Connect with us

ព័ត៌មានជាតិ

ចិន​ផ្តល់​បរិក្ខារ​តេស្ត​រក​​វីរុស​កូ​វីដ​-១៩​ខ្នាត​ធំ​មួយគ្រឿង​ដល់​កម្ពុជា ដែលនឹង​មកដល់​នៅ​ដើម​ខែមេសា​

បានផុស

នៅ

​ស្ថានទូតនៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៤ ខែមីនា នេះ​ថា បរិក្ខារ​តេស្ត​រក​ជំងឺ​វីរុស​កូ​វីដ​-១៩ ខ្នាត​ធំ​មួយគ្រឿង ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន នឹង​មកដល់​នា​ដើម​ខែមេសា​ខាងមុខនេះ ហើយ​បរិក្ខារ​តេស្ត​រក​ជំងឺ​វីរុស​កូ​វីដ​-១៩ ខ្នាត​ធំ​នេះ នឹងដាក់​នៅ​ខេត្ត​ព្រះសីហនុ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ស្ថានទូត​ដដែល ភាគី​ចិន​នឹង​បញ្ជូន​ក្រុម​អ្នកជំនាញ​មកកាន់​ប្រទេស​កម្ពុជា​ផងដែរ ដើម្បី​ជួយ​សម្រួល​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ក្នុងការ​តំឡើង រៀបចំ និង​បណ្ដុះបណ្ដាល​ជូន​ដល់​បុគ្គលិក​ពាក់ព័ន្ធ​។ បន្ទាប់ពី​ដាក់ឱ្យ​ប្រើប្រាស់ សំណាក​តេស្ត​រក​វីរុស​របស់​ខេត្ត​ព្រះសីហនុ ខេត្ត​កែប ខេត្តកំពត និង​ខេត្ត​មួយចំនួន ដែល​នៅក្បែរនោះ នឹង​ត្រូវបាន​បញ្ជូនមក​កាន់​ខេត្ត​ព្រះសីហនុ ហើយ​បរិក្ខារ​នេះ នឹង​អាចជួយ​ដល់​ភាគី​កម្ពុជា ក្នុងការ​បង្កើនល្បឿន​តេស្ត​រក​ជំងឺ​វីរុស ជួយ​សន្សំ​ថវិកា​ទប់ស្កាត់​នឹង​ជំងឺ​វីរុស ហើយ​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​អាចអនុវត្ត​កាន់តែ​ល្អប្រសើរ​។​

សូមបញ្ជាក់ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ស៊ី​ណូ​ហ្វា​ម ដែលជា​ជំនួយ​បន្ថែម​របស់​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ចំនួន​៣០​ម៉ឺន​ដូ​ស​ថែមទៀត ដែលជា​ជំនួយ​វ៉ាក់សាំង​លើក​ទី​២ បន្ថែម​ពីលើ​ជំនួយ​១ លាន​ដូ​ស ដែល​ប្រទេស​ចិន​ផ្តល់ជូន​កម្ពុជា​កន្លងទៅ តាមរយៈ​ក្រសួងការពារជាតិ​រប​ស់​ចិន ប្រគល់ជូន​ក្រសួងការពារជាតិ​កម្ពុ​ជា នឹង​មកដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ខាងមុខ​។​

ដោយឡែក វ៉ាក់សាំង​ប្រភេទ Sinovac របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំនួន​១,៥​លាន​ដូ​ស ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ចិន​នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ តាម​ជើងហោះហើរ​ក្រុមហ៊ុន​អាកាសចរណ៍ China Southern ហើយ​ពិធី​ទទួល​វ៉ាក់សាំង​ប្រភេទ Sinovac នេះ​នឹង​ធ្វើឡើង ក្រោម​វត្តមាន​របស់លោក វ​ង្ស៉ី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​។ ចំណែកឯ​ភាគី​ចិន នឹង​តំណាង​ដោយ​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម