ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន សម្រេចប្រើប្រាស់ Facebook ឡើងវិញ បន្ទាប់ពីទទួលយុត្តិធម៌
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានប្រកាសប្រើប្រាស់បណ្តាញសង្គម Facebook ឡើងវិញ បន្ទាប់ពីក្រុមហ៊ុននេះ បានផ្តល់យុត្តិធម៌ជូនសម្តេច។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះលើបណ្ដាញសង្គមថា៖ “បងប្អូនជនរួមជាតិជាទីស្រឡាញ់! ខ្ញុំសម្រេចមកប្រើប្រាស់Facebook វិញគួបផ្សំជាមួយ Twitter, YouTube, TikTok, Telegram, Instagram, បន្ទាប់ពីក្រុមហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូច និងផ្តល់យុត្តិធម៌សម្រាប់រូបខ្ញុំ”។

ជាមួយនឹងការប្រើប្រាស់ឡើងវិញនេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រុមហ៊ុន Facebook នឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៌មិនងងឹតងងុល ដូចក្រុមមនុស្សខូចដែលជាមនុស្សមិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។ សម្តេចក៏សង្ឃឹមដែរថា ក្រុមហ៊ុន Facebook នឹងទទួលបានប្រាក់ចំណេញលើស ២០០លានដុល្លារ ក្នុងមួយឆ្នាំនៅកម្ពុជា ឯរាជរដ្ឋាភិបាលទទួលបាន ១០ភាគរយ ដែលមានទឹកប្រាក់លើស ២០លានដុល្លារ ក្នុងមួយឆ្នាំ (តួលេខផ្នែកពន្ធដារ)។

សម្តេចបានបញ្ជាក់បន្ថែមថា៖ “ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍បានចេញសេចក្តីប្រកាសទទួលយកតំណាងក្រុមហ៊ុន Facebook ឱ្យចូលមកធ្វើការនៅកម្ពុជាវិញ តែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ។ ការសម្រេចប្រើ ឬមិនប្រើ Facebook គឺជាសិទ្ធិផ្តាច់មុខរបស់ខ្ញុំ (only one Hun Sen)។ ចាប់ពីពេលនេះទៅបងប្អូនអាចរកខ្ញុំឃើញ នៅគ្រប់បណ្តាញសង្គម តែភាគច្រើនខ្ញុំនៅជាមួយ TikTok និង Telegram”។

សម្តេចតេជោ បានអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូន ដែលប្រើឈ្មោះសម្តេចបង្កើត Facebook, TikTok ក្លែងក្លាយ សូមលុបចោលជាបន្ទាន់ ដើម្បីចៀសវាងការភ័យច្រឡំ។

គួររម្លឹកថា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសឈប់ប្រើ និងលេង Facebook ជាស្ថាពរ ដែលមានអ្នកចូលរួមជាង ១៤លាននាក់ និងស្នើឱ្យក្រុមហ៊ុន Facebook លុបចោលឈ្មោះសម្តេចចេញពីបញ្ជីក្រុមហ៊ុន Facebook ទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងឆាណែល Telegram ថា ដោយសាររយៈពេលកន្លងមកមានការ ក្លែងបន្លំគណនីហ្វេកបុក (Facebook) របស់សម្ដេចជាច្រើន ដែលមានរហូតជាង ២០ ដែលធ្វើឱ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់ Facebook ដូចគ្នា។ ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះ សម្ដេចតេជោបានរកឃើញបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពជាង គឺបណ្តាញតេឡេក្រាម (Telegram) ដែលមិនបារម្ភពីការចូលលួចដូច Facebook៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


