ព័ត៌មានអន្ដរជាតិ
ប្រទះឃើញផ្នូរដ៏ធំ២កន្លែងកប់សាកសពជនចំណាកស្រុកជិត៥០នាក់នៅលីប៊ី
អាជ្ញាធរលីប៊ីបានរកឃើញសាកសពជិត៥០នាក់ពីផ្នូរដ៏ធំចំនួនពីរនៅវាលខ្សាច់ភាគអាគ្នេយ៍របស់ប្រទេស នៅក្នុងសោកនាដកម្មចុងក្រោយបង្អស់មួយដែលពាក់ព័ន្ធនឹងជនចំណាកស្រុកមកពីតំបន់អាហ្វ្រិកខាងត្បូងទៅកាន់ទ្វីបអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១០ខែកុម្ភៈនេះ។

លោក Mohamed al-Fadeil ប្រធានសភាសន្តិសុខនៅទីក្រុង Kufra បានឲ្យដឹងថា ផ្នូរដ៏ធំមួយត្រូវបានរកឃើញកាលពីថ្ងៃសុក្រនៅក្នុងកសិដ្ឋានមួយភាគអាគ្នេយ៍នៃទីក្រុង Kufra ដោយមានសាកសពចំនួន១៩នាក់។ ចំណែកផ្នូរដ៏ធំទីពីរដែលមានសាកសពយ៉ាងហោចណាស់៣០ក៏ត្រូវបានរកឃើញនៅក្នុងទីក្រុងនេះដូចគ្នា បន្ទាប់ពីអាជ្ញាធរបានឆ្មក់ចូលមជ្ឈមណ្ឌលឃុំឃាំងជនចំណាកស្រុក ហើយសាកសពទាំងអស់ត្រូវបានគេយកទៅធ្វើកោសល្យវិច័យ។
លោកបានបន្ថែមថា មនុស្សជិត៧០នាក់ត្រូវបានកប់នៅក្នុងទីតាំងនោះ ខណៈអាជ្ញាធរកំពុងបន្តស្វែងរកក្នុងតំបន់នោះ។
Al-Abreen ដែលជាអង្គការសប្បុរសធម៌ដែលជួយជនចំណាកស្រុក និងជនភៀសខ្លួននៅភាគខាងកើត និងភាគខាងត្បូងប្រទេសលីប៊ី បាននិយាយថា មនុស្សមួយចំនួនដែលបានរកឃើញនៅក្នុងផ្នូរដ៏ធំត្រូវបានបាញ់សម្លាប់មុនពេលពួកគេត្រូវបានគេបញ្ចុះ។
អង្គការនេះបានឲ្យដឹងថាក្រុមជួញដូរមនុស្សបានទទួលផលប្រយោជន៍ពីការរត់ពន្ធនេះជាងមួយទសវត្សរ៍មកហើយតាមរយៈការរត់ពន្ធជនចំណាកស្រុក និងជនភៀសខ្លួនឆ្លងកាត់ព្រំដែនរបស់ប្រទេសជាមួយនឹងប្រទេសចំនួនប្រាំមួយ រួមមានប្រទេស ឆាដ, នីហ្សេ, ស៊ូដង់, អេហ្ស៉ីប, អាល់ហ្សេរី និង ទុយនីស៊ី។

ក្រុមសិទ្ធិមនុស្ស និងទីភ្នាក់ងារអង្គការសហប្រជាជាតិ អស់រយៈពេលជាច្រើនឆ្នាំបានចងក្រងឯកសារអំពីការរំលោភបំពានជាប្រព័ន្ធលើអ្នកស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសលីប៊ី រួមទាំងការបង្ខំឱ្យធ្វើការ ការវាយដំ ការចាប់រំលោភ និងការធ្វើទារុណកម្ម។ ការរំលោភបំពាននេះជារឿយៗអមជាមួយនឹងការជំរិតទារប្រាក់ពីក្រុមគ្រួសាររបស់ពួកគេ មុនពេលពួកគេត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសលីប៊ី។
លើសពីនេះអ្នកដែលត្រូវបានស្ទាក់ចាប់ និងបញ្ជូនត្រឡប់ទៅប្រទេសលីប៊ីវិញ ត្រូវបានឃុំខ្លួនក្នុងមណ្ឌលឃុំឃាំងដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដែលពួកគេទទួលរងការរំលោភបំពាននានាដូចជាការធ្វើទារុណកម្ម ការរំលោភ និងការជំរិតទារប្រាក់។

គួរបញ្ជាក់ថា ផ្នូរដ៏ធំដែលមានសាកសពអ្នកស្វែងរកសិទ្ធិជ្រកកោន ក៏ធ្លាប់ត្រូវបានគេរកឃើញនៅក្នុងប្រទេសលីប៊ី ដែលជាចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់ជនចំណាកស្រុកមកពីទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ា ទៅកាន់អឺរ៉ុបផងដែរ។ កាលពីឆ្នាំមុន អាជ្ញាធរបានរកឃើញសាកសពជនចំណាកស្រុកយ៉ាងតិច៦៥នាក់ នៅក្នុងតំបន់ Shuayrif ភាគខាងត្បូងនៃរដ្ឋធានី Tripoli។
ប្រទេសលីប៊ីបានធ្លាក់ចូលទៅក្នុងភាពវឹកវរបន្ទាប់ពីការបះបោរគាំទ្រដោយអង្គការណាតូ ដែលបានផ្តួលរំលំ និងសម្លាប់មេដឹកនាំលីប៊ី លោក Muammar Gaddafi ក្នុងឆ្នាំ២០១១។ ប្រទេសសម្បូរទៅដោយប្រេងនេះត្រូវបានគ្រប់គ្រងអស់ជាច្រើនទសវត្សរ៍កន្លងមកដោយរដ្ឋាភិបាលគូប្រជែងនៅភាគខាងកើត និងខាងលិចលីប៊ី ដែលក្រុមនីមួយៗគាំទ្រដោយក្រុមប្រយុទ្ធ និងរដ្ឋាភិបាលបរទេស៕


អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


