ព័ត៌មានអន្ដរជាតិ
អាមេរិក៖ កូរ៉េខាងជើង កំពុងទាញបទពិសោធន៍សង្គ្រាមនៅអ៊ុយក្រែន ដើម្បីប្រឆាំងប្រទេសជិតខាង
សហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២៥ថា កងទ័ពកូរ៉េខាងជើងកំពុងទទួលបទពិសោធន៍ ខណៈកំពុងជួយរុស្ស៊ីធ្វើសង្គ្រាមលុកលុយអ៊ុយក្រែន ហើយនេះគឺជាផលប្រយោជន៍មួយសម្រាប់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដែលអាចបង្កើនសមត្ថភាពត្រៀមធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសក្បែរខាង។

ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Dorothy Camille Shea បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖ «កូរ៉េខាងជើងកំពុងទទួលបានអត្ថប្រយោជន៍យ៉ាងសំខាន់ពីការទទួលបានឧបករណ៍យោធា បច្ចេកវិទ្យា និងបទពិសោធន៍របស់រុស្ស៊ី ដែលធ្វើឲ្យខ្លួនកាន់តែមានសមត្ថភាពធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសជិតខាង»។
លោកស្រី Shea បានសំដៅទៅលើការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងរបស់កូរ៉េខាងជើងកាលពីថ្ងៃទី៦ខែមករា។
លោកស្រីបានបន្ថែមថា៖ «កូរ៉េខាងជើងទំនងជាចង់ប្រើប្រាស់ការកែលម្អទាំងនេះ ដើម្បីលើកកម្ពស់ការលក់អាវុធ និងកិច្ចសន្យាបណ្តុះបណ្តាលយោធាជាសកល»។
ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់កូរ៉េខាងជើង លោក Kim Song បានចាត់ទុកការសាកល្បងមីស៊ីលកាលពីថ្ងៃទី៦ខែមករា ជាផ្នែកមួយនៃផែនការ ដើម្បីបង្កើនសមត្ថភាពការពាររបស់ប្រទេស។ លោកបានចោទសហរដ្ឋអាមេរិកអំពីគោលនយោបាយលម្អៀង ដោយរៀបរាប់ថា៖ «នៅពេលដែលចំនួនជនស៊ីវិលស្លាប់លើសពី ៤៥ ០០០នាក់នៅតំបន់ហ្គាហ្សា សហរដ្ឋអាមេរិកបានយកលេសថាអំពើឃោរឃៅសម្លាប់រង្គាលរបស់អ៊ីស្រាអែលគឺជាសិទ្ធិក្នុងការការពារខ្លួន។ ទន្ទឹមនោះ អាមេរិកបែរជាជំទាស់ជាមួយនឹងការអនុវត្តស្របច្បាប់នៃសិទ្ធិការពារខ្លួនរបស់កូរ៉េខាងជើងទៅវិញ»។
ចំណែកឯឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានលើកឡើងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាអ្នកបង្ករឿងធ្វើឲ្យកូរ៉េខាងជើងត្រូវមានសមយុទ្ធយោធា។ លោកក៏បានច្រានចោលផងដែរ ចំពោះការចោទប្រកាន់របស់អាមេរិកដែលថា រុស្ស៊ីមានបំណងចែករំលែកបច្ចេកវិទ្យាផ្កាយរណប និងអវកាសឲ្យកូរ៉េខាងជើង។
ដោយឡែក ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់កូរ៉េខាងត្បូង លោក Joonkook Hwang បានប្រាប់ក្រុមប្រឹក្សាថា ទាហានកូរ៉េខាងជើង «ជាទាសករដ៏សំខាន់របស់លោក គីម ជុងអ៊ុន ដែលត្រូវបានលាងខួរក្បាល ដើម្បីបូជាជីវិតរបស់ពួកគេនៅលើសមរភូមិ សម្រាប់រៃអង្គាសប្រាក់ឲ្យរបបរបស់គាត់ និងធានាបាននូវបច្ចេកវិទ្យាយោធាទំនើបពីប្រទេសរុស្ស៊ី»។
សូមបញ្ជាក់ថា កូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦ ហើយវិធានការនេះត្រូវបានពង្រឹងជាលំដាប់ក្នុងរយៈពេលជាច្រើនឆ្នាំក្នុងគោលបំណងបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលប៉ាលិស្ទិករបស់ទីក្រុងព្យុងយ៉ាង៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


