Connect with us

ព័ត៌មានអន្ដរជាតិ

អេស្ប៉ាញ ប្រកែក​មិន​ព្រម​ដំឡើងកញ្ចប់ថវិកាយោធាដល់ ៥% តាមការទាមទាររបស់ ត្រាំ និង ណាតូ

បានផុស

នៅ

មុនពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ចាប់ផ្តើមឡើងនៅក្នុងទីក្រុងអង់ការ៉ា រដ្ឋាភិបាល​ប្រទេសអេស្ប៉ាញ បានប្រកាសជាថ្មីម្តងទៀតថា ខ្លួនមិនយល់ស្របតាមសំណើ ដែលតម្រូវឱ្យប្រទេសជាសមាជិកដំឡើងកញ្ចប់ថវិកាការពារជាតិរហូតដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) នោះឡើយ។ នេះ​បើតាម​​​សារព័ត៌មាន Anadolu ចុះផ្សាយ​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២៦។

លោក Pedro Sanchez (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីខាងរដ្ឋាភិបាលអេស្ប៉ាញ បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី Pedro Sanchez នឹងយកជំនួបកំពូល​លើក​នេះ ដើម្បីបញ្ជាក់ពីជំហរដាច់ខាតរបស់អេស្ប៉ាញ តបទៅនឹងការទាមទាររបស់អគ្គលេខាធិការណាតូ លោក Mark Rutte និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

អេស្ប៉ាញបានពន្យល់ថា ការបង្ខំឱ្យចំណាយប្រាក់ដល់ទៅ ៥% លើវិស័យយោធា គឺមិនអាចទៅរួចឡើយ ព្រោះវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសុខុមាលភាពសង្គមរបស់ប្រជាពលរដ្ឋ និងស្ថិរភាពហិរញ្ញវត្ថុជាតិ។ រដ្ឋាភិបាលអេស្ប៉ាញយល់ថា អង្គការណាតូគួរតែផ្តោតលើការប្រុងប្រយ័ត្នខាងសន្តិសុខ ដើរទន្ទឹមគ្នាជាមួយនឹងការគិតគូរពីសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។ ម៉្យាងវិញទៀត អេស្ប៉ាញបានកើនថវិកាយោធាបីដងរួចមកហើយ តាំងពីឆ្នាំ២០១៨ រហូតឈានដល់កម្រិត ២% តាមគោលការណ៍ចាស់របស់ណាតូ។

ថ្វីដ្បិត​មិនចង់ចំណាយលុយដល់ ៥% ក៏ដោយ ក៏អេស្ប៉ាញបានអះអាងថា ខ្លួនមិនបានខ្ជិលច្រអូសក្នុងការជួយណាតូនោះទេ។ ជាក់ស្តែង អេស្ប៉ាញជាប់ចំណាត់ថ្នាក់ទី៧ ក្នុងចំណោមសមាជិកទាំង ៣២ ដែលមានសមត្ថភាពយោធាខ្លាំងជាងគេ ជាប់លេខ៣ ក្នុងការបញ្ជូនទ័ពទៅជួយបេសកកម្មរក្សាសន្តិភាព និងជាប់លេខ១ ក្នុងការបញ្ជូនកងទ័ពទៅការពារតំបន់ប៉ែកខាងកើតរបស់ណាតូ។ ចំពោះជំនួយទៅអ៊ុយក្រែនវិញ អេស្ប៉ាញបានជួយជាទឹកប្រាក់រហូតដល់ ៣,៧ពាន់​អឺរ៉ូ (ប្រហែល ៤,២ពាន់​លាន​ដុល្លារ) និងបានជួយហ្វឹកហ្វឺនទាហានអ៊ុយក្រែនជាង ៩ ០០០នាក់រួចដែរហើយ។

គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ នេះ អេស្ប៉ាញ គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួច ដែលកំពុងដឹកនាំបេសកកម្មយោធាធំៗរបស់ណាតូ រួមទាំងការបញ្ជូនកងទ័ពទៅក្រៅប្រទេសច្រើនជាងគេនៅតំបន់ខាងកើត និងដឹកនាំកងកម្លាំងជើងទឹករួមគ្នានៅប្រទេសស្លូវ៉ាគី។ រដ្ឋាភិបាលអេស្ប៉ាញថែមទាំងបានចោទសួរដេញដោលថា តើប្រទេសដែលសន្យាថានឹងចំណាយ ៥% ទាំងនោះ អាចធ្វើតាមសម្តីខ្លួនឯងបានពិតប្រាកដដែរឬទេ។

ទោះបីជាអេស្ប៉ាញចាត់ទុកសកម្មភាពរបស់រុស្ស៊ីថា ជាការគំរាមកំហែងរយៈពេលវែងក៏ដោយ ក៏​អេស្ប៉ាញចង់ឃើញអឺរ៉ុបពង្រឹងសមត្ថភាពការពារជាតិខ្លួនឯងឱ្យបានខ្លាំង ដោយកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក តាមរយៈការវិនិយោគរួមគ្នា និងការបង្កើតកងទ័ពអឺរ៉ុបនាពេលអនាគត។ ការជជែកដេញដោលរឿងលុយកាក់ការពារជាតិនេះ នឹងក្លាយជាប្រធានបទក្តៅគគុកបំផុត នៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំណាតូ នៅថ្ងៃទី៧-៨ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅក្នុង​ប្រទេសតួកគី៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម