ព័ត៌មានជាតិ
សម្ដេច ឃួន សុដារី ស្នើ វៀតណាម បន្តសម្របសម្រួលសកម្មភាពពាណិជ្ជកម្ម សំដៅលើកកម្ពស់ជីវភាពពលរដ្ឋតាមព្រំដែន
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរដល់ប្រទេសវៀតណាម បន្តជួយសម្របសម្រួលសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីលើកកម្ពស់ផលប្រយោជន៍ទាំងសងខាង ក៏ដូចជាការធ្វើឲ្យកម្ពុជាកាន់តែមានលទ្ធភាពអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងនោះ ក៏មានការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋខ្លួននៅតាមខេត្តជាប់ព្រំដែនឲ្យបានប្រសើរឡើងផងដែរ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូចនេះ ក្នុងឱកាសអនុញ្ញាតឲ្យ ឯកឧត្ដម ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។ សម្តេចរដ្ឋសភាធិបតី បានចូលរួមអបអរសាទរ ដែលប្រទេសវៀតណាមមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការរីកចម្រើនរបស់វៀតណាម ក៏ជាមោទកភាពរបស់កម្ពុជា ផងដែរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងការកត់សម្គាល់ថា ឈរលើមូលដ្ឋាន នៃចំណងទាក់ទងរវាងប្រទេសទាំងពីរ ទោះបីជាសភាពការណ៍ជាតិ តំបន់ និងពិភពលោក មានការវិវត្តន៍ប្រែប្រួល និងផ្លាស់ប្ដូរយ៉ាងណាក៏ដោយ តែចំណងមិត្តភាពជាប្រពៃណីដែលបានចាក់ឫសយ៉ាងជ្រៅ រវាងកម្ពុជា និងវៀតណាម នៅតែបន្តឈរស្ថិតស្ថេរយ៉ាងរឹងមាំ និងលូតលាស់ទ្វេឡើងថែមទៀត ទាំងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ទោះបីក្នុងកំឡុងពេលរីករាលដាល នៃជំងឺកូវីដ-១៩ ក្តី ក៏រដ្ឋសភា នៃប្រទេសទាំងពីរ នៅតែបានបន្តទំនាក់ទំនង និងធ្វើសកម្មភាពសំខាន់ៗ ជាមួយគ្នា និងបានគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌសភាតំបន់ និងសកលលោក រួមមាន AIPA, IPU, APPF, និង APF ជាដើម។

ឯកឧត្ដម ង្វៀន ហ៊ុយ តាំង បានអបអរសាទរ សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលទី ៧។ ឯកឧត្ដម មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី រដ្ឋសភាកម្ពុជា នឹងសម្រេចបាននូវជោគជ័យធំៗ ជាច្រើនទៀត។

ឯកឧត្ដមឯកអគ្គរដ្ឋទូត បានថ្លែងការកោតសរសើរចំពោះសមិទ្ធផលជាច្រើន ដែលកម្ពុជាសម្រេចបាននារយៈពេលចុងក្រោយនេះ បន្ទាប់ពីបានបើកប្រទេស ស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីការរាតត្បាតជំងឺកូវីដ-១៩ ក្រោមគោលការណ៍ទប់ស្កាត់កូវីដ និងយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាល។

ឯកឧត្ដម ង្វៀន ហ៊ុយ តាំង បានលើកឡើងថា រាជរដ្ឋាភិបាល និងរដ្ឋសភានីតិកាលទី ៧ បានចេញដំណើរដោយភាពស្វាហាប់ និងច្បាស់លាស់ ដែលនឹងនាំមកនូវជោគជ័យធំៗ ជាច្រើនទៀតជូនជាតិ និងប្រជាជន ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ ឯកឧត្ដម ក៏បានលើកជាសំណូមពរជូន សម្តេចប្រធានរដ្ឋសភា បន្តគាំទ្រ និងជំរុញដល់ការអនុវត្តកិច្ចព្រមព្រៀងនានា ដែលប្រទេសទាំងពីរ បានចុះហត្ថលេខាកន្លងមក និងបន្តពង្រឹងពង្រីកទំនាក់ទំនង ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភាប្រទេសទាំងពីរ ឲ្យបាននៅគ្រប់កម្រិត។

សម្តេចមហារដ្ឋសភាធិការធិបតី បានគាំទ្រការលើកឡើងរបស់ ឯកឧត្ដម ឯកអគ្គរដ្ឋទូត និង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានជួយគាំទ្រដល់កម្ពុជារហូតមក ជាពិសេសបានរំដោះប្រទេសកម្ពុជាចេញពីរណ្ដៅមរណៈ កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។ សម្តេច ក៏បានអរគុណដល់រដ្ឋសភាវៀតណាម ដែលបានផ្តល់ជំនួយ ២៥ លានដុល្លារ ដល់រដ្ឋសភាកម្ពុជា សម្រាប់ការសាងសង់អគាររដ្ឋបាល ដែលរហូតមកដល់ពេលនេះ ការសាងសង់បាននិងកំពុងដំណើរការ និងគ្រោងបញ្ចប់ក្នុងឆមាសទី ១ ឆ្នាំ ២០២៤។

ជាមួយគ្នានេះ សម្តេច ក៏បានជម្រាប ឯកឧត្ដមឯកអគ្គរដ្ឋទូត ពីគម្រោងទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ សម្តេច ទៅកាន់ប្រទេសវៀតណាម នាចុងខែវិច្ឆិកា ខាងមុខ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ សម្តេច ទៅក្រៅប្រទេស ក្រោយពីការចូលកាន់តួនាទីជាប្រធានរដ្ឋសភា។ តាមរយៈដំណើរទស្សនកិច្ចនេះ សម្តេច មានក្តីសង្ឃឹមថា នឹងចូលរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កាន់តែរីកលូតលាស់បន្ថែមទៀត៕
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


