ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តមាតាបិតាបង្រៀនកូនឱ្យចេះអាន សរសេរនិងចេះគិតលេខលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា
លោក បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានលើកទឹកចិត្តដល់មាតាបិតាលោកគ្រូអ្នកគ្រូខិតខំជួយបង្រៀនកូន និងកុមារឱ្យចេះអានចេះសរសេរ និងចេះគិតលេខ ដើម្បីចូលរួមចំណែកក្នុងការលើកម្ពស់គុណភាពអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ថ្លែងក្នុងកម្មវិធីប្រកួតប្រជែងThink Think World cup ថ្នាក់ជាតិ ដែលរៀបចំឡើងដោយក្រសួងអប់រំយុវជន និងកីឡា និងJICA នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC) នៅព្រឹកថ្ងៃទី១៤មករា លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា« ខ្ញុំសូមលើកទឹកចិត្តឱ្យមាតាបិតាលោកគ្រូអ្នគ្រូជួយគាំទ្រដល់កូន និងកុមារកម្ពុជាក្នុងការរៀនអានរៀនសរសេរដើម្បីឱ្យមានមូលដ្ឋានគ្រឹះរឹងមាំពេលឡើងទៅកម្រិតមធ្យមសិក្សាក៏ដូចជាឧត្តមសិក្សាអាចចាប់យកចំណេះដឹងផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបាន»។

ជាមួយគ្នានេះ លោក រដ្ឋមន្ត្រីបានបន្តថា ការបញ្ជួនកូនមកចូលរួមក្នុងការមើលសៀវភៅនិងចំណាយពេលវេលាជួយបង្រៀនកូនឱ្យចេះអានឱ្យចេះសរសេរ ចេះគិតលេខនឹងចូលរួមចំណែកក្នុងការលើកម្ពស់គុណភាពអប់រំហើយការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្នមានសារសំខាន់សម្រាប់ការលើកកម្ពស់ការអប់រំផងដែរ ព្រោះដើម្បីឱ្យវិស័យអប់រំនៅកម្ពុជាមានគុណភាពយើងត្រូវលើកកម្ពស់អំណានក៏ដូចជាការលើកកម្ពស់ការរៀនគណិតវិទ្យានិងការរៀនវិទ្យាសាស្ត្រ។
«ជាការពិតណាស់ដើម្បីលើកកម្ពស់គុណភាពអប់រំគឺយើងត្រូវតែធ្វើការពង្រឹងពីថ្នាក់ក្រោមទៅពីកុមារតូចក៏ដូចជាថ្នាក់បឋមសិក្សាឱ្យពួកគេចេះការអានការរៀនគណិតវិទ្យា។អរគុណដល់មាតាបិតាទាំងអស់ដែលបានខិតខំប្រឹងប្រែងជួយគាំទ្រដើម្បីឱ្យកូនៗរបស់អស់លោកលោកស្រីអាចរៀនពិសេសក្នុងការអានសរសេរនិងការរៀនគណិតវិទ្យាដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរៀនផ្នែកវិទ្យាសាស្ត្រ»។ នេះជាការបន្ថែមរបស់លោក ហង់ ជួនណារ៉ុន។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា«យើងដឹងហើយថា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានរីកចមរើនរុងរឿងទៅបានការពង្រឹងគុណភាពវិស័យអប់រំគឺពិជាមានសារសំខាន់បំផុត»។
ពាក់ព័ន្ធនឹងកម្មវិធីការប្រកួតប្រជែងThink Think World cup ថ្នាក់ជាតិវិញ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា«វាពិតជាមានសារៈសំខាន់ណាស់ក្នុងការរៀនSTEMតាំងពីកុមារភាពនិងអភិវឌ្ឍបំណិនសតវត្សទី២១នៅក្នុងសង្គមដែលផ្លាស់ប្ដូរយ៉ាងឆាប់រហ័សហើយកម្មវិធីThink Think World cupគឺជាឱកាសដ៏ល្អដែលអាចទាក់ទាញចំណាប់អារម្មណ៍សិស្សានុសិស្សឱ្យចាប់អារម្មណ៍លើជំនាញSTEM»។
លោក តានីណៃ អ៊ីជឺតូមុភារៈធារី ស្តីទីស្ថានទួតជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងThink Think World cup ថ្នាក់ជាតិនេះ ជាផ្នែកមួយនៃខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុនដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សកាន់តែច្រើនក្នុងប្រទេសកម្ពុជាឱ្យរៀនជំនាញ STEMរួមមានមុខវិជ្ជា គណិតវិទ្យា វិទ្យាសាស្ត្រវិស្វរកម្មនិងបច្ចេកវិទ្យា តាំងពីវ័យកុមារជាមួយនឹងបច្ចេកវិទ្យាអប់រំពីប្រទេសជប៉ុន។
លោកបានបន្តថា ការប្រកួតនេះមានចូលរួមសិស្សប្រមាណ៤០០០នាក់ ហើយពួកគេបានប្រកួតប្រជែងជំនាញSTEMរបស់ពួកគេជាមួយគ្នានៅលើកម្មវិធី Think Think ដែលJICAនាំយកមកកម្ពុជា។

លោកស្រី ហារ៊ុកុកាមិអិ ប្រធានតំណាងJICAប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា Think Think គឺជាសេវាកម្មអប់រំរបស់ប្រទេសជប៉ុនដ៏លេចធ្លោមួយដែលត្រូវបានទទួលស្គាល់ច្បាស់លាស់សម្រាប់កម្មវិធីបច្ចេកវិទ្យាអប់រំដ៏ល្អឥតខ្ចោះសម្រាប់កុមារនៅប្រទេសជប៉ុននិងនៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា Think Think ជាកម្មវិធីមកពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍជំនាញ STEM និងជំនាញសតវត្សរ៍ទី២១របស់សិស្ស។ វាមានភាពល្បីល្បាញដោយសារការទទួលបានពានរង្វាន់កម្មវិធីអប់រំលេខមួយរបស់ប្រទេសជប៉ុន និងកម្មវិធីល្អបំផុតរបស់ google សម្រាប់កុមារ។ កម្មវិធីនេះ មានអ្នកប្រើប្រាស់ជាង២សែននាក់នៅទូទាំងពិភពលោក៕ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


