នយោបាយ
ទូតរុស្ស៊ីនៅកម្ពុជា អំពាវនាវឲ្យមានការផ្សព្វផ្សាយព័ត៌មានដោយតុល្យភាពពីបញ្ហាសង្រ្គាមនៅអ៊ុយក្រែន
លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានស្នើសុំលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាធ្វើយ៉ាងណាឲ្យមានការផ្សព្វផ្សាយព័ត៌មានដោយតុល្យភាពអំពីបញ្ហាសង្រ្គាមរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ លោកឯកអគ្គរដ្ឋទូតរុស្ស៊ី បានស្នើសុំដូច្នេះនៅក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជានាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ។

លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា បានអះអាងប្រាប់«កម្ពុជាថ្មី»នៅរសៀលថ្ងៃពុធនេះថា លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានស្នើសុំឲ្យមានប្រភពព័ត៌មានផ្សព្វផ្សាយពីបញ្ហារុស្ស៊ី និងអ៊ុយក្រែន ឲ្យមានតុល្យភាពជាមួយនឹងប្រភពព័ត៌មានរបស់ស្ថានទូតរុស្ស៊ី។ បើតាមលោក ផុស សុវណ្ណ គឺលោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា គូសបញ្ជាក់ថា ព័ត៌មានខ្លះដែលបានផ្សព្វផ្សាយនៅកម្ពុជា គឺមានភាពលម្អៀង ដោយសារតែមិនមានយកប្រភពពីខាងរុស្ស៊ី។ ដូច្នេះហើយ លោក Anatoly Borovik ថា គួរតែមានប្រភពព័ត៌មានពីស្ថានភាពរុស្ស៊ី ដើម្បីឲ្យការផ្សព្វផ្សាយព័ត៌មានមានតុល្យភាព។

គួរបញ្ជាក់ថា សង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេលជាង១ខែហើយ ដោយបណ្តាលឲ្យមានមនុស្សស្លាប់ និងខូចខាតទ្រព្យសម្បត្តិជាច្រើននៅក្នុងប្រទេសអ៊ុយក្រែន។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានារបស់អាមេរិក និងលោកខាងលិច បានចុះផ្សាយអាក្រក់ៗពីរុស្ស៊ី ជាហូរហែរបន្តកន្ទុយគ្នាអំពីសង្រ្គាមឈ្លានពានរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននេះ។ ប្រភពព័ត៌មានរបស់ពួកគេ គឺភាគច្រើនយកតែពីខាងអ៊ុយក្រែន ដោយមិនសូវមានប្រភពពីខាងរុស្ស៊ីនោះឡើយ។
ចំពោះបញ្ហានេះ នៅក្នុងជំនួបជាមួយលោក ខៀវ កាញារីទ្ធ លោកឯកអគ្គរដ្ឋទូតរុស្សីប្រចាំកម្ពុជា បានអះអាងថា៖ «ពួកលោកខាងលិចមានសិទ្ធិបញ្ចេញមតិ ឯយើងខ្ញុំមានសិទ្ធិនៅស្ងៀម»។ ការអះអាងនេះ ត្រូវបានលោក ខៀវ កាញារីទ្ធ បង្ហាញឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ៕
ដោយ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


