KPT+
ផលប៉ះពាល់ នៃការបញ្ចេញមតិ ដោយកំហឹង ឬប្រយោគចាក់ដោត
គោលបំណង នៃការប្រើប្រាស់បណ្ដាញសង្គមទាក់ទងនានា អ្នកខ្លះប្រើដើម្បី ទំនាក់ទំនង ការសិក្សារៀនសូត្រ ការធ្វើជំនួញពាណិជ្ជកម្ម ការផ្សព្វផ្សាយ ឬបង្ហាញគោលនយោបាល យន្តការ ការងារអ្វីមួយជាដើម។ ជាមួយគ្នានេះ មានការបង្ហោះ ឬបញ្ចេញមតិខ្លះ ភ្ជាប់ដោយកំហឹង ឬប្រយោគចាក់ដោត។ ប៉ុន្តែតាមរយៈ បណ្ដាញសង្គម នៅពេលសាមីខ្លួនបង្ហោះ ឬបញ្ចេញមតិ ចែករំលែកផ្សេងៗនោះ ក៏អ្នកដទៃអាចវាយតម្លៃលើអត្តចរិតរបស់បុគ្គលដែរ។

លោក ហេង សំណាង ប្រធានបណ្ដុំអង្គការសង្គមស៊ីវិល មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ឥរិយាបថ សុជីវធម៌ ដែលអ្នកដទៃនឹងវាយតម្លៃបុគ្គល គឺដូចពាក្យស្លោកថា “សម្ដីសរជាតិ មាយាទសរពូជ”។ នៅពេលបច្ចុប្បន្ននេះ មិនថា ស្ថាប័នរដ្ឋ ស្ថាប័នឯកជន ឬក្រុមហ៊ុនតូចតាចក្ដី គេវាយតម្លៃបុគ្គលិកដំបូងគេគឺ Profile លើ Facebook ឬបណ្ដាញសង្គម ដើម្បីគេដឹងថា តើបុគ្គលនោះមកពីណា មានទំនាក់ទំនង បណ្ដាញរបស់គាត់ធ្វើអ្វីខ្លះ? ដូចនេះ អ្នកគ្រប់គ្រង ឬអ្នករើសបុគ្គលិក អ្នកចង់មានទំនាក់ទំនងមិត្តភាពជាមួយយើងក្ដី នៅពេលគេឃើញ Profile យើង គេអាចវាយតម្លៃយើងបានខ្លះ។

លោក ហេង សំណាង មានប្រសាសន៍បន្តថា៖ “នៅពេលណា យើងបង្កើត ឬបង្ហាញកំហឹងលើបណ្ដាញសង្គម ខណៈកំហឹងបង្កើតជាហិង្សា ដូចជា ហិង្សាពាក្យសម្ដី ហិង្សាដោយកាយវិការ ហិង្សាដោយចិត្តគំនិត ដែលនេះក៏អាចបង្កផលប៉ះពាល់ដល់មហាជនទូទៅ និងអ្នកដទៃអាចគិតថា ពាក្យសម្ដី ឬចិត្តគំនិតហិង្សារបស់យើងតាមបណ្ដាញសង្គម នឹងអាចចេញជាហិង្សាពិតនៅខាងក្រៅបណ្ដាញសង្គម”។
លោក ហេង សំណាង មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហា បញ្ចេញមតិ ឬចែករំលែកនូវអ្វីដែលភ្ជាប់ដោយហិង្សា ពិសេសព័ត៌មានមិនពិត ដោយយើងគួរដឹងថា សតិអារម្មណ៍ នៃការប្រើប្រាស់បណ្ដាញសង្គម មិនខុសពីអត្តចរិត ឬសកម្មភាពខាងក្រៅរបស់បុគ្គលទេ ដូចនេះ យើងកុំទាន់អាលជឿលើអ្វីដែលយើងបានឃើញ កុំទាន់អាលជឿលើគម្ពីរ ឬសៀវភៅ កុំទាន់អាលជឿលើការបកស្រាយរបស់វាគ្មិនណាមួយ កុំទាន់អាលជឿលើគ្រូបាធ្យាយរបស់អ្នក កុំទាន់អាលជឿលើអ្វីដែលអ្នកបានស្ដាប់ កុំទាន់អាលជឿលើអ្វីផ្សេងៗទៀត។

លោក ហេង សំណាង បញ្ជាក់បន្តថា៖ “គេមិនហាមឃាត់មិនឱ្យយើងជឿទេ ប៉ុន្តែយើងត្រូវពិចារណា បើកាលណាយើងពិចារណាការណ៍ដែលគេបង្ហាញ ឬផលប៉ះពាល់នោះជារឿងពិត ហើយយើងបញ្ចេញមតិ ឬកែលម្អ នោះជាការណ៍ល្អហើយ។ ប៉ុន្តែបើរឿងនោះមិនពិត ឬមិនទាន់វាយតម្លៃច្បាស់លាស់ផង ហើយយើងចូលទៅវាយប្រហារ ខ្វះការពិចារណា នេះជាឥរិយាបទនៅក្នុងបណ្ដាញសង្គម ដែលធ្វើឱ្យប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ គឺកាន់តែធ្លាក់ក្រមសីលធម៌សង្គមតាមរយៈការបញ្ចេញមតិ ឬបញ្ចេញសារតាមបណ្ដាញសង្គម”។
លោក ហេង សំណាង មានប្រសាសន៍ថា បច្ចុប្បន្ន នៅពេលយើងប្រើប្រាស់បណ្ដាញសង្គមមិនត្រឹមត្រូវទេ អ្នកដែលរងផលប៉ះពាល់គឺមិនត្រឹមតែខ្លួនឯងទេ គឺរួមបញ្ចូលទាំងមជ្ឈដ្ឋានទូទៅ ហើយបើមជ្ឈដ្ឋានទូទៅបង្កើតជា គំនិតហិង្សានិយម តាមបណ្ដាសង្គមហើយ គឺប្រាកដណាស់ ជាតិ និងសង្គមយើង នឹងអាចធ្លាក់ទៅបែបហ្នឹងបាន។ ដូចនេះ តួនាទីកាតព្វកិច្ចរបស់យុវជនជំនាន់ក្រោយ សិស្សនិស្សិត មនុស្សចាស់ទុំ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីឆ្លើយតប ឬធ្វើយ៉ាងណាឱ្យចេញជាលទ្ធផលវិជ្ជមាន ការគិតវិជ្ជាមាន ការសរសេរវិជ្ជមាន ដូចនេះអ្នកនៅជុំវិញ ឬមិត្តភក្ដិក្នុងបណ្ដាញពួកគាត់នឹងមើលឃើញថា មិត្តភក្ដិគាត់ជា មិត្តល្អ។

ដើម្បីកាត់បន្ថយ ឬលប់ការបញ្ចេញមតិអវិជ្ជាមាន និងចែលរំលែកព័ត៌មានមិនពិត និងនាំ ការសរសេរ ការបញ្ចេញមតិ ឬកាយវិការចិត្តរបស់យើងប្រកបដោយក្រមសីលធម៌ លោក ហេង សំណាង ផ្ដល់មតិថា យើងគួរមើលឃើញថា ការបង្ហាញលើបណ្ដាញសង្គម ឬព័ត៌មានណាដែលបង្កឱ្យប៉ះពាល់អារម្មណ៍ ឬព័ត៌មានមិនផ្ដល់ប្រយោជន៍ ព័ត៌មានបែបកំហឹង បែបហិង្សា ការញុះញង់… គឺយើងអាចលុបចោល ឬ Report (រាយការណ៍បិទ Page) នៅពេលយើងធ្វើបែបនេះ នឹងធ្វើឱ្យបណ្ដាញសង្គមរបស់យើង មានតែរឿងល្អ រឿងដែលមានប្រយោជន៍ដល់ខ្លួនឯង។ យ៉ាងណា ការបង្ហាញមតិល្អ ឬលើបណ្ដាញសង្គម គ្រាន់តែជាឥរិយាបថមួយផ្នែកទេ គឺសូមឱ្យឥរិយាបទទាំងការរស់នៅ ទាំងទំនាក់ទំនងខាងក្រៅ ឱ្យល្អដូចបណ្ដាញសង្គមដែរ ជួនការអ្នកខ្លះបង្ហោះលើបណ្ដាញសង្គមផ្សេង ឯការរស់នៅខាងក្រៅផ្សឹង។

គួរបញ្ជាក់ថា នៅដើមឆ្នាំ២០២៣ មានអ្នកប្រើប្រាស់អ៊ីនធឺណេតចំនួនជាង ១១ លាននាក់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការភ្ជាប់បណ្តាញទូរស័ព្ទចល័តសរុបជាង ២២ លានត្រូវបានដំណើរការ ស្មើនឹងជាង ១៣១ ភាគរយ នៃចំនួនប្រជាជនសរុប នេះបើយោងតាម Digital 2023: Cambodia ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា អ្នកប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា ចាប់ផ្តើមកើនឡើងយ៉ាងខ្លាំង ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ជាមួយនឹងតម្រូវការទិញទំនិញតាមអ៊ីនធឺណិត និងការសិក្សាតាមអ៊ីនធឺណិត៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១១ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


