ទុក្ខស្រី ប្តីព្រាត់)។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា “ថ្ងៃនេះ ខ្ញុំគួរនិយាយរឿងដែលខ្ញុំពុំទាន់បាននិយាយក្រោយការជួបគ្នា។ ល្ងាចថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំបានជួបជាមួយភរិយានិងកូនខ្ញុំវិញ ក្រោយបែកគ្នាកាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ដែលពេលនោះកូនរបស់ខ្ញុំនៅក្នុងផ្ទៃ ៥ ខែប៉ុណ្ណោះ”។ ហើយថា ការជួបគ្នាគឺជារឿងសប្បាយណាស់ ព្រោះយើងនៅរស់ទាំងអស់គ្នានិងបានជួបគ្នាឡើងវិញ។ សម្រាប់រូបសម្ដេចកាន់តែសប្បាយដោយបានដឹង និងឃើញថាមានកូនប្រុស ហើយបានក្លាយជាឪពុករបស់កូន។

សម្ដេចបន្តថា “អកុសលសម្រាប់រូបខ្ញុំ គឺកូនមិនព្រមហៅយើងថាជាឪពុកនិងកាន់តែលំបាកគឺកូនមិនព្រមអោយយើងទៅជិតម្តាយគេទៀតផង។ ម៉ាណែត ទើបបានផ្តាច់ដោះប៉ុន្មានសប្តាហ៍មុនពេលមកជួបខ្ញុំ។ រ៉ានី បានប្រាប់ខ្ញុំថា ពេលរសៀលក្នុងថ្ងៃឆ្លងសាឡាងអ្នកលឿងក្នុងដំណើរមកភ្នំពេញ ម៉ាណែត បានក្រឡេកឃើញគេលក់នំបុ័ង ម៉ាណែត ឃ្លានណាស់ចង់បាននំបុ័ងញាំ តែទាំងភរិយាខ្ញុំ ស៊ីណាតប្អូនស្រីខ្ញុំ និងអតីតយុទ្ធមិត្ត២នាក់ដែលជិះម៉ូតូដឹកភរិយានិងកូនខ្ញុំមកកាន់ទីក្រុងភ្នំពេញគ្មានប្រាក់ឬរបស់អ្វីដើម្បីដោះដូរជាមួយនំបុ័ងនេះឡើយ”។

សម្ដេចតេជោ រៀបរាប់ថា ម៉ាណែត កូនកំសត់មួយនេះបានត្រឹមលេបទឹកមាត់មើលមុខម្តាយដែលកំពុងហូរទឹកភ្នែកអាណិតកូន។ បន្ទាប់ពីបាយល្ងាច និងក្រោយដឹងរឿងនំបុ័ងនៅលើសាឡាងអ្នកលឿង សម្ដេចរកបានស្ករគ្រាប់ប្រហែលជាង១០គ្រាប់ប្រគល់អោយកូន។ ម៉ាណែត ទទួលយក តែគេយកទៅគប់លេង ព្រោះគេមិនស្គាល់ស្ករគ្រាប់ទេ។
“ខ្ញុំបកស្ករគ្រាប់ប្រគល់អោយ ម៉ាណែត តែកូនរុញដៃខ្ញុំចេញ ដល់ពេលខ្ញុំហូបស្ករគ្រាប់ទើប ម៉ាណែត ដឹងថាជារបស់សម្រាប់ញាំ ម្តងនេះ ម៉ាណែត ញាំស្ករគ្រាប់ទាំងសំបករហូតភរិយាខ្ញុំឃើញក៏បកសំបកស្ករគ្រាប់អោយ តែគាត់អោយញាំតែ២គ្រាប់ប៉ុណ្ណោះ ព្រោះខ្លាចកូនក្តៅខ្លួន។ នេះហើយជារសជាតិនៃកុមារជំនាន់ ប៉ុលពត ដែលមិនដែលបានរបស់ហូបឬសម្ភារៈនៃល្បែងលេងសម្រាប់កុមារ”។

សម្ដេចតេជោបញ្ជាក់ “ប្រហែលម៉ោង៩យប់ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ភរិយាខ្ញុំបានអោយ ម៉ាណែត គេងកើយដៃនៅលើគ្រែដែលអាចជាទម្លាប់បែបនេះពីមុនមក។ មួយសន្ទុះក្រោយមកខ្ញំឡើងទៅដេកលើគ្រែជាមួយប្រពន្ធខ្ញុំស្រាប់តែ ម៉ាណែត ស្រែកយំហើយដេញខ្ញុំចុះពីគ្រែ។ ពេលខ្ញុំចុះពីលើគ្រែទើប ម៉ាណែត ឈប់យំ។ ខ្ញុំត្រូវអង្គុយរងចាំ ម៉ាណែត ដេកលក់ទើបហ៊ានឡើងលើគ្រែ។ ខ្ញុំបន្តធ្វើបែបនេះប្រហែល៣សប្តាហ៍។ ថ្ងៃមួយ ខ្ញុំសាកល្បងលេងសើចជាមួយប្រពន្ធខ្ញុំដោយធ្វើមិនដឹងមិនឮជាមួយ ម៉ាណែត ដោយឡើងដេកទទូរភួយជិតទាំងពីរនាក់ ស្រាប់តែមិនឮ ម៉ាណែត យំទៀតទេថែមទាំងមិនឮសម្លេងកូនទៀតផង”។
ដោយមិនឮសម្លេងកូនខំបើកភួយឡើងវិញស្រាប់តែបាត់កូនខំបើកទ្វារមករកកូនខាងក្រៅបន្ទប់រកមិនឃើញ តែបែរជាមករកឃើញកូនសម្ងំគេងក្រោមគ្រែទាំងទឹកមុខមិនសប្បាយចិត្ត។ ថ្ងៃក្រោយមកយើងសាកល្បងលេងជាមួយកូនម្តងទៀត តែម្តងនេះ ម៉ាណែត មិនយំ មិនរត់ពួនទៀតទេ គឺឡើងជិះឪពុកម្តាយពីលើភួយតែម្តង។ ចាប់ពីពេលនោះហើយដែល ម៉ាណែត បានហៅខ្ញុំថាពុក។
សម្ដេចតេជោបញ្ជាក់ថា សម្ដេច និងភរិយាចិញ្ចឹមកូនចំនួន៥នាក់ មិនដែលមានមេដោះទេ គ្រប់យ៉ាងយើងត្រូវធ្វើខ្លួនឯងដើម្បីកូន។ ដោយសាររឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណមីកំពុងត្រូវបានថត សម្ដេចសង្ឃឹមថាវគ្គនេះអាចបង្កើតបានជាឈុតឆាកមួយចំនួនផងដែរ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


