ព័ត៌មានជាតិ
អភិវឌ្ឍសេដ្ឋកិច្ច កុំបាច់ពន្យល់ទ្រឹស្ដីសេដ្ឋកិច្ច គឺធ្វើឱ្យប្រជាពលរដ្ឋមានបាន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ពាក្យអភិវឌ្ឍសេដ្ឋកិច្ច កុំបាច់ពន្យល់ទ្រឹស្ដីសេដ្ឋកិច្ច ពាក្យសាមញ្ញ ថាធ្វើឱ្យប្រជាជនមានបានទៅ បានហើយ។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ភ្លើងមកដល់ ទឹកមកដល់ មានផ្លូវស្អាតដល់មូលដ្ឋាន ការធានាការបង្កើតការងារ ការបង្កើនចំណូលជូនប្រជាពលរដ្ឋជាមូលដ្ឋាន ទាំងនេះជាអ្វីដែលសម្ដេចធិបតីឧស្សាហ៍លើកឡើងថា ជាការអភិវឌ្ឍសេដ្ឋកិច្ច។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានបញ្ជាក់បន្ថែមថា៖ “មានន័យថា ម៉េច? ពាក្យអភិវឌ្ឍសេដ្ឋកិច្ច កុំបាច់ពន្យល់ទ្រឹស្ដីសេដ្ឋកិច្ច ពាក្យសាមញ្ញថា ធ្វើឱ្យប្រជាជនមានបានទៅ បានហើយ។ ប្រជាជនមានសិទ្ធសេរីភាព ប្រជាជនមានឱកាសរៀនសូត្រ មានឱកាសព្យាបាលជំងឺ មានឱកាសដើរហើយ មានជម្រើសក្នុងការរកការងារ បានការងារ បានចំណូលកាន់តែកើន ជីវភាពកាន់តែធូរធារ ពីមួយថ្ងៃទៅមួយថ្ងៃភូមិឃុំយើងកាន់តែរីកចម្រើន ហ្នឹងហើយដែលហៅការការអភិវឌ្ឍនោះ គឺរុញឱ្យដល់មូលដ្ឋាន រុញឱ្យដល់ប្រជាពលរដ្ឋ”។

សម្ដេចធិបតី មានប្រសាសន៍បន្តថា ចំណែកការរុញ ការអភិវឌ្ឍដែលយើងធ្វើនៅទីនេះ មិនមែនរោងចក្រនេះ នៅភ្នំពេញទេ។ បើសិននៅទីនេះគ្មានទឹក គ្មានភ្លើង គ្មានផ្លូវដឹកជញ្ជូន ប្រហែលរោងចក្រគិរីសួគ៌ អត់មកទីនេះទេ។ នេះហើយដែលយើងត្រូវរុញ ការអភិវឌ្ឍបន្តទៀត។ ឥឡូវ ខេត្តតាកែវ ជាខេត្តកសិកម្ម ទៅមុខយើងមានជម្រើសច្រើនមាន ទេសចរណ៍ ឧស្សាហកម្ម កសិឧស្សាហកម្មនៅទីនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “ការអភិវឌ្ឍគឺ ពីជំនាន់ទៅមួយជំនាន់ កាន់តែមានបានច្រើនជាងជំនាន់មុនទៀត។ កុំឱ្យដូចជំនាន់ ប៉ុល ពត មានតាំងពីវត្តទៅជាកន្លែងចិញ្ចឹមសត្វ ពីមានសាលាទៅជារុះចោលខ្ទេច តែយើងច្នៃប្រឌិតពីសាលាតូចទៅសាលាធំ ពីវត្តតិចទៅកើនចំនួន ពីផ្លូវដីទៅជាផ្លូវកៅស៊ូ ពីប្រើចង្កៀងទៅជាប្រើអគ្គិសនី ពីព្រែកតូច ទៅជាព្រែកប្រវត្តិសាស្ត្រមួយសម្រាប់បម្រើប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា គិរីសួគ៌ (Kirisu) គឺជាកសិដ្ឋានរបស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល និងជាកសិដ្ឋានខ្នាតធំដំបូងគេបង្អស់នៅកម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើបបំផុត និងមានសមត្ថភាពផលិតទឹកដោះគោសុទ្ធស្រស់ ប្រកបដោយគុណភាពខ្ពស់ និងមានសារធាតុចិញ្ចឹមច្រើនជាងគេ។ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល បានចាប់ផ្តើមដំណើរកសិកដ្ឋាននៅចុងឆ្នាំ២០២០។

បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកបម្រើការងារចំនួន ១២៧នាក់ និងមានស្នាក់ការកណ្តាលដែលស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ថែមពីលើក្រុមអ្នកជំនាញផលិតកម្ម ប្រចាំកសិដ្ឋាននៅភ្នំតាម៉ៅ ខេត្តតាកែវ។ ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល បានសហការជាមួយដៃគូផ្គត់ផ្គង់បច្ចេកវិទ្យា និងបរិក្ខារល្បីបំផុតរបស់ប្រទេស អ៊ីស្រាអែល ដែលបានបញ្ចប់គម្រោងស្រដៀងគ្នាដោយជោគជ័យនៅទូទាំងអាស៊ី រួមមានគម្រោង នៅប្រទេសចិន និងបង់ក្លាដេស ជាពិសេសនៅប្រទេសវៀតណាម ដែលបានជួយឱ្យក្រុមហ៊ុន TH True Milk ក្លាយជាក្រុមហ៊ុននាំមុខគេនៅទីនោះ។

បច្ចុប្បន្ននេះ កម្ពុជាមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗចំនួន៤ គឺកសិដ្ឋានគិរីសួគ៌ កសិដ្ឋានមូមូ កសិដ្ឋានក្នុងឧទ្យានជាតិឫស្សីត្រឹប និងកសិដ្ឋានអូម៉។ គិតត្រឹមខែមីនា ឆ្នាំ២០២៤នេះ កសិដ្ឋានទាំង៤ មានគោយកទឹកដោះចំនួន ១ ១៧៦ ក្បាល អាចផលិតទឹកដោះគោស្រស់ជាង ៥លានលីត្រ ក្នុងមួយឆ្នាំ ឬ ១៧ភាគរយ នៃតម្រូវការទឹកដោះគោស្រស់ក្នុងស្រុកជាង ៣០ លានលីត្រ៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


