ព័ត៌មានជាតិ
កម្ពុជាបានចំណាយទឹកប្រាក់ជិត៦ពាន់លានដុល្លារនៃប្រព័ន្ធគាំពារសង្គម និងថវិកាពិសេសអំឡុងប្រយុទ្ធនឹងជំងឺកូវីដ១៩
យ៉ាងណាស់ប្រជាពលរដ្ឋជាង៧លាននាក់បានទទួលនូវការជួយគាំទ្រនានាពីរដ្ឋាភិបាលនៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្នុងរយៈពេល៦ឆ្នាំមកនេះ ដែលគិតជាទឹកប្រាក់មានជា៤,៣ ពាន់លានដុល្លារ ខណៈក្នុងរយៈពេល៤៦ខែនៃកញ្ចប់ថវិកាពិសេសអំឡុងការផ្ទុះការរីករាលដាលនៃជំងឺកូវិដ១៩ រដ្ឋាភិបាលបានចំណាយនូវទឹកប្រាក់ជាង ១, ៣៦ ពាន់លានដុល្លារ សម្រាប់គ្រួសារមានបណ្ណសមធម៌ ជាង ៧០ ម៉ឺនគ្រួសារ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាថ្លែងនៅក្នុងកម្មវីធី សន្និសីទជាតិ ស្តីពីសមិទ្ធផលនៃប្រព័ន្ធគាំពារសង្គមកម្ពុជានៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិការថា ចាប់តាំងពីរាជរដ្ឋាភិបាលបានអនុម័តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ នៅឆ្នាំ២០១៧ មក, ការដាក់ចេញនូវ អន្តរាគមន៍គាំពារសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីគាំពារពលរដ្ឋ នាពេលកន្លងទៅ រួមមាន ការពង្រឹងភាពធន់របស់ពលរដ្ឋ ដោយផ្តល់ការគាំពារ តាមរយៈកម្មវិធីជាតិ ជំនួយសង្គម និង របបសន្តិសុខសង្គម ជាប្រក្រតី ដោយផ្តោតលើការអភិវឌ្ឍ មូលធនមនុស្ស, សមត្ថភាព និង កាលានុវត្តភាពការងារ; និង ការជួយរក្សាលំនឹងជីវភាពពលរដ្ឋ ក្នុងគ្រាមានគ្រោះអាសន្ន តាមរយៈ ការផ្តល់នូវការគាំពារបន្ថែម ដោយប្រកាន់ខ្ជាប់នូវស្មារតី «មិនបោះបង់ ពលរដ្ឋណាម្នាក់» ។
លោកថ្លែងថា៖«ខ្ញុំសូមបញ្ជាក់បន្ថែមថា វិសាលភាព របស់ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុន ជាង ២ ដង, បើធៀបនឹងឆ្នាំ ២០១៧, ដោយ បច្ចុប្បន្ន, ប្រព័ន្ធគាំពារសង្គមកំពុងគ្របដណ្តប់ពលរដ្ឋ ជាង ៧ លាននាក់, ខណៈដែល ចំណាយថវិកាជាតិ ក៏បានកើនធំជាងមុន ជាង ៣ ដង» ។

លោកថាបើគិតជារួម, ទំហំចំណាយ ថវិកាសរុប លើប្រព័ន្ធគាំពារសង្គម មានចំនួនជាង ១៧,៥ ទ្រីលានរៀល, សមមូល នឹង ប្រមាណ ៤,៣ ប៊ីលានដុល្លារអាម៉េរិក, ចាប់តាំងពីរាជរដ្ឋាភិបាល បានដាក់ ចេញនូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ក្នុងឆ្នាំ ២០១៧ មក ។
លោកបានគូសបញ្ជាក់ថា គិតជាមធ្យម, អ្នកទទួល ផលម្នាក់ៗ ទទួលបាននូវថវិកាចំនួន ៤,៧ លានរៀល, សមមូលនឹង ១ ១៨៥ ដុល្លារ អាម៉េរិក, ក្នុងនោះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩, ដែល ត្រូវបានអនុវត្តរយៈពេល ៤៦ ខែ, បានចំណាយថវិកាជាតិសរុបប្រមាណ ៥,៤ ទ្រីលាន រៀល, សមមូលនឹង ១, ៣៦ ពាន់លានដុល្លារអាម៉េរិក, សម្រាប់គ្រួសារមានបណ្ណសមធម៌ ជាង ៧០ ម៉ឺនគ្រួសារ, ដោយគ្រួសារនីមួយៗ ទទួលបានថវិការឧបត្ថម្ភជាមធ្យម ចំនួន ១ ៩៤៩ ដុល្លារ ឬ ៤២ ដុល្លារ ក្នុងមួយខែ ឬ ៥០៤ ដុល្លារ ក្នុងមួយឆ្នាំ ។
លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា៖«ការទទួលបានថវិកាឧបត្ថម្ភនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុង ការជួយសម្រួល និង ការរក្សាលំនឹងជីវភាពគ្រួសារពលរដ្ឋ, ទាំងក្នុងពេលប្រក្រតី និង ពេលមានគ្រោះអាសន្ន, ព្រមទាំងបានធ្វើឱ្យស្ថានភាពសុខភាព និង ការអប់រំរបស់សមាជិក គ្រួសារ មានភាពប្រសើរឡើង ផងដែរ »។

« ការវិនិយោគដ៏ច្រើននេះ បាន ផ្តល់ផលវិជ្ជមាន ដល់ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, ការអភិវឌ្ឍមូលធនមនុស្ស និង ការកាត់បន្ថយ ភាពក្រីក្រ ដោយបានធ្វើឱ្យគោលនយោបាយគាំពារសង្គម ក្លាយជាគោលនយោបាយ ដ៏សំខាន់ និង មិនអាចខ្វះបាន ព្រមទាំងត្រូវបានកំណត់យ៉ាងច្បាស់ ក្នុង យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាល ទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្នុងគោលបំណងបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ សំដៅ កាត់បន្ថយវិសមភាពសង្គម និង ពង្រឹងសាមគ្គីធម៌ ក្នុងសង្គម» នេះបើយោងតាមលោក ព័ន្ធមុនីរ័ត្ន ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


