ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ប្រាប់បរទេសខ្លះកុំយកជំនួយធ្វើជាថ្នូរនឹងការបង្គាប់បញ្ជាលើកម្ពុជា
ថ្លែងចេញពីទីក្រុងឌីលី ប្រទេសទីម័រខាងកើត នៅព្រឹកថ្ងៃសុក្រនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់ប្រទេសជាមិត្ត ក៏ដូចជាស្ថាប័នបរទេសមួយចំនួន កុំយកជំនួយធ្វើជាថ្នូរនឹងការបង្គាប់បញ្ជាមកលើកម្ពុជាឱ្យសោះ។ សម្ដេចតេជោ ថា ជំនួយបែបនេះ កម្ពុជាមិនត្រូវការឡើយ។

អញ្ជើញធ្វើបាឋកថាក្រោមប្រធានបទ«មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រ ឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» ជូនដល់ថ្នាក់ដឹកនាំ និងរបស់មន្ត្រីជាន់ខ្ពស់របស់ទីម័រ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ភាពជាម្ចាស់លើជោគវាសនាប្រទេសជាតិ មានតម្លៃបំផុតសម្រាប់រក្សាឯករាជ្យជាតិ តែបើប្រជាជាតិមួយបាត់បង់នូវម្ចាស់ការលើជោគវាសនារបស់ខ្លួន នោះហើយ ដែលប្រទេសជាតិត្រូវទទួលរងការបែកបាក់ និងគ្រោះមហន្ដរាយជាមិនខាន។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា អះអាងថា ទោះបីជាកម្ពុជាទទួលបានការជំនួយពីមិត្ដបរទេស ក៏ដូចជាពីអង្គការសហប្រជាជាតិក្ដី តែសន្ដិភាពយូរអង្វែង មិនអាចកើតបានទេ បើសិនបើម្ចាស់ប្រទេស មិនខិតខំផ្ដួចផ្ដើម និងកសាងដោយខ្លួនឯង។ ក្នុងន័យនេះ សម្ដេច បានគូសរំលេចពីមនុញ្ញផលនៃនយោបាយឈ្នះឈ្នះ ដែលផ្ដួចផ្ដើមឡើងដោយជនជាតិខ្មែរ ចូលរួមអនុវត្ដ និងទទួលផលដោយជនជាតិខ្មែរដូចសព្វថ្ងៃនេះ។
សម្ដេចតេជោ បានបញ្ជាក់ពីការរងទុក្ខវេទនារបស់កម្ពុជាពីអតីតកាល ដោយសារការជ្រៀតជ្រែករបស់បរទេស បានធ្វើឱ្យភាពជាម្ចាស់របស់កម្ពុជា ត្រូវបានគេដណ្ដើមយកតាមរយៈបង្គាប់បញ្ជា និងចង្អុលបង្ហាញរបស់បរទេសឱ្យកម្ពុជាធ្វើនេះធ្វើនោះ តាមគោលគំនិតរបស់គេ បើសិនមិនធ្វើតាម គឺគេកាត់ជំនួយ។

ផ្អែកលើបទពិសោធន៍ពីអតីតកាលនេះ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានទទូចដល់ប្រទេស និងស្ថាប័នដៃគូផ្តល់ជំនួយទាំងអស់ គោរពភាពជាម្ចាស់ និងឯករាជ្យរបស់កម្ពុជា មិនត្រូវបង្គាប់បញ្ជាឱ្យកម្ពុជាធ្វើតាមចិត្តរបស់ខ្លួន ជាថ្នូរនឹងជំនួយនោះឡើយ។ សម្ដេច ហ៊ុន សែន ក៏បានលើកពីការជួយគ្រប់បែបយ៉ាងរបស់រដ្ឋាភិបាលចិន ដោយសម្ដេច បានបញ្ជាក់ត្រង់ៗថា ចិនមិនដែលដាក់លក្ខខណ្ឌ ឬការបង្គាប់បញ្ជាណាមួយលើកម្ពុជានោះទេ។ តែផ្ទុយទៅវិញ ភាគីចិនតែងផ្ដល់គោរព និងឱ្យតម្លៃដល់ការសម្រេចចិត្តរបស់កម្ពុជា។
សម្ដេចតេជោ លើកឡើងដូច្នេះថា៖ «ខ្ញុំសូមសម្ដែងការគោរពចំពោះសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៧-១៨ ខែមេសា នាពេលកន្លងទៅ យើងខ្ញុំទទួលប្រធានាធិបតីចិន ស៊ី ជីនពីង ទស្សនកិច្ចនៅកម្ពុជា ចិនមិនដែលដាក់លក្ខខណ្ឌឱ្យយើងខ្ញុំធ្វើនេះធ្វើនោះនោះទេ»៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


