ព័ត៌មានជាតិ
សម្ដេច ស ខេង ៖ អត្រាសន្លឹកឆ្នោតមិនបានការ ដែល គ.ជ.ប ប្រកាស ជាង ៤ សែនសន្លឹក មិនមែនសុទ្ធតែគូសខ្វែងទេ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង គូសបញ្ជាក់ថា អត្រាសន្លឹកឆ្នោតមិនបានការ ដែល គ.ជ.ប ប្រកាសមានជាង ៤ សែនសន្លឹក ចំណោមសន្លឹកឆ្នោតជាង ៨ លានសន្លឹក គឺ សន្លឹកឆ្នោតនោះ មិនមែនសុទ្ធតែជាសន្លឹកឆ្នោតគូសខ្វែងទេ។

ការគូសបញ្ជាក់នេះ ខណៈដែល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ២ ខ្នង មាន ១១ បន្ទប់ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាបាយដំរាំ ស្ថិតនៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣ នេះ។

សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា «អត្រាសន្លឹកឆ្នោតមិនបានការ ដែល គ.ជ.ប ប្រកាសថា មានជាង ៤ សែនសន្លឹក ក្នុងចំណោមសន្លឹកឆ្នោតជាង ៨ លានសន្លឹក គឺ សន្លឹកឆ្នោតនោះ មិនមែនសុទ្ធតែជាសន្លឹកឆ្នោតគូសខ្វែងទេ ដ្បិតមានហេតុផលផ្សេងៗ ដូចដែលកើតមានរៀងរាល់ការបោះឆ្នោតកន្លងមក ពិសេសកង្វះការយល់ដឹងអំពីការបោះឆ្នោតរបស់ពលរដ្ឋមួយចំនួន»។

សម្ដេច ស ខេង សង្កត់ធ្ងន់ថា «សម្រាប់ពលរដ្ឋដែលទៅបោះឆ្នោតនឹងគេដែរ ប៉ុន្តែបានគូសខ្វែងសន្លឹកឆ្នោតចោលនោះ មិនមានការយកទោសពៃរ៍អ្វីទេ»។ បើតាម សម្ដេច ស ខេង ការបោះឆ្នោតកន្លងទៅនេះ និងការបោះឆ្នោតជាទូទៅ បើពលរដ្ឋមិនទៅបោះឆ្នោត ដោយសារមិនពេញចិត្ត ឬ មិនសប្បាយចិត្តនឹងការបោះឆ្នោត ក៏គ្មានទោសពៃរ៍អ្វីនោះដែរ។ សម្ដេច បន្ថែមថា អត្រាអ្នកចេញទៅបោះឆ្នោត និងបោះឆ្នោតបានត្រឹមត្រូវ គឺមានចំនួនច្រើន។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានប្រើប្រាស់សិទ្ធិសម្ដែងនូវឆន្ទៈក្នុងនាមជាពលរដ្ឋល្អចូលរួមទៅបោះឆ្នោតរហូតដល់ ៨៤,៥៨% ធៀបទៅនឹងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុបចំនួន ៩.៧១០.៦៥៥ នាក់។
សម្ដេច ស ខេង បានចាត់ទុកភាពជោគជ័យដ៏ត្រចះត្រចង់នេះថា ពិតជាមិនអាចកាត់ផ្ដាច់បានពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៃរដ្ឋសភា ប្រព្រឹត្តទៅដោយរលូន ស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានភាពភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ជូនចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងសប្បុរសជនទាំងអស់ ដែលបរិច្ចាគនូវធនធានជាច្រើន និងលះបង់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យអប់រំ និងវិស័យផ្សេងៗ ជាច្រើនទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានស្រុកបាណន់។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានបន្ថែមថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រក្សាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទនភាព បើទោះបីជាត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើនក៏ដោយ។
សម្ដេចក្រឡាហោម អះអាងថា កម្ពុជា រាជរដ្ឋាភិបាល បានធ្វើឲ្យកិត្យានុភាព កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ជាតិលើឆាកអន្តរជាតិ កាន់តែលើកកម្ពស់ និងទទួលស្គាល់ពីបណ្ដាប្រទេសនៅលើសកលលោក ពិសេសការអនុវត្តតួនាទីជាប្រធានដឹកនាំសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាប្រកបដោយជោគជ័យ ការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ និងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដោយជោគជ័យ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


