ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជំរុញវិនិយោគិនទុកចិត្តលើកម្ពុជា ពង្រឹងសក្តានុពលដើម្បីទាញយកឱកាសអាជីវកម្ម និងវិនិយោគដ៏សម្បូរបែប
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជំរុញដល់វិនិយោគិនបន្តជឿទុកចិត្តលើកម្ពុជា និងបន្តពង្រឹងសក្តានុពលដើម្បីទាញយកផលប្រយោជន៍ពីបរិយាកាសប្រកបដោយភាពអនុគ្រោះសម្រាប់ឱកាសអាជីវកម្ម និងការវិនិយោគដ៏សម្បូរបែប។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា រាជរដ្ឋាភិបាលប្រៀបបានទៅនឹងមាតាបិតា ដែលតែងខិតខំបង្កលក្ខណៈគ្រប់យ៉ាង ដើម្បីឱ្យកូនៗមានគ្រួសារកក់ក្តៅ និងសុខដុមរមនា ព្រមជាមួយនឹងឱកាសចម្រុងចម្រើនផ្នែកជីវភាព។ ក្នុងទិសដៅនេះ, រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ, យុទ្ធសាស្ត្រ និងភាពប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន តែងបានគិតគូរយកចិត្តទុកដាក់ដល់កម្មករ-និយោជិត និងនិយោជកទាំងអស់ តាមរយៈការធានានូវបរិស្ថានអំណោយផលនៃសុខសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច ព្រមទាំងការផ្តល់នូវការគាំទ្រលើកទឹកចិត្តដល់វិស័យឯកជនតាមគ្រប់លទ្ធភាព ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវវឌ្ឍនភាពកាន់តែប្រសើរជូនសង្គមជាតិ និងការបង្កើតឱកាសការងារល្អៗកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែក នៃរោងចក្រ-សហគ្រាស នៅសាលមហោស្រពកោះពេជ្រ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសជួបសំណេះសំណាលនេះដែរ ឯឧត្តមបណ្ឌិត បានថ្លែងកោតសរសើរបងប្អូនជាប្រធានរដ្ឋបាល និងប្រធានផ្នែក នៅតាមបណ្តារោងចក្រ-សហគ្រាសក្នុងរាជធានីភ្នំពេញ ចំពោះការខិតខំបំពេញតួនាទី និងភារកិច្ច នៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រោងចក្រ-សហគ្រាស និងចំពោះការរួមចំណែកក្នុងការធានាបាននូវនិរន្តរភាពនៃផលិតកម្ម និងអាជីវកម្មរបស់រោងចក្រ-សហគ្រាស ព្រមទាំងភាពសុខដុមរមនារវាងកម្មករ-និយោជិត និងនិយោជក ក្នុងរយៈកាលកន្លងមក ជាពិសេសការរួមចំណែកក្នុងការថែរក្សាលំនឹងស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលគ្រោះអាសន្ននៃវិបត្តិកូវីដ-១៩ ដែលពិតជាបានបង្ហាញអំពីជំនឿទុកចិត្តលើការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។

ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ប្រធានរដ្ឋបាល និងប្រធានផ្នែក គឺជាជនបង្គោល និងជាស្ពានក្នុងការផ្សារភ្ជាប់ទៅនឹងកម្មករ-និយោជិត ដើម្បីជំរុញការអនុវត្ត និងផ្សព្វផ្សាយអំពីគោលនយោបាយ និងសមិទ្ធផលក្នុងវិស័យការងារ ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ដោះស្រាយជូនកម្មករ-និយោជិត សំដៅធានាបាននូវការលើកកម្ពស់ផ្នែកជីវភាព, សុខុមាលភាព និងនិរន្តរភាពអាជីពការងាររបស់កម្មករ-និយោជិត។ មួយវិញទៀត ប្រធានរដ្ឋបាល និងប្រធានផ្នែក ក៏ជាដៃគូសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយនឹងអាជ្ញាធរ-សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនូវកាតព្វកិច្ចនានា ដែលមានចែងក្នុងច្បាប់ និងបទដ្ឋានគតិយុត្តនានាក្នុងវិស័យការងារ បម្រើឱ្យការការពារផលប្រយោជន៍ដោយស្មើភាពចំពោះមុខច្បាប់សម្រាប់កម្មករ-និយោជិត, និយោជក និងគ្រប់ភាគីពាក់ព័ន្ធ៕






-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


