Connect with us

ព័ត៌មានអន្ដរជាតិ

ណេតាន់យ៉ាហ៊ូ ទទូចសុំកុំឱ្យអាមេរិក លក់យន្តហោះចម្បាំងទំនើបៗឱ្យ តួកគី

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានជំរុញ​យ៉ាងទទូចសុំកុំឱ្យសហរដ្ឋអាមេរិកលក់យន្តហោះចម្បាំងទំនើបៗ ឬម៉ាស៊ីនយន្តហោះចម្បាំងឱ្យទៅប្រទេសតួកគីឡើយ។

លោក ណេតាន់យ៉ាហ៊ូ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ចាក់ផ្សាយ​​ថ្ងៃ​ចន្ទ ទី​៦ ខែ​កក្កដា ឆ្នាំ២០២៦ មុនពេលកិច្ចប្រជុំកំពូលណាតូចាប់ផ្តើមឡើងនៅទីក្រុងអង់ការ៉ា លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា អាមេរិកមិនគួរផ្តល់យន្តហោះចម្បាំងធុន F-35 ឬម៉ាស៊ីនយន្តហោះចម្បាំងឱ្យតួកគីនោះទេ ព្រោះវានឹងធ្វើឱ្យបាត់បង់តុល្យភាពអំណាចនៅមជ្ឈិមបូព៌ា ដែលបច្ចុប្បន្នត្រូវបានធានាដោយឧត្តមភាពខាងផ្លូវអាកាសរបស់អ៊ីស្រាអែល និងវត្តមានរបស់អាមេរិក។

ការចេញមុខមកទប់ស្កាត់របស់មេដឹកនាំអ៊ីស្រាអែលរូបនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានលេចឮថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងតែជំរុញ​ការលក់ម៉ាស៊ីនយន្តហោះចម្បាំងប្រភេទ General Electric F110 ទៅឱ្យតួកគី ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីសភាអាមេរិកក៏ដោយ។ លោក Gregory Meeks មន្ត្រីជាន់ខ្ពស់ខាងគណបក្សប្រជាធិបតេយ្យ នៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក បានប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីផ្អាកការលក់អាវុធនេះ ដោយលោកបានរិះគន់រដ្ឋបាលលោក ត្រាំ ថាបានព្យាយាមរំលងការត្រួតពិនិត្យរបស់សភា ក្នុងការលក់អាវុធដែលមានតម្លៃជាង ៧០០លានដុល្លារនេះ។

ក្រៅពីការរំលងអំណាចសភា លោក Meeks ក៏បានរិះគន់រដ្ឋបាលលោក ត្រាំ ផងដែរ ដែលមិនបានគិតគូរពីបញ្ហាសន្តិសុខ ខណៈដែលតួកគីនៅតែបន្តរក្សាទុកប្រព័ន្ធការពារមីស៊ីល S-400 ដែលទិញពីរុស្ស៊ីនៅឡើយ។

បញ្ហាលក់អាវុធដ៏ចម្រូងចម្រាសនេះ កំពុងតែក្លាយជាចំណុចក្តៅ ស្របពេលដែលមេដឹកនាំណាតូ ចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនៅតួកគី ដែលមន្ត្រីអាមេរិកបង្ហើបថា អាចនឹងមានការប្រកាសពីកិច្ចព្រមព្រៀងលក់អាវុធទំនើបៗតម្លៃរាប់ពាន់លានដុល្លារពីក្រុមហ៊ុនអាមេរិកថែមទៀតផង។

លោក ត្រាំ និង​លោក Erdoğan (រូបថត៖ REUTERS)

នៅក្នុងបទសម្ភាសន៍ដដែលនោះ លោក ណេតាន់យ៉ាហ៊ូ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះចរិតលក្ខណៈរបស់មេដឹកនាំតួកគី ដោយលោកបានលើកឡើងចំៗថា តួកគីជាប្រទេសដ៏អស្ចារ្យមួយមែន ប៉ុន្តែបែរជាត្រូវគ្រប់គ្រងដោយបុរសម្នាក់ គឺ​លោក​ប្រធានាធិបតី Recep Tayyip Erdoğan ដែលតែងតែប្រកាសចង់កម្ទេចប្រទេសអ៊ីស្រាអែល​ទៅ​វិញ។ លោកបានបន្ថែមថា មេដឹកនាំតួកគីរូបនេះ បានចូលកាន់កាប់ទឹកដីពាក់កណ្តាលនៃប្រទេសស៊ីប និងកំពុងគំរាមកំហែងប្រទេសក្រិក ដែលជាសមាជិកណាតូដូចគ្នា ថែមទាំងធ្លាប់បាននិយាយជាចំហពីគម្រោងចង់វាយយកទីក្រុងហ្សេរុយសាឡឹមទៀតផង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម