ព័ត៌មានអន្ដរជាតិ
Maersk៖ ការរំខានផ្លូវដឹកជញ្ជូននៅសមុទ្រក្រហមបង្កការកកស្ទះផែនៅអាស៊ី-ប៉ាស៊ីហ្វិក និងប៉ះពាល់ទូទាំងពិភពលោក
ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិរបស់ដាណឺម៉ាក Maersk បានព្រមានកាលពីថ្ងៃពុធថា ការរំខានផ្លូវដឹកជញ្ជូននៅសមុទ្រក្រហមដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា បានធ្វើឱ្យមានផលប៉ះពាល់ដល់បណ្ដាញដឹកជញ្ជូនទូទាំងពិភពលោក រួមទាំងបង្កការកកស្ទះតាមបណ្ដាកំពង់ផែសំខាន់ៗនៅអាស៊ី-ប៉ាស៊ីហ្វិក។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុនបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ការវាយប្រហារលើនាវាកុងតឺន័រស៊ីវិលនៅសមុទ្រក្រហមរបស់ក្រុមប្រដាប់អាវុធយេម៉ែន ហ៊ូធី បង្កការរំខានលើសពីផ្លូវដឹកជញ្ជូនដែលតភ្ជាប់ពីតំបន់ចុងបូព៌ាទៅអឺរ៉ុប ដោយវាកំពុងធ្វើឱ្យប៉ះពាល់ដល់បណ្ដាញដឹកជញ្ជូនទូទាំងពិភពលោក។
Maersk ធ្លាប់បានព្រមានកាលពីដើមខែកក្កដារួចមកហើយថា នឹងមានការពិបាកនាប៉ុន្មានខែខាងមុខ ប្រសិនបើការរំខានដដែលនៅតែបន្ត។ ជាថ្មីម្ដងទៀត ក្រុមហ៊ុននិយាយយ៉ាងដូច្នេះថា៖ «ផលប៉ះពាល់នៃការរំខានទាំងនេះ គ្របដណ្ដប់ហួសពីផ្លូវដែលរងផលប៉ះពាល់ពីដំបូងៗ ដោយបណ្តាលឱ្យមានការកកស្ទះនៅតាមបណ្ដាផ្លូវដឹកជញ្ជូនជំនួស និងមជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់ៗសម្រាប់ពាណិជ្ជកម្មជាមួយអាស៊ីបូព៌ា អាស៊ីកណ្តាលខាងលិច និងអឺរ៉ុប»។
Maersk បានបន្តថា៖ «កំពង់ផែនៅទូទាំងអាស៊ី រួមទាំងសិង្ហបុរី អូស្ត្រាលី និងទីក្រុងសៀងហៃ កំពុងពន្យារពេលដឹកជញ្ជូន ដោយសារតែនាវាត្រូវផ្លាស់ប្តូរផ្លូវ ហើយកាលវិភាគរងការរំខាន ដែលបណ្តាលមកពីបញ្ហានៅសមុទ្រក្រហម»។
ជាឧទាហរណ៍ Maersk បានលើកឡើងថា បណ្តាញដឹកជញ្ជូននៅអូសេអានីរបស់ក្រុមហ៊ុន បានរងផលប៉ះពាល់ដោយកំណកស្ទះក្នុងមជ្ឈមណ្ឌលដឹកជញ្ជូនអាស៊ីអាគ្នេយ៍ ដែលបណ្តាលមកពីកង្វះខាតឧបករណ៍ និងបញ្ហាសមត្ថភាពដឹកជញ្ជូន។

ក្រុមហ៊ុនដដែលបានបន្ថែមថា៖ «ការពន្យារនៅមជ្ឈមណ្ឌលអាស៊ីអាគ្នេយ៍ បង្កហានិភ័យជាការរំខាននៅកំពង់ផែអូស្ត្រាលី ដោយសារតែនាវានឹងចូលចុះចតផ្ទួនៗគ្នាក្រោយមកទៀត ដែលបណ្តាលឱ្យមានការរង់ចាំយូរ និងការពន្យារពេលបន្ថែមផ្សេងៗ»។
Maersk បានគូសបញ្ជាក់ផងដែរថា៖ «ការកកស្ទះ និងការរំខានបានវាតទីហួសពីមជ្ឈមណ្ឌលដឹកជញ្ជូន ទៅដល់កំពង់ផែនៅអាស៊ីឦសាន និងតំបន់មហាចិន (Greater China) ដែលបណ្តាលឱ្យមានការពន្យារពេល»។
គួរគូសបញ្ជាក់ថា ក្រុមប្រដាប់អាវុធ ហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ បានចាប់ផ្ដើមការវាយប្រហារលើនាវាដឹកជញ្ជូនស៊ីវិលនៅសមុទ្រក្រហមកាលពីឆ្នាំមុន។ ក្រុមនេះអះអាងថា ខ្លួនបើកការវាយប្រហារតែលើនាវាពាក់ព័ន្ធនឹងអ៊ីស្រាអែលប៉ុណ្ណោះ ដើម្បីបង្ហាញការគាំទ្រដល់ប៉ាឡេស្ទីន។ ការរណ៍នេះ បង្កការព្រួយបារម្ភផ្សេងៗ និងធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនពីអាស៊ីទៅអឺរ៉ុប ជៀសវាងការប្រើប្រាស់ច្រកព្រែកជីកស៊ុយអេរបស់អេហ្ស៊ីប ហើយប្ដូរទៅប្រើផ្លូវទឹកកាត់តាមច្រក Cape of Good Hope របស់អាហ្រ្វិកខាងត្បូងវិញ ដែលបន្ថែមចម្ងាយដ៏ឆ្ងាយ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


