ព័ត៌មានជាតិ
សម្ដេច ស ខេង សរសើរថ្នាក់ដឹកនាំ អាជ្ញាធរ កងកម្លាំង ដែលខិតខំបំពេញការងារ ញ៉ាំងឲ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន គ្មានហិង្សា
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ញ៉ាំងឲ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភា ប្រព្រឹត្តទៅដោយរលូន គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ នេះថា ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ សមាជិក អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ញ៉ាំងឲ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភា ប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់ ល្អប្រសើរ សុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។

សម្ដេចក្រឡាហោម សរសេរទៀតថា ជោគជ័យដ៏ត្រចះត្រចង់ប្រកបដោយអត្ថន័យនេះ បាននាំមកនូវមោទនភាព និងកិត្យានុភាពថ្មី ជូនជាតិមាតុភូមិយើង ជាពិសេសបង្កើតនូវប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា នៅក្នុងដំណើរការរៀបចំព្រឹត្តិការណ៍ជាតិរបស់ខ្លួន ដែលពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ឆ្លុះបញ្ចាំងកាន់តែច្បាស់ពីភាពចាស់ទុំ និងបទពិសោធន៍ ប្រកបដោយភាពជាម្ចាស់របស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់។

សម្ដេច ស ខេង សរសេរបន្ថែមថា លទ្ធផលដែលសម្រេចបានយ៉ាងត្រចះត្រចង់នេះ មិនត្រឹមតែជាជោគជ័យថ្មីមួយទៀតក្នុងវិស័យសន្តិសុខសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែជោគជ័យនេះបានរួមចំណែក យ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងក្របខណ្ឌ នៃការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានសរសេរទៀតថា បរិយាកាសប្រកបដោយភាពអំណោយផល និងមានតម្លៃនេះ បានបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋយើងគ្រប់និន្នាការនយោបាយ បានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករប្រមាណ ៨៤.៥៨% ក្នុងចំណោមអ្នកដែលបានចុះឈ្មោះបោះឆ្នោតសរុបទូទាំងប្រទេស។ ប្រជាជនគ្រប់ច្រកល្ហក បានអនុវត្តយ៉ាងពេញលេញនូវសិទ្ធិស្វ័យសម្រេចរបស់ខ្លួន ក្នុងនាមជាពលរដ្ឋល្អ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែង និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ជាចុងក្រោយ សម្ដេចក្រឡាហោម បានជូនពរថ្នាក់ដឹកនាំ សមាជិក និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ ដើម្បីបន្តរួមចំណែកបង្កើតស្នាដៃ និង សមិទ្ធផលថ្មីៗ បន្ថែមទៀត ជូនជាតិមាតុភូមិ៕
អត្ថបទ ៖ ពិសី
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


