ព័ត៌មានជាតិ
បណ្ឌិត ហ៊ុន ម៉ាណែត៖ ភាពជោគជ័យគណបក្សប្រជាជនកម្ពុជា ដោយសារការខំបម្រើប្រជាពលទ្វេដង
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺដោយសារការខិតខំប្រឹងប្រែងបម្រើប្រជាពលទ្វេដង ជាពិសេសការកំណត់យកសុខទុក្ខរបស់ប្រជាជនជាអាទិភាព តាមរយៈការរៀបចំគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, មន្ទីរពេទ្យ, វត្តអារាម, សាលារៀន និងខិតខំជួយប្រជាជនក្នុងគ្រាលំបាកដោយមិនទុកប្រជាជនណាម្នាក់ចោលនោះទេ។

ការថ្លែងនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ។

បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ក្រៅពីនេះ ក៏មានការរៀបចំគោលនយោបាយជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត តាមរយៈការផ្តល់នូវរបបសន្តិសុខសង្គម និងកិច្ចអន្តរាគមន៍ជួយសង្គ្រោះផ្សេងៗបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក៏ដូចជាការខិតខំពង្រឹងសមត្ថភាពក្នុងការលើកកម្ពស់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែលឿនរហ័ស និងជាទីពេញចិត្តសម្រាប់ប្រជាជន។

បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា អាចបន្តសម្រេចសមិទ្ធផលជូនជាតិ និងប្រជាជន គឺអាស្រ័យដោយគោលនយោបាយរបស់គណបក្ស ពីព្រោះគោលនយោបាយរបស់គណបក្ស នឹងក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅពេលឈ្នះការបោះឆ្នោត។ ដោយគោលនយោបាយត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ទើបប្រទេសជាតិយើងមានការរីកចម្រើនដល់បច្បុប្បន្ន ហើយគណបក្សក៏នឹងបន្តរៀបចំ និងអនុវត្តនូវនយោបាយដែលត្រឹមត្រូវបន្តទៅមុខទៀត។ គោលនយោបាយល្អ ក៏មិនអាចជោគជ័យទាំងស្រុងនោះដែរ គឺត្រូវទាមទារឱ្យមានប្រតិបត្តិករដ៏ស្មោះត្រង់ និងមានសមត្ថភាព ទើបអាចទទួលជោគជ័យ។

ក្នុងន័យនេះ យុវជនគឺជាកម្លាំងប្រតិបត្តិករយ៉ាងសំខាន់ចំពោះការចូលរួមដោយផ្ទាល់ក្នុងការបម្រើប្រទេសជាតិ តាមរយៈការចូលរួមជីវភាពនយោបាយក្នុងនាមជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះ យើងត្រូវបន្តរួមសាមគ្គីគ្នាឱ្យបានរឹងមាំ និងអនុវត្តគ្រប់ភារកិច្ចតាមឋានានុក្រមពីលើដល់ក្រោម ក្នុងការងារបម្រើប្រជាជន ហើយត្រូវលុបបំបាត់នូវរាល់សកម្មភាពអវិជ្ជមានដែលអាចបង្កការថ្នាំងថ្នាក់ដល់ប្រជាជន ដើម្បីធ្វើយ៉ាងណាធានាការពាររាល់ផលប្រយោជន៍របស់ប្រជាជនក្នុងគ្រប់កាលៈទេសៈ។

ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា ជោគជ័យរបស់ គណបក្សប្រជាជនកម្ពុជា ជាពិសេសសមិទ្ធផលរបស់សង្គមជាតិដែលយើងកំពុងមានសព្វថ្ងៃ អាចនឹងរលាយបាត់បង់យ៉ាងងាយបំផុត ប្រសិនបើកម្លាំងយុវជនដែលជាចលករយ៉ាងមុតស្រួច និងមានបរិមាណដ៏ច្រើនក្នុងសង្គមប្រជាធិបតេយ្យ មានភាពមិនច្បាស់លាស់ ហើយធ្វើការសម្រេចចិត្តខុសឆ្គង ដោយចូលរួមធ្វើសកម្មភាពប្រាសចាកពីគោលការណ៍ច្បាប់ ដែលបង្កជាចលាចលប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងដំណើរការនៃការអភិវឌ្ឍជាតិ។

ដូច្នេះ ក្នុងនាមជាយុវជនដែលជាកម្លាំងស្នូលពោរពេញដោយថាមភាព និងសក្តានុពលសម្រាប់បន្តវេន ជាពិសេសក្នុងនាមជាសកម្មជនបក្សដែលទទួលបានទំនុកចិត្តពីបក្ស យើងត្រូវប្តេជ្ញាបន្តថែរក្សាសមិទ្ធផលសព្វថ្ងៃឱ្យបានគង់វង្សសម្រាប់អ្នកជំនាន់ក្រោយៗទៀត ហើយចំពោះមុខនេះ គឺការចូលរួមការពារប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាបានថា គោលនយោបាយជាយុទ្ធសាស្ត្រក្នុងការពារសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ គឺនឹងត្រូវបានអនុវត្តបន្តទៅមុខ ជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនយើង៕
អត្ថបទ៖ រស្មី

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


