ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តកម្មវិធីជាតិគាំពារសង្គមដើម្បីជួយជំរុញពលរដ្ឋក្រីក្រឱ្យចាកចេញពីភាពក្រីក្រ
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តនូវ «កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ»ក្នុងគោលបំណងកសាងសមត្ថភាព និង ភាពធន់ ព្រមទាំង លើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ ដែលជាការបោះជំហានថ្មីមួយបន្ថែមទៀត ក្នុងដំណើរនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយឈរលើអភិក្រម ៖ «ពង្រឹងប្រព័ន្ធ ដើម្បីពង្រីកការគ្របដណ្តប់», និង ឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់», សំដៅបន្តអភិវឌ្ឍមូលធនមនុស្ស, លើកកម្ពស់កម្រិតជីវភាពពលរដ្ឋ, និង កាត់បន្ថយភាពក្រីក្រ ព្រមទាំង កសាងភាពធន់របស់ពលរដ្ឋ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមលោក ចន ណារិទ្ធ ឱ្យដឹងថា កម្មវិធីគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រត្រូវបានគិតគូរនឹងរៀបចំយ៉ាងយកចិត្តទុកដាក់ចាប់តាំងពីឆ្នាំ២០១៦មក លើវិធីសាស្ត្រដើម្បីជំរុញការចាកចេញពីភាពក្រីក្រ តាមរយៈប្រព័ន្ធគាំពារសង្គម ត្រូវបានចាប់ផ្តើមគិតគូរ និងសិក្សាស្រាវជ្រាវជាលើកដំបូង នៅកម្ពុជា។ លុះដល់ឆ្នាំ២០២០ បន្ទាប់ពីការសិក្សា, រាជរដ្ឋាភិបាលបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ចាប់ផ្តើមអនុវត្តគម្រោងសាកល្បងកិច្ចគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ ដោយមានកិច្ចសហការពីក្រសួង-ស្ថាប័ន, អាជ្ញាធរថ្នាក់ក្រោមជាតិ, និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ សម្រាប់គ្រួសារចំនួន ២ ៤១៤ គ្រួសារ។ គម្រោងសាកល្បងនេះបានបិទបញ្ចប់កាលពីឆ្នាំ២០២៤ ប្រកបដោយភាពជោគជ័យ ដោយបានជំរុញការចាកចេញពីភាពក្រីក្រ នៅតំបន់គោលដៅខាងលើ ដែលការវាយតម្លៃបានបង្ហាញថា អត្រាភាពក្រីក្ររបស់គ្រួសារទទួលបានអន្តរាគមន៍ បានធ្លាក់ចុះប្រមាណ ១៨,៨%, ខណៈដែលប្រាក់ចំណូលមានការកើនឡើងប្រមាណ ៣៨,៦% និងចំណាយប្រចាំថ្ងៃក្នុងសមាជិកម្នាក់ៗ មានការកើនឡើងចំនួន ១៣% ធៀបនឹងគ្រួសារមិនទទួលបានអន្តរាគមន៍។

លោក ចន ណារិទ្ធ អះអាងថា ផ្អែកលើលទ្ធផលវិជ្ជមានក្រុមប្រឹក្សាជាតិគាំពារសង្គមបានប្រែក្លាយគម្រោងសាកល្បង ឱ្យទៅជាកម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ដែលរាជរដ្ឋាភិបាលបានសម្រេចចាប់ផ្តើមដាក់ឱ្យអនុវត្តក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ ចាប់ពីឆ្នាំ ២០២៦ ជាមួយគ្រួសារគោលដៅសរុបចំនួន ៥ ០០០ គ្រួសារ និងបន្តពង្រីកវិសាលភាពជាជំហានៗ ដោយមានគោលដៅ ជំរុញគ្រួសារគោលដៅសរុបប្រមាណ ២០ម៉ឺន គ្រួសារឱ្យស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ សម្រាប់រយៈពេល ១០ ឆ្នាំ, ពោលគឺចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣៦។
បើតាមបណ្ឌិត ចន ណារិទ្ធ តាមរយៈកម្មវិធីនេះ គ្រួសារនីមួយៗនឹងទទួលបានកញ្ចប់អត្ថប្រយោជន៍ដែលមានភាពប្រទាក់ក្រឡា និងបំពេញឱ្យគ្នា ចំនួន ៤ សំខាន់ៗ សម្រាប់រយៈពេល ២៤ ខែ រួមមាន៖ ទី១). ការបណ្តុះបណ្តាល និងបង្វឹកអំពីការបង្កើតមុខរបរ និងបំណិនជីវិត។ ទី២). ការឧបត្ថម្ភសាច់ប្រាក់សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាល និងបង្វឹក។ ទី៣). ការផ្តល់ប្រាក់ដើមទុនសម្រាប់ទិញទ្រព្យសកម្ម និងទី៤). ការចុះសួរសុខទុក្ខ និងបង្វឹកតាមខ្នងផ្ទះ (Home visit and coaching)។

ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គបណ្ឌិត្យសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គមថ្លែងថា រាជរដ្ឋាភិបាល បានរៀបចំដាក់ឲ្យអនុវត្ត នូវ «កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ»នេះឡើង ក្នុងគោលបំណងកសាងសមត្ថភាព និង ភាពធន់ ព្រមទាំង លើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ ។ កម្មវិធីជាតិនេះ នឹងក្លាយជាគន្លងថ្មីមួយ សម្រាប់គ្រួសារគោលដៅ ក្នុងដំណើរឆ្ពោះទៅការចាកចេញពីភាពក្រីក្រ ជាជំហានៗ និង ប្រកបដោយចីរភាព ព្រមទាំង ចូលរួមចំណែកក្នុងការលើកកម្ពស់ និង ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ស្របតាម ចក្ខុវិស័យដ៏ពិសិដ្ឋ របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី, នោះគឺ៖ «ការបង្រៀនពលរដ្ឋ ស្ទូចត្រី, បន្ថែមលើការផ្តល់ត្រី ដល់ពួកគាត់» ។លោកឧបនាយករដ្ឋមន្ត្រី
លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថាកម្មវិធីជាតិ ដែលត្រូវប្រកាសដាក់ឲ្យអនុវត្តនេះមានគោលដៅ ចម្បង ចំនួន ៤ គឺទី១). ផ្តល់ការគាំទ្រផ្នែកជំនួយសង្គម ប្រកបដោយប្រសិទ្ធភាព ដោយរួមបញ្ចូលការ- បណ្តុះបណ្តាល និង ការបង្វឹកជំនាញ និង បំណិនជីវិត, ព្រមទាំង ជំនាញទុននានា។ ទី២). បង្កើនសមត្ថភាព និង ភាពធន់ របស់គ្រួសារក្រីក្រ ក្នុងការគ្រប់គ្រងហានិភ័យផ្សេងៗ រួមទាំងហានិភ័យពីការប្រែប្រួលអាកាសធាតុ។ ទី៣). ជំរុញការទទួលបានឱកាសទីផ្សារសម្រាប់គ្រួសារក្រីក្រ រួមទាំងការតភ្ជាប់ កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ជាមួយកម្មវិធីគាំពារសង្គមដទៃទៀតដែលមានស្រាប់ និង អនុវត្តការបញ្ចូនបន្ត ទៅសេវាបំពេញបន្ថែមផ្សេងទៀត; និងទី៤). ពង្រឹងសមត្ថភាពស្ថាប័នពាក់ព័ន្ធ, ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការ- អនុវត្តកម្មវិធីនានា ក្នុងប្រព័ន្ធគាំពារសង្គម ។

លោកឧបនាយករដ្ឋមន្ត្រីថា ការដាក់ឲ្យអនុវត្ត នូវ «កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ» នាពេលនេះ ក៏សរបញ្ជាក់ច្បាស់ អំពីការប្តេជ្ញាចិត្តថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមនុស្ស, ការលើកកម្ពស់ជីវភាពពលរដ្ឋ, ការកាត់បន្ថយភាពក្រីក្រ, រួមទាំងការកសាងភាពធន់របស់ពលរដ្ឋ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈប្រព័ន្ធគាំពារសង្គម៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


