Connect with us

ព័ត៌មានជាតិ

កម្ពុជា-អាមេរិកប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគ

បានផុស

នៅ

កម្ពុជា និងសហរដ្ឋអាមេរិកបានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគទុនឱ្យកាន់តែប្រសើរថែមទៀត។

ការប្តេជ្ញានេះបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ខណៈដែលលោក ផាទ្រីក មូរហ្វី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាចូលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅទីស្ដីការក្រសួងការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផាទ្រីក មូរហ្វី បានមានប្រសាសន៍ថា ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារសេរីភាពអង្គការវិជ្ជាជីវ: សិទ្ធការងារ និងការផ្តល់នូវកិច្ចគាំពារសង្គមតាមរយ:កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាកត្តាទាក់ទាញ​វិនិយោគទុន និងការបញ្ជាទិញទំនិញពីកម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក បើទោះជានៅមានកង្វល់ និងបញ្ហាសេសសល់ខ្លះដែលភាគីទាំងពីរកំពុងរួមគ្នាក្នុងការស្វែងរកដំណោះស្រាយក៏ដោយ។

ជាមួយគ្នានេះលោកឯកអគ្គរដ្ឋទូតក៏បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រី អ៊ិត សំហេង
ដែលបានលើកឡើងពីវឌ្ឍនភាពរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC) ដែលជំរុញឱ្យការបញ្ជាទិញពីទីផ្សារសហរដ្ឋអាមេរិកកាន់តែមានកំណើនទាំងបរិមាណផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង ទំហំពាណិជ្ជ​កម្ម និងបន្ថែមនូវការនាំចេញផលិតផលកាបូប និងសម្ភារធ្វើដំណើរទៀតផង។ទន្ទឹមនឹងនេះកម្ពុជាបានខិតខំទាញបាន​ផលប្រយោជន៍ពីពាណិជ្ជកម្មកម្ពុជា-អាមេរិកបានចំណាត់ថ្នាក់ជាប្រទេសទី៤ ដែលនាំចេញទៅទីផ្សារអាមេរិក និងជាប្រទេសចំណាត់ថ្នាក់ទី៣ ដែលទទួលអត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម(GSP) ពីសហរដ្ឋអាមេរិក។

នៅក្នុងជំនួបនោះផងដែរ ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការសំដៅពង្រឹងពង្រីកទំនាក់ទំនង​កម្ពុជា-អាមេរិកឱ្យកាន់តែមានលក្ខណ:គ្រប់ជ្រុងជ្រោយដើម្បីបង្កើនវិនិយោគទុនរបស់ខ្លួននៅកម្ពុជាក្នុងវិស័យជាច្រើនទៀត។ ភាគីទាំងពីរបានពិភាក្សាលើអនុសាសន៍មួយចំនួន ដូចជាករណីពលកម្មកុមារ អំពើជួញដូរមនុស្សការធ្វើអធិការកិច្ចទីភ្នាក់ងារបញ្ជូនពលករ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករការធានានិរន្តរភាពនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការបន្តធ្វើឱ្យប្រសើរឡើងនូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវ: និងបន្តអនុលោមភាពស្របតាមបទដ្ឋានការងារអន្តរជាតិដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន។

លើសពីនេះ ភាគីអាមេរិកនឹងផ្តល់កិច្ចសហប្រតិបត្តិការជាច្រើនទៀតពិសេសលើវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:
ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម