ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់លើកទឹកចិត្តនិស្សិតរៀនជំនាញវិស្វកម្មជីវវេជ្ជសាស្ត្រ ដើម្បីឆ្លើយតបតម្រូវការរបស់សង្គមជាតិ
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានជំរុញ និងលើកទឹកចិត្តដល់និស្សិតចូលរៀនជំនាញវិស្វកម្មជីវវេជ្ជសាស្ត្រឱ្យបានច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍ និងតម្រូវការរបស់សង្គមជាតិនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បន្ទប់មន្ទីរពិសោធន៍បង្ហាញគ្រាប់សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង វិស្វកម្មជីវវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទីតាំងទី២នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅថ្ងៃទី១៩វិច្ឆិកានេះ លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានមានប្រសាសន៍ថា ជំនាញវិស្វកម្មជីវវេជ្ជសាស្ត្រនេះ ជាជំនាញថ្មីមួយ ក្នុងវិស័យសុខាភិបាលដែលមានសារសំខាន់ខ្លាំងណាស់ជាចំណែកមួយមិនអាចខ្វះបាននៅតាមមន្ទីរពេទ្យ និងទីកន្លែងផ្តល់សេវាសុខាភិបាល។
លោកសាស្ត្រាចារ្យបានបន្តថា ក្រសួងសុខាភិបាលបានខិតខំជំរុញលើកកម្ពស់គុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល និងវិជ្ជាជីវៈអមសុខាភិបាល ឱ្យឈរលើសមត្ថភាពជាមូលដ្ឋាន និងប្រកបដោយសីលធម៌ គុណធម៌
វិជ្ជាជីវៈខ្ពស់ ព្រមទាំងបានខិតខំពង្រីកការបណ្តុះបណ្តាលលើជំនាញចាំបាច់ផ្សេងទៀតស្របតាមការវិវឌ្ឍ និងតម្រូវការរបស់សង្គមជាតិ ដូចករណីជំនាញវិស្វកម្មជីវវេជ្ជសាស្ត្រនេះ ជាឧទាហរណ៍ស្រាប់។ ជាមួយគ្នានេះដែរក្រសួងសុខាភិបាល តែងតែយកចិត្តទុកដាក់លើការធ្វើទំនើបកម្មសេវាសុខាភិបាលដើម្បីធានាបាននូវការព្យាបាលដែលមានប្រសិទ្ធភាពខ្ពស់ និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ។

លោកសាស្ត្រាចារ្យបានណែនាំដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលត្រូវខិតខំផ្សព្វផ្សាយដល់សាធារណជន និងអនាគតនិស្សិតឱ្យបានស្គាល់ជំនាញ វិស្វកម្មជីវវេជ្ជសាស្ត្រនេះដើម្បីបង្កើនចំនួននិស្សិតចូលរៀនក្នុងថ្នាក់បរិញ្ញាបត្ររង វិស្វកម្មជីវវេជ្ជសាស្ត្រ។ សិក្សាលទ្ធភាពក្នុងការពង្រីក pathway នៃជំនាញនេះ ឱ្យមានកម្រិតខ្ពស់ ហើយមានសមត្ថភាពដល់កម្រិតស្រាវជ្រាវ នវានុវត្តន៍ លើការបង្កើតសម្ភារៈ ឧបករណ៍វេជ្ជសាស្ត្រ សម្រាប់បម្រើដល់ការព្យាបាល ថែទាំអ្នកជំងឺ។ ត្រូវវិនិយោគបន្ថែមទៀតតាមលទ្ធភាពដែលអាចធ្វើបានដើម្បីគាំទ្រដល់ការបង្រៀន -និងរៀន ថ្នាក់បរិញ្ញាបត្ររង វិស្វកម្មជីវវេជ្ជសាស្ត្រ និងខិតខំកៀរគរជំនួយអភិវឌ្ឍនានាដើម្បីជួយគាំទ្របន្ថែម ទាំងលើទិដ្ឋភាពបច្ចេកទេស គរុកោសល្យ និងអាហារូបករណ៍និស្សិត។
លោកសាស្ត្រាចារ្យបានអំពាវនាវដល់មន្ទីរពេទ្យជាតិ ក្រុមហ៊ុន និងអង្គការនានាមេត្តាជួយគាំទ្រក្នុងការទទួលនិស្សិតថ្នាក់បរិញ្ញាបត្ររង វិស្វកម្មជីវវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល ធ្វើកម្មសិក្សា និងជ្រើសរើសមកបំពេញការងារ ក្រោយពួកគាត់បញ្ចប់ការសិក្សា និងសំណូមពរឱ្យសាធារណរដ្ឋឆែកមេត្តាបន្តជួយគាំទ្រសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាពិសេសលើការបណ្តុះបណ្តាលគ្រូ និងបំពាក់បន្ថែមហេដ្ឋារចនាសម្ព័ន្ធបង្ហាញត្រាប់ សម្រាប់ជំនាញវិស្វកម្មជីវវេជ្ជសាស្ត្រនេះ។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានមានប្រសាសន៍ថា ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររងវិស្វកម្មវេជ្ជជីវសាស្ត្រនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងការរៀបចំបន្ទប់មន្ទីរពិសោធន៍អនុវត្ត បង្ហាញត្រាប់ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង វិស្វកម្មជីវវេជ្ជសាស្ត្រនេះធ្វើឡើងតាមរយៈគំនិតផ្តួចផ្តើម និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់លោក
សាស្ត្រាចារ្យ ម៉ម ប៊ុនហេង អតីតរដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងជាអតីតប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានសហការជាមួយវិទ្យាស្ថានបច្ចេក
វិទ្យាកម្ពុជា បង្កើតកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង វិស្វកម្មជីវវេជ្ជសាស្ត្រដែលមានរយៈពេលសិក្សា ចំនួន ០៣ឆ្នាំ។ កម្មវិធីសិក្សានេះទទួលបានការទទួលស្គាល់ពីក្រសួងសុខាភិបាល នៅឆ្នាំ ២០១៧។ និស្សិតដែលបញ្ចប់ការសិក្សាពីកម្មវិធីនេះ នឹងទទួលបានសញ្ញាបត្រចំនួន ០២ ដោយមួយចេញដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមួយទៀតចេញដោយវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា។

ចាប់តាំងពីឆ្នាំសិក្សា ២០១៩-២០២០មកដល់ឆ្នាំសិក្សា២០២៣-២០២៤នេះ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
បានទទួលនិស្សិតចូលរៀនបានចំនួន ០២ជំនាន់ និងមាននិស្សិតសរុបចំនួន ២០នាក់ (ស្រី ១០ នាក់)។ និស្សិតដែលសិក្សាជំនាញនេះ មានឱកាសធ្វើកម្មសិក្សានៅមន្ទីរពេទ្យកាលម៉ែត វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រុមហ៊ុន DKSH។
លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានបន្តថា ចាប់តាំងពីឆ្នាំ២០០០ មកតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក និងសាកលវិទ្យាល័យបច្ចេកវិទ្យានៃទីក្រុងប្រាក សាធារណៈរដ្ឋឆែក សាធារណៈរដ្ឋឆែកជួយកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រនេះ ដែលរួមមាន៖ ១)ការរៀបចំបន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់ ចំនួន ០១បន្ទប់ ២) ការរៀបចំសន្និសីទអន្តរជាតិ ផ្តោតលើសារៈប្រយោជន៍ និងការចូលរួមរបស់ជំនាញវិស្វកម្មជីវវេជ្ជសាស្ត្រ ក្នុងប្រព័ន្ធសុខាភិបាល ៣)ការរៀបចំជាសម្ភារៈផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាល បរិញ្ញាបត្ររង វិស្វកម្មជីវវេជ្ជសាស្ត្រ ៤) ការពង្រឹងសមត្ថភាពគ្រូ សម្រាប់ការបណ្តុះបណ្តាល បរិញ្ញាបត្ររងវស្វកម្មតវេជ្ជសាស្ត្រ ៥) ការបង្កើតគេហទំព័រអំពីការបណ្តុះបណ្តាល បរិញ្ញាបត្ររង វិស្វកម្មជីវវេជ្ជសាស្ត្រ។

ជាលទ្ធផល មកដល់ពេលបច្ចុប្បន្ននេះ ជំនួយរបស់សាធារណរដ្ឋឆែករួមមានបានបណ្តុះបណ្តាលគ្រូចំនួន ០៥នាក់
ធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា នៃទីក្រុងប្រាកសាធារណៈរដ្ឋឆែក។ និស្សិត ចំនួន០៥នាក់
ចូលរួមវគ្គបណ្តុះបណ្តាលនៅសាកលវិទ្យាល័យបច្ចេកវិទ្យា នៃទីក្រុងប្រាក សាធារណៈរដ្ឋឆែក។ សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យបច្ចេកវិទ្យា នៃទីក្រុងប្រាក សាធារណៈរដ្ឋឆែក បានអញ្ជើញមកបណ្តុះបណ្តាលគ្រូបង្គោល និងនិស្សិត
នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានចំនួន ០២ លើក។ បានពង្រាង Website សម្រាប់កម្មវិធីបរិញ្ញាបត្ររងវិស្វកកម្មជីវវេជ្ជសាស្ត្រ ។ បានពង្រាង Poster ដើម្បីផ្សព្វផ្សាយកម្មវិធីបរិញ្ញាបត្ររងវិស្វកកម្មជីវវេជ្ជសាស្ត្រ ។ បានពង្រាង Video ដើម្បីផ្សព្វផ្សាយកម្មវិធីបរិញ្ញាបត្ររងវិស្វកកម្មជីវវេជ្ជសាស្ត្រ។ បានទទួលសម្ភារៈ ឧបករណ៍មួយចំនួនបំពាក់នៅមន្ទីរពិសោធន៍បង្ហាញត្រាប់របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងបានរៀបចំបន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់ចំនួន ០១ បន្ទប់ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានបន្ថែមថា បន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់នេះមានទីតាំងនៅជាន់ទី១ អាគារអមវេជ្ជសាស្ត្រ នៃទីតាំងទី២ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមានទំហំ ៧៦ ម” ត្រូវបានចាប់ផ្តើមជួសជុល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ និងបានបញ្ចប់រួចរាល់ព្រមទាំងបានបំពាក់សម្ភារៈ ឧបករណ៍សម្រាប់សិក្សាបង្ហាញត្រាប់សរុបចំនួន ២៥ប្រភេទ។ ការជួសជុល និងបំពាក់សម្ភារៈទាំងនេះគឺជាចំណាយទាំងស្រុងរបស់សាធារណរដ្ឋឆែក។
លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋឆែក ដែលបានជួយផ្តល់ការគាំទ្រទាំងបច្ចេកទេស និងថវិកាដើម្បីពង្រឹងគុណភាពនៃការបណ្តុះបណ្តាល និស្សិតថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


