Connect with us

ព័ត៌មានជាតិ

១០ខែ ឆ្នាំនេះ ពន្ធដារ រកចំណូលបានជាង ៣ពាន់លានដុល្លារ ស្មើជាង ៨៥% នៃផែនការ

បានផុស

នៅ

គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានប្រមាណជា ៣ ០៦៦,៩៣ លានដុ​ល្លារ ស្មើនឹង ៨៥,៨៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមសេច​ក្តីប្រកាស​ព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា ចំណូលពន្ធអាករគ្រប់ប្រភេទដែល​ពន្ធដារ​ប្រមូល​បានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ នៅក្នុងខែតុលា មានចំនួនជាង ២៦០ លានដុល្លារ ស្មើនឹង ៧,២៩% នៃផែនការ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

បើតាមប្រធានពន្ធដារ ការគ្រប់គ្រងប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Cormmerce) សម្រេចបានប្រមាណជាង ៦២ លានដុល្លារ ពីសហគ្រាសជាអ្នកជាប់ពន្ធអនិវាសនជនចំនួន ៨២ សហគ្រាស (សហគ្រាសផ្គត់ផ្គង់ទំនិញ និងសេវាអេឡិចត្រូនិកពីបរទេសចូលមកកម្ពុជា)។

ជាផែនការសម្រាប់ការអនុវត្តបន្តលោក គង់ វិបុល បានណែនាំឱ្យពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តប្រកប​ដោយការ​យកចិត្តទុកដាក់នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារជូនវិស័យឯកជន។

បន្ថែមពីលើនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តការងារស្របតាម​អនុសាសន៍​របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នាកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ជាពិសេស ការងារអាទិភាពសំខាន់ៗក្នុងការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវការ​ផ្តល់សេវាអ្នក​ជាប់ពន្ធ ការដាក់ចេញនូវអាទិភាពការងារ និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិស័យឯកជនក៏ដូចជា សាធារណ​ជនទូទៅ ការលើកកម្ពស់ការយល់ដឹង និងការអប់រំអំពីពន្ធដារ ការពង្រឹងក្នុងការបំពេញការងារដោយផ្អែកលើ និយាមនី​តិវិធី​ប្រតិបត្តិការងារ (SOP) លើគ្រប់ប្រភេទការងារ និងប្រភេទពន្ធ ព្រមទាំងអនុសាសន៍គន្លឹះមួយចំនួនទៀត សម្រាប់​ការងារកែទម្រង់ជាលក្ខណៈប្រព័ន្ធផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម