ព័ត៌មានអន្ដរជាតិ
ថៃត្អូញត្អែរពីប្រតិបត្តិករឡានក្រុងចិន ដណ្ដើមភ្ញៀវ និងទម្លាក់តម្លៃដឹកជញ្ជូន
សមាគមប្រតិបត្តិករដឹកជញ្ជូនថៃ បានត្អូញត្អែរថា ប្រតិបត្តិករឡានក្រុងថៃប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពី ប្រតិបត្តិករចិន ដែលប្រើអាជ្ញាប័ណ្ណរបស់ភ្នាក់ងារក្នុងស្រុក និងទម្លាក់តម្លៃដឹកជញ្ជូនភ្ញៀវ ខណៈមានកំណើនជនបរទេសធ្វើការខុសច្បាប់ជាអ្នកបើកបររថយន្តបម្រើភ្ញៀវទេសចរ ដោយដណ្ដើមការងារប្រជាជនថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ប្រធានសមាគម លោក Wasuchet Sophonsathien បាននិយាយថា ប្រតិបត្តិករឡានក្រុងបរទេសខុសច្បាប់នៅតែបន្តប្រកួតប្រជែងជាមួយក្រុមហ៊ុនឡានក្រុងក្នុងស្រុង ខណៈវិស័យដឹកជញ្ជូននេះមិនទាន់ស្ទុះងើបឡើងវិញពីវិបត្តិកូវីដ១៩ស្រួលបួលផង។
លោកបានឱ្យដឹងថា នៅពេលមានភ្ញៀវទេសចរឯករាជ្យ និងក្រុមទេសចរលំដាប់ខ្ពស់ចូលមកលេងថៃកាន់តែច្រើន ជាពិសេសភ្ញៀវទេសចរចិន ក្រុមហ៊ុនបរទេសខុសច្បាប់បានបង្វែរប្រតិបត្តិការរបស់ខ្លួនពីឡានក្រុងធំៗ ទៅឡានដឹកអ្នកដំណើរធម្មតា ឬឡានដឹកអ្នកដំណើរខ្នាតតូច សម្រាប់បម្រើសេវាកម្មដឹកជញ្ជូនដល់ភ្ញៀវ។
លោក Wasuchet បានបន្តថា ជនបរទេសដែលស្នាក់នៅក្នុងប្រទេសថៃរយៈពេលយូរមួយចំនួន បានដាក់ពាក្យសុំប័ណ្ណបើកបរផ្ទាល់ខ្លួន ឬប្រើប្រាស់ប័ណ្ណបើកបរអន្តរជាតិ ដើម្បីធ្វើការជាអ្នកបើកបរបម្រើភ្ញៀវទេសចរមួយក្រុមតូច ដែលជាទង្វើខុសច្បាប់ ព្រោះថា ការបើកបរជាមុខរបរសម្រាប់តែជនជាតិថៃជាកំហិត។
លោកបានបន្តថា ប្រតិបត្តិករបរទេសមួយចំនួនផ្តល់ទាំងសេវាឡានដឹកអ្នកដំណើរធម្មតា និងឡានក្រុង ដោយប្រើឈ្មោះក្រុមហ៊ុន ឬភ្នាក់ងារក្នុងស្រុក ដើម្បីចុះបញ្ជីអាជីវកម្មរបស់ខ្លួន ហើយក្រុមហ៊ុនទាំងនេះកាត់បន្ថយតម្លៃសេវាកម្មដើម្បីទទួលប្រមូលភ្ញៀវឱ្យបានច្រើន និងពង្រីកទីផ្សារ។

មន្រ្តីដដែល បានលើកជាឧទាហរណ៍ថា ប្រតិបត្តិករថៃជាធម្មតាផ្តល់សេវាឡានក្រុងដឹកជញ្ជូនភ្ញៀវពីអាកាសយានដ្ឋានសុវណ្ណភូមិ ទៅក្រុងផាត់ថាយ៉ាក្នុងតម្លៃ ៧ ០០០ បាត ដោយគិតទាំងថ្លៃប្រេងឥន្ធនៈ ប៉ុន្តែប្រតិបត្តិករចិនវិញ កាត់បន្ថយតម្លៃនេះដល់ទៅពាក់កណ្តាល។ ប្រតិបត្តិករបែបនេះជាច្រើន បានសហការជាមួយភ្នាក់ងារ និងប្រតិបត្តិករបរទេសក្នុងបណ្តាញរបស់ពួកគេ ដូចជាសណ្ឋាគារ និងភោជនីយដ្ឋាន ដើម្បីរៀបចំក្រុមទេសចរ។
លើសពីនេះ លោក Wasuchet បានត្អូញត្អែរបន្តថា គោលនយោបាយទាក់ទាញភ្ញៀវទេសចរបរទេស ដែលអនុញ្ញាតឱ្យជនបរទេសស្នាក់ដោយមិនប្រើទិដ្ឋាការរយៈពេល ៦០ ថ្ងៃសម្រាប់ ៩៣ ប្រទេស ក៏ធ្វើឱ្យមានកំណើនកាន់តែច្រើននៃជនបរទេសធ្វើការដោយខុសច្បាប់ក្នុងអាជីវកម្មរថយន្តក្រុង និងរថយន្តដឹកទំនិញ ដើម្បីរកប្រាក់ចំណូលផងដែរ។ លោកថា ទេសចរបង់ប្រាក់សម្រាប់សេវាកម្មរបស់ពួកគេតាមរយៈកម្មវិធីទូទាត់ប្រាក់បរទេស ដែលធ្វើឱ្យអាជ្ញាធរថៃមានការលំបាកក្នុងការតាមដានប្រតិបត្តិការហិរញ្ញវត្ថុដើម្បីទារពន្ធ។
កង្វល់លើបញ្ហានេះ កើតឡើងខណៈវិស័យសេវាកម្មរថយន្តក្រុងមិនទាន់ស្ទុះងើបឡើងវិញពីវិបត្តិកូវីដ១៩នៅឡើយទេ។ បើតាមលោក Wasuchet មានតែរថយន្តក្រុងទេសចរណ៍ពី ១៣ ០០០ ទៅ ១៤ ០០០ គ្រឿងប៉ុណ្ណោះ ដែលបានដំណើរការឡើងវិញមកទល់ពេលនេះ ខណៈរថយន្តក្រុងប្រមាណ ៤០ ០០០ គ្រឿង បានធ្វើប្រតិបត្តិការក្នុង ២០១៩ ពោលគឺមុនវិបត្តិ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


