ព័ត៌មានជាតិ
សម្ដេចតេជោ រំពឹងថា ចំណងមិត្តភាពកម្ពុជា-វៀតណាម នឹងកាន់តែរឹងមាំ ខណៈលោក តូ ឡឹម ក្លាយជាប្រធានរដ្ឋវៀតណាម
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម ក្រសោបបានតំណែងកំពូលថ្មីមួយបន្ថែមទៀត នោះគឺតំណែងជាប្រធានរដ្ឋវៀតណាម។ តំណែងប្រធានរដ្ឋវៀតណាមរបស់លោក តូ ឡឹម ទទួលបានការអបអរសាទរពីប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេច រំពឹងថា ក្រោមការដឹកនាំរបស់លោក តូ ឡឹម ទំនាក់ទំនងដ៏យូរលង់រវាងកម្ពុជា និងវៀតណាម នឹងត្រូវបានរឹតចំណងកាន់តែរឹងមាំ និងស៊ីជម្រៅ។

សភាវៀតណាម នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានអនុម័តជ្រើសតាំងលោក តូ ឡឹម ឱ្យកាន់តំណែងជាប្រធានរដ្ឋ សម្រាប់អាណត្តិ២០២៦-២០៣១ ក្នុងសំឡេងគាំទ្រ១០០ភាគរយពីសមាជិកសភាដែលបានចូលរួមក្នុងសម័យប្រជុំពេញអង្គរបស់សភាវៀតណាម នីតិកាលទី១៦។ ជាការកត់សម្គាល់ នេះគឺជាការវិលមកកាន់តំណែងចាស់វិញរបស់លោក តូ ឡឹម ពោលគឺលោកធ្លាប់បានកាន់តំណែងនេះមួយរយៈពេលខ្លីកាលពីឆ្នាំ២០២៤ ហើយសម្រាប់ពេលនេះ គឺជាលើកទីពីរ ដែលលោក តូ ឡឹម កាន់តំណែងកំពូលទាំងពីរក្នុងពេលតែមួយជាថ្មីម្ដងទៀត។

ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងនេះ ប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរលោក តូ ឡឹម ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ។ សម្ដេចតេជោ តាមរយៈសារលិខិតផ្ញើជូនលោក តូ ឡឹម នៅថ្ងៃអង្គារនេះ បានចាត់ទុកការបោះឆ្នោតជ្រើសរើសនេះ ថា បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជាអ្នកដឹកនាំដ៏ល្អពិសេស និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់លោក តូ ឡឹម ចំពោះការអភិវឌ្ឍដ៏ឆាប់រហ័ស និងវិបុលភាពកាន់តែធំធេងរបស់វៀតណាម។
លិខិតរបស់សម្ដេចតេជោ ក៏បានគូសរំលេចអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលសម្ដេច បានសង្កត់ធ្ងន់ថា ចំណងមិត្តភាពនេះត្រូវបានកសាងឡើងលើគ្រឹះដ៏រឹងមាំនៃសាមគ្គីភាព ការជឿជាក់ ការយោគយល់គ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

ក្នុងន័យនេះ សម្ដេចតេជោ បានបង្ហាញក្ដីជឿជាក់ថា ក្រោមការដឹកនាំរបស់លោក តូ ឡឹម ទំនាក់ទំនងទ្វេភាគីរបស់កម្ពុជា និងវៀតណាម នឹងត្រូវពង្រឹង និងអភិវឌ្ឍឈានដល់កម្រិតកាន់តែខ្ពស់។ សម្ដេចក៏បានបញ្ជាក់ជាថ្មីទៅកាន់លោក តូ ឡឹម ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្ដេចក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ធ្វើយ៉ាងណាធានាបាននូវឧត្តមប្រយោជន៍របស់ប្រជាជនទាំងពីរ និងដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


