ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្វាយរៀង ចុះស្រាវជ្រាវរករណ្តៅគ្រាប់ដែលអាមេរិកទម្លាក់ក្នុងទសវត្សរ៍ទី៧០
(ស្វាយរៀង): ក្រុមការងារមន្ទីរព័ត៌មានខេត្តស្វាយរៀង ដឹកនាំដោយលោក កែវ ចន្ទ័លី ប្រធានមន្ទីរព័ត៌មានខេត្ត រួមជាមួយអាជ្ញាធរដែនដីមូលដ្ឋាន និងប្រជាពលរដ្ឋនៅភូមិជាឫស្សីឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី ០៤ ខែ សីហា បានចុះពិនិត្យស្រាវជ្រាវរុករកទីតាំងរណ្ដៅគ្រាប់ធំៗ ដែលយោធាអាមេរិក បានទម្លាក់ក្នុងសម័យសង្រ្គាមក្នុងទសវត្សរ៍ទី៧០ គឺចន្លោះឆ្នាំ ១៩៧០ដល់ឆ្នាំ១៩៧៥។

គោលបំណងនៃការចុះទៅពិនិត្យរុករកស្រាវជ្រាវរណ្តៅគ្រាប់បែកធំៗនេះគឺ ដើម្បីផលិតឯកសាររបស់ក្រសួងព័ត៌មាន ដែលមានចំណងជើងថា «កម្ពុជាមុននឹងមានថ្ងៃនេះ» ដែលជាដំណើរសាច់រឿងពិតជាប្រវត្តិសាស្រ្តប្រទេសកម្ពុជា ធ្លាប់បានឆ្លងកាត់សង្គ្រាមដ៏សែនឈឺចាប់ការខ្ទិចខ្ទាំហេដ្ឋារចនាសម្ព័ន្ធនានា ដោយសារការទម្លាក់គ្រាប់បែកពីលើយន្តហោះយោធាសហរដ្ឋអាមេរិក មកលើប្រទេសកម្ពុជា នៅតាមភូមិសាស្ត្រជាប់ព្រំដែនកម្ពុជា-វៀតណាម។
លោក ម៉ឹង រ៉េន អាយុ៦៥ឆ្នាំ ជាប្រជាពលរដ្ឋមានស្រុកកំណើតនៅភូមិជៀសឫស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រុំ បានឲ្យដឹងថា នៅក្នុងឆ្នាំ១៩៧០ មានសង្គ្រាមកើតឡើងរវាងវៀតណាមខាងជើង (ហៅថា វៀតកុង) ជាមួយវៀតណាមខាងត្បូង (ហៅថា ទាហានធៀវគី) ដែលពេលនោះ ពួកយោធាអាមេរិកបានរួមដៃគ្នាជាមួយទាហានធៀវគី ដើម្បីវាយវៀតណាមខាងជើង។
លោកបន្តថា នៅក្នុងការធ្វើសង្គ្រាមវៀតណាមខាងជើង បានមកជ្រកកោននៅលើភូមិសាស្រ្ត ទឹកដីកម្ពុជា ជាប់ព្រំដែនកម្ពុជា-វៀតណាម។ ចាប់តាំងពីសង្គ្រាមនៅឆ្នាំ ១៩៧០មក យោធាអាមេរិកក៏ចាប់ផ្ដើមទម្លាក់គ្រាប់បែក មានគ្រាប់បូម គ្រាប់B52 ជាច្រើនគ្រាប់មកលើភូមិសាស្រ្តទឹកដី ភូមិជៀឬស្សី នេះធ្វើឱ្យមានការខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ វត្តអារាម និងសាលារៀនជាច្រើនខ្នង។ ចំពោះប្រជាពលរដ្ឋក្នុងតំបន់នេះ បានជន្លៀសទៅនៅទីតាំងភូមិសាស្ត្រផ្សេងៗ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដោយការទម្លាក់យន្តហោះរបស់អាមេរិក។
ចំពោះរឿងនេះ ប្រជាពលរដ្ឋនៅទីនោះក៏បានឲ្យដឹងផងដែរថា រណ្ដៅគ្រាប់នេះក្នុង១រណ្ដៅមា នជម្រៅជាមធ្យម៧ម៉ែត្រ និងអង្កត់ផ្ចិតប្រមាណពី១០ម៉ែត្រ ទៅ២០ម៉ែត្រ។ បច្ចុប្បន្នរណ្ដៅគ្រាប់ទាំងអស់នេះ មួយចំនួនប្រជាជននៅក្នុងតំបន់ បានចាក់ដីលុបជិត និងមួយចំនួនទៀតបានក្លាយជាស្រះចិញ្ចឹមត្រី និងដាំបន្លែផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំគ្រួសាររបស់ពួកគាត់។
នៅក្នុងបេសកម្មរុករកនេះ ក្រុមការងារមន្ទីរព័ត៌មានខេត្តស្វាយរៀង ដឹកនាំដោយលោក កែវ ចន្ទ័លី បានសហការជាមួយប្រជាពលរដ្ឋ រកឃើញរណ្ដៅគ្រាប់បែកធំៗបន្សល់ទុកចំនួន ១០រណ្តៅ។
ក្រៅពីនេះ មានទីតាំងរណ្តៅគ្រាប់បែកជាច្រើនផ្សេងទៀត ដែលមាននៅក្នុងភូមិសាស្រ្តជាប់ព្រំដែនវៀតណាម ដូចជា ស្រុកចន្ទ្រា ស្រុកស្វាយទាប ស្រុកកំពង់រោទ៍ ស្រុករមាសហែក ជាដើម ដែលពួកយោធាអាមេរិក បានទម្លាក់ពីលើយន្តហោះ កាលពីសម័យសង្គ្រាមនោះ៕ ដោយ:ភក្ដី






-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន