ព័ត៌មានជាតិ
ជិត ១ខែ ត្រួតពិនិត្យទីតាំងសង្ស័យលេងល្បែងខុសច្បាប់ជាង ១ម៉ឺនទីតាំង និងបញ្ជូនមនុស្សជាង ២០០នាក់ទៅតុលាការ
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុទ្ធនាការបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ នៅទូទាំងប្រទេស រយៈពេលជិត ១ខែកន្លងមកនេះ សមត្ថកិច្ចបានត្រួតពិនិត្យទីតាំងដែលសង្ស័យជាង ១ម៉ឺនទីតាំង និងបានបញ្ជូនមនុស្សជាង ២០០នាក់ ទៅតុលាការ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ” នាព្រឹកថ្ងៃទី ១៤ ខែតុលានេះថា សមត្ថកិច្ច បានត្រួតពិនិត្យទីតាំងដែលសង្ស័យ លេងល្បែងស៊ីសងខុសច្បាប់ជាង ១ម៉ឺនទីតាំងនៅទូទាំងប្រទេស ដោយអនុវត្តច្បាប់ចំនួន ១២៧ទីតាំងនៅ ១១រាជធានី-ខេត្ត ហើយបញ្ជូនមនុស្សទៅតុលាការចំនួន ២៧៣នាក់។
លោកបានថ្លែងយ៉ាងដូច្នេះថា «យើងគិតពី ១៥ ខែ ៩ ដល់ថ្ងៃ ១៣ម្សិលមិញនេះ យើងបានចុះត្រួតពិនិត្យទីតាំងដែលសង្ស័យចំនួនជាង ១ម៉ឺនទីតាំង លើ ២៥រាជធានី-ខេត្ត ក្នុងនោះ យើងបានអនុវត្តវិធានការច្បាប់លើ ១២៧ទីតាំង លើ ១១រាជធានី-ខេត្ត ហើយយើងប្រមូលភស្ដុតាងបញ្ជូនទៅតុលាការ កសាងសំណុំរឿងទៅតុលាការមនុស្ស ២៧៣នាក់ ក្នុងនោះ មានជនបរទេស ៥៦នាក់ ១១សញ្ជាតិ»។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍បន្តថា ចំពោះទីតាំងផ្សេងទៀត គឺជាទីតាំងដែលសង្ស័យថា មានតម្រុងលេងល្បែងស៊ីសងខុសច្បាប់ប៉ុណ្ណោះ ដោយមិនមានភស្ដុតាងជាក់ស្ដែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការឡើយ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចបានអប់រំណែនាំ និងធ្វើកិច្ចសន្យាថា បើសិនជាមានលេងល្បែងស៊ីសងខុសច្បាប់ នឹងត្រូវអនុវត្តវិធានច្បាប់មិនខានឡើយ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតក្រុមការងារបង្រ្កាប ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ក្រុមការងារនេះ មានលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន។
បន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារខាងលើនេះមក អាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស បានចាប់ផ្ដើមចុះបង្រ្កាបទីតាំង លេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋានរៀងៗខ្លួន ដោយបានរកឃើញទីតាំង លេងល្បែងខុសច្បាប់ជាច្រើនរយទីតាំង ហើយក៏បានឃាត់មនុស្សមួយចំនួន ដើម្បីបន្តនីតិវិធីច្បាប់ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៩ ខែកញ្ញាកន្លងទៅនេះ ក៏បានណែនាំបន្ថែមឲ្យអាជ្ញាធរមានសមត្ថកិច្ច នៅពេលចុះបង្ក្រាបទីតាំងលេងល្បែងខុសច្បាប់ ត្រូវរកឲ្យឃើញនូវមេខ្លោងធំ ពីព្រោះនេះទើបជាគោលដៅពិតប្រាកដ របស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៩ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ