Connect with us

ព័ត៌មានអន្ដរជាតិ

ប៊ុលហ្គារី ដកខ្លួនចេញពី «ក្រុមផ្តល់ជំនួយយោធាឲ្យអ៊ុយក្រែន» ព្រោះអស់លទ្ធភាពជួយហើយ

បានផុស

នៅ

ទីបំផុត ប្រទេសប៊ុលហ្គារី បានសម្រេចដកខ្លួនជាផ្លូវការ ចេញពី «សម្ព័ន្ធភាពនៃអ្នកមានឆន្ទៈ» ហើយ ព្រោះមើលឃើញថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គួរតែត្រូវដោះស្រាយគ្នា តាមរបៀបការទូត មិនមែនកម្លាំងបាយឡើយ ហើយម្យ៉ាង ខ្លួនក៏អស់លទ្ធភាពជួយដែរ។

ជំនួយយោធាលោកខាងលិច ឲ្យទៅអ៊ុយក្រែន (រូប៖ Reuters)

«សម្ព័ន្ធភាពនៃអ្នកមានឆន្ទៈ» គឺជាក្រុមប្រទេសជាង៣០ ដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង ដែលមានគោលបំណងសម្របសម្រួលការគាំទ្រផ្នែកហិរញ្ញវត្ថុ យោធា និងធានាសន្តិសុខដល់អ៊ុយក្រែន។

ជុំវិញការដកខ្លួននេះ លោកនាយករដ្ឋមន្ត្រី Rumen Radev បានប្រាប់ទូរទស្សន៍ BTV ប៊ុលហ្គារី កាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ថា ប្រទេសរបស់លោក មិនមែនស្ថិតនៅទីនោះទេ ពីព្រោះខ្លួនដាច់ខាត មិនចូលរួមក្នុងសម្ព័ន្ធភាពណា ដែលទទូចបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងយោធាដល់អ៊ុយក្រែនឡើយ។

បើតាមការអះអាងរបស់លោក Radev, ការពង្រីកជម្លោះតាមរយៈមធ្យោបាយយោធា មិនមែនជាដំណោះស្រាយនោះទេ ហើ​យជំនួសមកវិញ លោកគាំទ្របេសកកម្មការទូតដ៏រឹងមាំមួយ ដើម្បីបញ្ចប់ការឡើងកម្តៅនៃសង្គ្រាម។

នាយករដ្ឋមន្ត្រីប៊ុលហ្គារី Rumen Radev (រូប៖ Reuters)

មុននេះដែរ នាយករដ្ឋមន្ត្រីប៊ុលហ្គារី បានបញ្ជាក់នៅខាងក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ ក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី រួចទៅហើយថា៖ «យើងបានផ្តល់កញ្ចប់ជំនួយ ១៣លើករួចហើយ! យើងគ្មានអ្វីឲ្យអ៊ុយក្រែន ទៀតទេ! យើងអស់លទ្ធភាពហើយ»។

សូមជម្រាបជាថ្មី! «សម្ព័ន្ធភាពនៃអ្នកមានឆន្ទៈ» គឺជាប្លុកសម្ព័ន្ធមិត្តអន្តរជាតិក្រៅផ្លូវការមួយ បង្កើតឡើងតាំងពីដើមឆ្នាំ២០២៥មក ក្នុងគោលបំណងផ្តល់ជំនួយយោធារយៈពេលវែង ធានាសន្តិសុខ និងរៀបចំកម្លាំងរក្សាសន្តិភាពសម្រាប់អ៊ុយក្រែន បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយរុស្ស៊ី។

គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ នេះ សម្ព័ន្ធភាពនេះ បានពង្រីកសមាជិកភាពរបស់ខ្លួនរហូតដល់ ៣៧ ប្រទេស រួមមានបណ្តាប្រទេសអឺរ៉ុបភាគច្រើន សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងនូវែលសេឡង់ ដ្បិតថា ឥឡូវ ប៊ុលហ្គារី បានដកខ្លួនចេញមួយហើយក៏ដោយ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម