Connect with us

ជីវិតកម្សាន្ដ

សាស្ត្រាចារ្យឧបករណ៍ភ្លេងបុរាណ លើកទឹកចិត្តអ្នកចាប៉ីជំនាន់ក្រោយយកគំរូព្រឹទ្ធាចារ្យភិរម្យ ប្រាជ្ញ ឈួន

បានផុស

នៅ

លោកគ្រូ យុន ធា​រ៉ា សាស្ត្រាចារ្យ​ផ្នែក​ឧបករណ៍​ភ្លេង​បុរាណ​កាល​ពី​​ថ្មី​ៗ​នេះ បាន​ចេញ​មក​ធ្វើ​ការ​សំណូម​ពរ​ដល់​អ្នក​សម្ដែង​ចាប៉ី​ជំនាន់​ក្រោយ និង​លោក​គ្រូ អ្នក គ្រូ​ចាប៉ី​ទាំង​អស់​ឲ្យ​ពង្រឹង​ការ​ហ្វឹកហាត់​សម្ដែង​ឧបករណ៍​ចាប៉ី​ដង​វែង​​ នេះ​បន្ថែម​ឲ្យ​បាន​កាន់​តែ​ល្អ។

លោកគ្រូ យុន ធា​រ៉ា​ បាន​អះអាង​ដែរ​ថា​ មាន​តែ​ព្រឹទ្ធាចារ្យ​ភិ​រម្យ ប្រាជ្ញ ឈួន ទេ​ដែល​មាន​ទឹក​ដៃ​​ក្នុង​ការ​លេង​ចាប៉ី​ដង​វែង ល្អ​ឯក​គ្មាន​ ២​នៅ​លើ​លោក។ សាស្ត្រា​ចារ្យ​ផ្នែក​ឧបករណ៍​ភ្លេង​បុរាណ​រូប​នេះ ក៏​បាន​ជំរុញ​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ៗ​ គួរ​ហាត់​ឧបករណ៍​មួយ​នេះ​បន្ថែម​ឲ្យ​បាន​ល្អ​ទើប​អាច​រំលេច​ឧបករណ៍​ចាប៉ី​នេះ​ឲ្យ​ កាន់តែ​ល្បី​ដោយ​យក​ព្រឹទ្ធាចារ្យ​ភិ​រម្យ ប្រាជ្ញ ឈួ​ន ធ្វើ​ជា​គំរូ​។

សាស្ត្រាចារ្យ​ យុន ធា​រ៉ា បាន​ថ្លែង​ថា «លោក​ព្រឹទ្ធាចារ្យ​ភិរម្យ ប្រាជ្ញ ឈួន សម្តែង​ទោល​ចាប៉ី​ដង​វែង​មាន ៦បទ(១-ផាត់ជាយ, ២-សារោមេ , ៣-ផាត់ជាយ​ក្លាយ, ៤ -នរគរាជ, ៥-បំពេ និង ៦-បង្គង​ក្អែក) បន្ត​បន្ទាប់​គ្នា​មិន​ដាច់ (Non stop) ល្អ​គ្មាន ២​ នៅ​លើ​ពិភព​លោក​យើង​នេះ»

លោក​លើក​ឡើង​ថា “សំណូមពរ​ខ្ញុំ​ចំពោះ​លោក​គ្រូ អ្នក​គ្រូ លោក លោក​ស្រី អ្នក​នាង​កញ្ញា ដែល​ចេះ​សម្ដែង​ចម្រៀង​ចាប៉ី​ដង​វែង​ក្រៅ​ពី​សំឡេង អត្ថ​រូប អត្ថរស និង​ចំណាប់​ចុង​ចួន​ រណ្ដំ(ទាំង​ក្នុង​ល្បះ និង​ឆ្លង​ល្បះ) ល្អ​ប្រសើរ​ហើយ​សូម​មេត្តា​ហ្វឹកហាត់​សម្ដែង​ឧបករណ៍​ចាប៉ី​ ដង​វែង​នេះ​ឲ្យ​បាន​ល្អ​ផង បើ​មិន​បាន​ប្រហែល​លោក​ព្រឹទ្ធាចារ្យ​ភិរម្យ ប្រាជ្ញ ឈួន យ៉ាង​ហោច​ណាស់​ក៏​ប្រហាក់​ប្រហែល ឬ​ក្រោម​គាត់​បន្តិចបន្តួច​ទើប​អាច​រំលេច​ឧបករណ៍​ចាប៉ី​ឲ្យ​ល្បី​លើ​ពិភព​លោក​បាន”។

សាស្ត្រាចារ្យ​យុន ធា​រ៉ា​ បាន​និយាយ​បន្ថែម​ទៀត​ថា ការ​លើក​ឡើង​របស់​លោក​ខាង​លើ​នេះ គឺ​ជា​បំណង​ល្អ​ក្នុង​ន័យ​ស្ថាបនា​តែ​ប៉ុណ្ណោះ។ ដោយ​ឡែក​លោក​សាស្ត្រាចារ្យ ក៏​បាន​បញ្ជាក់​បន្ថែម​ ប្រាប់​សារ​ព័ត៌មាន​ថា លោក​មិន​បាន​បន្ទោស​បង្អាប់​ទៅ​លើ​អ្នក​សម្ដែង​សិល្បៈ​ចាប៉ី​ដង​វែង​ណា​ម្នាក់​ឡើយ​ ពោល​គឺ​​អ្វី​ដែល​លោក​សំណូមពរ​នេះ​ គឺ​មាន​គោលបំណង​ចង់​ឲ្យ​សិល្បៈ​ផ្នែក​ចាប៉ី​ដង​វែង​នេះ​កាន់តែ​ល្អ និង​មាន​ភាព​ទាក់ទាញ​សម្រាប់​អ្ន ក​ទស្សនា​តែ​ប៉ុណ្ណោះ​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម