ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តគណៈគ្រប់គ្រងគ្រឹះស្ថានពហុសិក្សាសម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ បន្តខិតខំប្រឹងប្រែងបន្តទៀត
សម្តេចតេជោ ហ៊ុន សែន បានទទួលជួបលោកស្រី អេវ៉ា មីស្លីវីក នាយិកាប្រតិបត្តិ និងលោក មហាម៉ាត់ ឌៀររ៉ា នាយកគ្រប់គ្រងថ្មីនៃគ្រឹះស្ថានពហុសិក្សាសម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ នាព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣នេះ ដើម្បីពិនិត្យលើស្ថានការណ៍ និងសមិទ្ធផល ព្រមទាំងចក្ខុវិស័យនៃគ្រឹះស្ថានពហុសិក្សានេះ នៅពេលអនាគត។

នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការគ្រប់គ្រងដ៏ល្អរបស់គ្រឹះស្ថាន ដែលមានលទ្ធភាពរ៉ាប់រងលើការចំណាយដំណើរការទាំងអស់របស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៨មក ដោយសារចំណូលនៃការបង់ថ្លៃសិក្សា និងសមិទ្ធផលសម្រេចបានដែលស្ថិតនៅក្នុងចំណោមសាលាល្បីៗកំពូលទាំង ៥ នៅទូទាំងប្រទេសម៉ាលី។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់ការលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា បន្តខិតខំប្រឹងប្រែងធានានិរន្តរភាពរបស់សាលាបន្តទៅទៀត។ ជាមួយគ្នានេះដែរ សម្រាប់ការអភិវឌ្ឍន៍នៃគ្រឹះស្ថានពហុសិក្សានាពេលខាងមុខ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់អាហារូបករណ៍ចំនួន ៧០កន្លែង ដល់គណៈគ្រប់គ្រងគ្រឹះស្ថាន សម្រាប់រយៈពេល ១០ឆ្នាំ (២០២៣-២០៣៣)។ ក្នុងនោះ ៤០កន្លែង សម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សា និង ៣០កន្លែង សម្រាប់កម្រិតមធ្យមសិក្សា។

ជាកិច្ចឆ្លើយតប លោកស្រី អេវ៉ា មីស្លីវីក និងលោក មហាម៉ាត់ ឌៀររ៉ា បានថ្លែងការដឹងគុណដ៏ជ្រាលជ្រៅ ក្នុងនាមកុមារម៉ាលីទាំងអស់នៃគ្រឹះស្ថានពហុសិក្សា ចំពោះអំណោយ និងកាយវិការដ៏វិសេសថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដល់វិស័យសិក្សាធិការនៃប្រទេសម៉ាលី។

សូមជម្រាបថា គ្រឹះស្ថានពហុសិក្សាសម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៣ ក្រោមជំនួយឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន និងអ្នកស្រី អេវ៉ា មីស្លីវិក និងដៃគូជនជាតិម៉ាលីមួយរូបទៀត នៅក្នុងក្របខណ្ឌនៃការពង្រឹងនូវសាមគ្គីភាព រវាងប្រទេសទាំងពីរ នៅក្នុងក្រុមគ្រួសារហ្វ្រង់កូហ្វូន និងក្របខ័ណ្ឌនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយនិងកិច្ចសហប្រតិបត្តិការភាពជាដៃគូត្បូង-ត្បូង៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត


