Connect with us

ព័ត៌មានជាតិ

នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កំពង់ស្ពឺ ​៖ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​គឺជា​ស្ពាន​បន្ត​ក្តី​ស្រមៃ​យុវជន​ក្នុង​ការ​វិល​ត្រលប់មក​កាន់ការ​សិក្សា

បានផុស

នៅ

លោក កែម ជាក់​នី នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ​លើកឡើងថា កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ​គឺជា​ការចូលរួមចំណែក​យ៉ាងសំខាន់​ដល់​យុវជន​ដែលមាន​ជីវភាព​ក្រីក្រ អាច​បន្ត​ក្តី​ស្រមៃ​ក្នុង​ការសិក្សា អភិវឌ្ឍ​សមត្ថភាព​ជំនាញ ដើម្បី​មានឱកាស​ក្នុងការ​ប្រ​គួ​ត​ប្រជែង​ក្នុង​ទីផ្សារការងារ​ដែលមាន​ស្រាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នាយក​វិទ្យាស្ថាន​រូបនេះ​ថា « ការសិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​នេះ​គឺជា​ឱកាសល្អ​ណាស់​សម្រាប់​យុវជន​ដែលមាន​ជីវភាព​ក្រីក្រ ពួកគេ​រៀន​ជំនាញ​ដោយ​ឥតគិតថ្លៃ ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​រហូតដល់​សិក្សា​ចប់ មានឱកាស​ក្នុង​ការរក​ការងារ​ធ្វើ​ល្អ ទទួលបាន​ប្រាក់ចំណូល​សមរម្យ​បន្ទាប់ពី​សិក្សា​ចប់​»។

​លោក​បន្តថា កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​របស់​រាជរ​ដ្ឋា​ភិ​បាល​អាណត្តិ​ទី​៧​នេះ​គឺ​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​យុវជន ដូច្នេះ​ពួកគេ​ត្រូវ​ចាប់យក​ឱកាស​មាស​នេះ​ឱ្យបាន​ពីព្រោះ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​ការងារ​បាន​ជួយ​ជ្រោមជ្រែង​សិស្ស​ទាំងឡាយណា​ដែល​បញ្ចប់​ការសិក្សា ដូចជា​មានការ​រៀបចំ​ក្រុមហ៊ុន​ចុះ​ហាត់​ការ និង​ការផ្តល់​ឱកាស​ការងារ​តាម​ក្រុមហ៊ុន​ឯកជន​ជាច្រើន​ទៀត​។ លោក​បាន​អំពាវនាវ​ឱ្យ​យុវជន​មក​ចុះឈ្មោះ​ចូលរៀន​ជំនាញ​ឱ្យបាន​គ្រប់ៗ​គ្នា ធ្វើយ៉ាងណា​យុវជន​ម្នាក់​ត្រូវមាន​ជំនាញ​មួយ​យ៉ាងតិច​។

​ដោយឡែក​លោក រៀម សុភា គ្រូ​បច្ចេកទេស​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បាន​លើកឡើងថា «​កម្មវិធី​បណ្តុះបណ្តាល​ប​ច្ចេកទេស​របស់​រាជរ​ដ្ឋា​ភិ​បាល​នេះ​អាច​ប្រែក្លាយ​យុវជន​ដែល​ប្រើ​កម្លាំង​ក្នុងការ​ធ្វើការ មកជា​យុវជន​ដែល​ប្រើ​ជំនាញ​ធ្វើការ​វិញ​។ វា​ក៏​ប្រែក្លាយ​យុវជន​ដែល​គ្មាន​ជំនាញ មក​មាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បី​ឈាន​ជើង​ចូលក្នុង​ទីផ្សារការងារ​ដែលមាន​ស្រាប់​»​។

លោក​បន្ថែម​ថា វិទ្យាស្ថាន​ពហុបច្ចេកទេស​បាន​ចុះ​មូលដ្ឋាន​ផ្ទាល់ ដើម្បី​កៀរគរ​យុវជន​មក​ចុះឈ្មោះ​ចូលរៀន​ជំនាញ​នេះ ហើយ​ភាគច្រើន​នៃ​យុវជន​គឺ​ធ្វើការ​ដោយ​ប្រើ​កម្លាំង ហើយ​គ្មាន​ជំនាញ ដូច្នេះ​ការបង្កើត​កម្មវិធី​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ជាការ​ផ្តល់ឱកាស​យ៉ាងសំខាន់​ក្នុង​ការឱ្យ​ពួកគេ​ងាក​មក​សិក្សា​ចាប់​យក​ជំនាញ ពិតប្រាកដ​មួយ​ដើម្បី​អាច​ទទួលបាន​ចំណូល​សមរម្យ​ជាង​ការងារ​ដែល​គ្មាន​ជំនាញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ​ស្ថិតនៅ​ភូមិ​ទំពូង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្នុងនោះ​វិទ្យាស្ថាន​បាន​នឹង​កំពុង​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​សិស្ស​ចំនួន ៧៩៣​នាក់ លើ​មុខជំនាញ​ចំនួន​១៩​ដូចជា ការងារ​កំបោរ ការដំឡើង​បណ្តាញ​បំពង់​ទឹក ការដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អាគារ ការដំឡើង​ពុម្ព ការដំឡើង​កាមេរ៉ា​សុវត្ថិភាព ការ​ផ្សារ​អគ្គិសនី ការថែទាំ និង​ជួសជុល​ម៉ាស៊ីនត្រជាក់​រថយន្ត ការថែទាំ និង​ជួសជុល​អគ្គិសនី​រថយន្ត សេវាកម្ម​ធនធានមនុស្ស សេវាកម្ម​កុំព្យូទ័រ សេវាកម្ម​អតិថិជន ការ​រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន ធុរកិច្ច​ភេសជ្ជៈ ការធ្វើ​ម្ហូប​ខ្មែរ ការ​ដាំ ថែទាំ និង​ប្រមូល​ផលដំណាំ​ស្វាយ​កែ​រមៀត ការ​ចិញ្ចឹម និង​ថែទាំ​ត្រី​ប្រា និង​ការកែច្នៃ​បន្លែ និង​ផ្លែឈើ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម