ព័ត៌មានជាតិ
អាជ្ញាធរអប្សរា ទទួលស្គាល់មានការលួចកាប់ឈើនៅតំបន់អង្គរ ប៉ុន្តែមិនមែនទ្រង់ទ្រាយធំ
នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ មានការចែករំលែក (Share) បន្តគ្នាតាមបណ្ដាញសង្គមជាច្រើន ពីករណី ដើមគ្រញូងមួយដើម នៅភូមិមណ្ឌុល៣ ជាប់ផ្លូវក្រវ៉ាត់ឧទ្យានអង្គរ ត្រូវគេលួចកាប់យកទៅបាត់ដោយសុវត្តិភាព។ ម្ចាស់គណនីហ្វេសប៊ុក បញ្ជាក់ថា ដើមឈរគ្រញូងទាំងនោះ គ្រប់គ្រងដោយ អាជ្ញាធរជាតិអប្សរា ហើយជុំវិញការលួចកាត់ដើមគ្រញូងនេះ ពុំទាន់ឃើញស្ថាប័នអាជ្ញាធរជាតិអប្សរា ចេញសេចក្ដីបំភ្លឺនៅឡើយ។ គេក៏មិនដឹងថា នោះជារូបភាពចាស់ ឬរូបភាពថ្មី ដែលយកមកបង្ហោះឡើងវិញដែរ។

លោក ឡុង កុសល អគ្គនាយរងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” មុននេះថា ពិតជាមានករណីកាប់គ្រញូងនៅតំបន់អង្គរ ដែលបានកើតឡើងពីម្សិលមិញ នៅពេលយប់ ដោយសមត្ថកិច្ចមិនបានដឹង។ ក្នុងតំបន់រមណីដ្ឋានអង្គរ ការបាត់បង់ដើមឈើ ១ ២ នេះ គឺមានមែន ប៉ុន្តែមិនមែនបាត់បង់រាល់ថ្ងៃ ឬរាល់ខែអីដែរ គឺយូរៗមានបាត់បង់ម្ដង។

លោក ឡុង កុសល បញ្ជាក់ថា៖ “ជាទូទៅការគ្រប់គ្រងផ្នែកបរិស្ថានព្រៃឈើនៅតំបន់រមណីដ្ឋានអង្គរ មាន ៤សមាសភាព។ ដោយសារតែតំបន់រមណីដ្ឋានអង្គរស្ថិតក្នុងតំបន់ការពារបេតិកភណ្ឌពិភពលោក គឺទី១ ត្រូវអាជ្ញាធរជាតិអប្សរាគ្រប់គ្រង ទី២ សមត្ថកិច្ចពីខាងមន្ត្រីបរិស្ថានដែលទទួលបន្ទុកទេសភាពអង្គរ ទី៣ មាននគរបាលការពារបេតិកភណ្ឌដែលទទួលបន្ទុកកិច្ចការងារក្នុងតំបន់ទាំងមូលនៅពេលយប់ ហើយទី៤ មានអាជ្ញាធរមូលដ្ឋានផ្ទាល់”។

លោក ឡុង កុសល មានប្រសាសន៍បន្ថែមថា ចំពោះវិធានការ កន្លងមកសមាសភាពទាំងអស់តែងជួបប្រជុំ ជជែកពិភាក្សាជាមួយភាគីពាក់ព័ន្ធ ហើយកន្លងមកក្រុមការងារចម្រុះបានចុះធ្វើល្បាតផងដែរ ប៉ុន្តែមិនដែលជួបប្រទះសកម្មភាពកាប់ព្រៃឈើនោះទេ។

លោក ឡុង កុសល មានប្រសាសន៍បន្ថែមថា៖ “សូមបញ្ជាក់ថា ការលួចកាប់ឈើក្រញូងក្នុងរមណីដ្ឋានអង្គរនេះ មិនមែនស្ថិតក្នុងទ្រង់ទ្រាយធំ កាប់បំផ្លាញដោយឈ្មួញទុច្ចរិត ឬអ្វីច្រើននោះទេ។ ខ្ញុំអាចចាត់ទុក ការកាប់នេះ ជាការកាប់របស់ជនខិលខូចមួយចំនួន ឬគេត្រូវការឈើប្រើប្រាស់អីជាដើមដែលយើងមិនដឹង។ ប៉ុន្តែបើយើងនិយាយពីបរិមាណដែលដើមក្រញូងបាត់បង់ គឺតិចតួចណាស់ អាចមាន ១ដើម ២ដើម ហើយដើមឈើក៏មិនមែនជាដើមឈើធំៗដែរ គឺដើមឈើមុខកាត់ប្រហែល ៣-៤តឹក វាស់ទាំងមុខកាត់ដើមទាំងមូល មិនមែនសាច់ខ្លឹមនោះទេ ជាអ្នកលួចកាប់កំប៉ិកកំប៉ុក”។

អគ្គនាយរងអាជ្ញាធរជាតិអប្សរា រូបនេះ មានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋមានលំនៅឋាននៅជិតនោះ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការទប់ស្កាត់ការបាត់បង់ព្រៃឈើធម្មជាតិរបស់យើង។ កន្លងមក មិនមែនមានតែ ដើមក្រញូងទេដែលមានការលួចកាប់ ការទន្ទ្រានដីព្រៃឈើក៏មានដែរ។ លោកសូមសំណូមពរសូមទាំងអស់គ្នាចូលរួមគោរពច្បាប់ ជាពិសេសចៀសវាងការប៉ះពាល់ទៅលើបរិស្ថានធម្មជាតិព្រៃឈើ ព្រោះជាសម្បត្តិរបស់យើងគ្រប់គ្នា មិនមែនរបស់អ្នកណាម្នាក់ទេ ត្រូវខិតខំការពារព្រៃឈើទាំងអស់គ្នា។

លោក ឡុង កុសល បញ្ជាក់ថា នៅក្នុងតំបន់អង្គរកន្លងមក អាជ្ញាធរអប្សរា ខំដាំដើមឈើរាប់សិបម៉ឺនដើម ក្នុងមួយឆ្នាំៗ ជាក់ស្ដែងរយៈពេលពីឆ្នាំ២០០៤ មកដល់បច្ចុប្បន្ន បានដាំឈើជាង ២លានដើម ក្នុងនោះមានដើមឈើប្រណីតដូចជា គ្រញូង បេង នាងនួន ធ្នង់ ដើមឈើប្រណីត និងដើមឈើត្រូវការប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


