ព័ត៌មានអន្ដរជាតិ
អង់គ្លេសប្រកាសដោយចំហ បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធខ្លួន បាញ់ប្រហារឧបទ្វីប គ្រីមៀ
មិនទាន់បានមួយខែផង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអង់គ្លេស Lord Cameron បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធរបស់ខ្លួន យកទៅវាយប្រហារគោលដៅលើទឹកដីរុស្ស៊ីនោះ ស្រាប់តែពេលនេះ រដ្ឋមន្ត្រីការពារជាតិក្នុងទីក្រុងឡុងដ៍ ក៏ចេញមុខប្រកាសដោយចំហដែរថា កងកម្លាំងទីក្រុងកៀវ អាចប្រើសព្វាវុធដែលផ្គត់ផ្គង់ដោយអង់គ្លេស បាញ់ប្រហារនៅឧបទ្វីបគ្រីមៀ របស់រុស្ស៊ីបាន។

ថ្លែងទៅកាន់អ្នកកាសែតក្នុងសន្និសីទកងទ័ពជើងទឹកនិងត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន RT កាលពីថ្ងៃអង្គារទី១៤ខែឧសភា លោក Grant Shapps បញ្ជាក់ថា តំបន់គ្រីមៀ ត្រូវរុស្ស៊ីកាត់យកក្រោយការធ្វើប្រជាមតិឆ្នាំ២០១៤ ប៉ុន្តែទីក្រុងឡុងដ៍នៅតែចាត់ទុកវាជាផ្នែកនៃដែនដីអ៊ុយក្រែន ដូច្នេះកងកម្លាំងរបស់លោក ហ្សេលេនស្គី អាចប្រើប្រាស់សព្វាវុធរបស់អង់គ្លេស វាយប្រហារទីនោះបាន។
លោក Shapps អះអាងថា ចក្រភពអង់គ្លេស មិនអាចទទួលយកបានឡើយ បើរុស្ស៊ីឈ្នះសង្គ្រាម ហើយលោកថែមអំពាវនាវឲ្យបណ្តាប្រទេសជាមិត្ត សម្រុកបញ្ជូនសព្វាវុធ ទៅកាន់ទីក្រុងកៀវ ឲ្យកាន់តែខ្លាំងទៀតផង។ ទោះបែបនេះក្តី នៅពេលសាកសួរថាតើ អង់គ្លេសនឹងបញ្ជូនអាវុធអ្វីទៀតទៅឲ្យអ៊ុយក្រែន, រដ្ឋមន្ត្រីខាងលើ មិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

សូមរម្លឹកជាថ្មីទៅ២សប្តាហ៍មុនបន្តិច, កាលនោះលោក Cameron បញ្ជាក់ថា អ៊ុយក្រែន មានសិទ្ធចង់ប្រើប្រាស់អាវុធរបស់អង់គ្លេសតាមរបៀបណាក៏បាន ចង់វាយប្រហារគោលដៅលើទឹកដីរុស្ស៊ីក៏បាន។
យ៉ាងណា ទីក្រុងមូស្គូ ធ្លាប់ព្រមានរួចមកហើយថា បើមានការវាយប្រហារណាមួយមែន ខ្លួនអាចសងសឹក ដោយកម្ទេចគោលដៅយោធាអង់គ្លេសនៅក្នុងប្រទេសអ៊ុយក្រែន ឬលើសពីនេះទៀត។

ពាក់ព័ន្ធការលើកឡើងរបស់លោក Cameron ទៀតសោត រុស្ស៊ីបានថ្កោលទោស ហើយចាត់ទុកវាជាសេចក្តីថ្លែងការណ៍ដ៏គ្រោះថ្នាក់ ខណៈអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ព្រមានថា “ពាក្យសម្តីបែបនេះ ជាការជំរុញដោយផ្ទាល់ ឲ្យភាពតានតឹងជុំវិញជម្លោះអ៊ុយក្រែន ឈានដល់កម្រិតថ្មី ដែលនឹងអាចគំរាមកំហែងដល់សន្តិសុខអឺរ៉ុបថែមទៀតផង”។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ក៏លើកឡើងដែរថា សម្តីរបស់លោក Cameron គឺស្មើនឹងការទទួលស្គាល់ថា លោកខាងលិចពិតជាជាប់ពាក់ព័ន្ធនៅក្នុង សង្រ្គាមកូនកាត់ ប្រឆាំងទីក្រុងមូស្គូមែន។

សូមជម្រាបថា ចាប់តាំងពីរុស្ស៊ីបើកការលុកលុយពេញទំហឹងនៅក្នុងខែកុម្ភៈឆ្នាំ២០២២មក ចក្រភពអង់គ្លេស បានផ្តល់ជំនួយយោធារាប់លានដុល្លារឲ្យអ៊ុយក្រែនរួចទៅហើយ រួមបញ្ចូលទាំងរថក្រោះ មីស៊ីល និងប្រព័ន្ធការពារដែនអាកាសជាដើម ហើយឆ្នាំមុន អង់គ្លេសបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ Storm Shadow ដែលបាញ់បានជាង២៥០គីឡូម៉ែត្រទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង់គ្លេស បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធរបស់ខ្លួន វាយប្រហារក្នុងទឹកដីរុស្ស៊ី
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


