ព័ត៌មានជាតិ
លោក កើត រិទ្ធ ៖ ចៅក្រមគ្រប់រូប គប្បីសាកល្បងជួយសម្របសម្រួល និងផ្សះផ្សារវាងគូភាគី ដើម្បីអាចបញ្ចប់វិវាទ
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ចៅក្រមគ្រប់រូប គប្បីសាកល្បងជួយសម្របសម្រួល និងផ្សះផ្សារវាងគូភាគី ដើម្បីអាចបញ្ចប់វិវាទនៅក្នុងសំណុំរឿងក្តីនានា មុននឹងឈានទៅការសម្រេចសេចក្តី។ ប៉ុន្តែការសម្របសម្រួល និងការផ្សះផ្សានោះ មិនត្រូវយកទៅអនុវត្តចំពោះរឿងក្តីព្រហ្មទណ្ឌឡើយ។

ការលើកឡើង របស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់លោក ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ ជំនួសលោក លាង សួគ៌ ដែលត្រូវបានតែងតាំង ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២។
នៅក្នុងឱកាសនោះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា បច្ចុប្បន្ន ក្រសួងយុត្តិធម៌ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំទាំងក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌច្បាប់ ដើម្បីលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈសន្ធានកម្ម និងការបង្កើតវិជ្ជាជីវៈសន្ធានការី ដើម្បីបំពេញតួនាទី និងភារកិច្ចក្នុងការសម្របសម្រួលដោះស្រាយ ចំពោះវិវាទមួយចំនួនស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន សំដៅកាត់បន្ថយការកកស្ទះសំណុំរឿងនៅ តាមសាលាជម្រះក្តី និងការបង្ខិតយន្តការដោះស្រាយវិវាទ ឲ្យកាន់តែទៅកៀកប្រជាជន ព្រមទាំងពង្រឹងសុខដុមរមនានៅក្នុងសហគមន៍ និងមូលដ្ឋាន។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ចៅក្រមគ្រប់រូប គប្បីសាកល្បងជួយសម្របសម្រួល និងផ្សះផ្សារវាងគូភាគី ដើម្បីអាចបញ្ចប់វិវាទនៅក្នុងសំណុំរឿងក្តីនានា មុននឹងឈានទៅការសម្រេចសេចក្តីតាមរយៈការចេញនូវសាលក្រម ឬសាលដីកា។ ប៉ុន្តែ ការសម្របសម្រួល និងការផ្សះផ្សានេះ មិនត្រូវយកមកអនុវត្តចំពោះរឿងក្តីព្រហ្មទណ្ឌឡើយ។

នៅក្នុងឱកាសដដែលនេះ លោក កើត រិទ្ធ ក៏បានបន្តណែនាំ និងផ្តាំផ្ញើដល់លោក ផូង វណ្ណ ដែលត្រូវចូលកាន់មុខតំណែង ជាប្រធានសាលាដំបូងខេត្តកំពង់ធំនាពេលនេះ ត្រូវប្រកាន់ខ្ជាប់នូវសេចក្តីប្តេជ្ញាចិត្តរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដូចដែលបានធ្វើការប្តេជ្ញាចិត្ត ក្នុងពិធីចូលកាន់មុខតំណែងនេះ។

លោករដ្ឋមន្ត្រី សង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោក ផូង វណ្ណ នឹងបន្តខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ក្នុងការដឹកនាំសាលាដំបូងខេត្តកំពង់ធំឲ្យមានការរីកចម្រើន ព្រមទាំងការបម្រើសេវាយុត្តិធម៌ឲ្យកាន់តែល្អប្រសើរ។ ជាពិសេស ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យបានកាន់តែល្អប្រសើរ ជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដោយផ្អែកតាមតួនាទី និងភារកិច្ចដែលច្បាប់ប្រគល់ឲ្យរៀងៗខ្លួន និងដោយប្រកាន់ឲ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈ ឧត្តមគតិជាតិ និងភាពស្មោះត្រង់ ដើម្បីបម្រើឲ្យវិស័យយុត្តិធម៌ និងបម្រើឲ្យប្រជាជនកម្ពុជា៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


