Connect with us

ជីវិតកម្សាន្ដ

កសិករ​ថៃ​ស្នើនាយករដ្ឋមន្ត្រី​ ជ្រើស​រើសតារា K-pop​ ​​ជួយផ្សព្វផ្សាយ​ផ្លែ​ឈើ​ថៃ​ក្នុង​​ទីផ្សា​រ​ពិភពលោក

បានផុស

នៅ

ដោយសារតែមើលឃើញពីឥទ្ធិពលរបស់ Lisa ​ដែល​ជា​សមាជិកក្រុម Blackpink ​ដ៏​ពេញ​និយម​ក្នុង​ពិភពកម្សាន្ត​កាលពីកន្លងមក អ្នកដាំផ្លែឈើក្នុងប្រទេសថៃ បានដាក់ការស្នើទៅកាន់នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ឱ្យ​ជ្រើសរើស​យក​តារាចម្រៀង​ K-pop មកជួយជំរុញការលក់ និងដឹកនាំយុទ្ធនាការផ្សព្វផ្សាយផ្លែឈើថៃនៅទូទាំងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះផ្សាយរបស់​កាសែតបាងកកប៉ុស្តិ៍ បានគូសបញ្ចាក់ថា ដោយសារតែភាពល្បីល្បាញជាសកលរបស់សមាជិកក្រុម Blackpink អាចបើកទីផ្សារថ្មីសម្រាប់ការនាំចេញផ្លែឈើរបស់ប្រទេសថៃ ជាពិសេសលើសពីប្រទេសចិន​ដែល​ជាទីផ្សារ​មានស្រាប់។ ដូចនេះ​​ហើយ​ទើប​ពួកគេបានស្នើដល់នាយករដ្ឋមន្ត្រី ក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់​លោកស្រី​ ទៅកាន់ខេត្ត​ចន្ទ​បុរី ឬ​ច​ន្ថា​បូ​រី (Chanthaburi) កាលពីថ្ងៃសៅរ៍។

ក្រុមកសិករ បាននិយាយបន្ថែមថា ដោយមានការគាំទ្រពីរដ្ឋាភិបាលទាំងស្រុង ពួកគេជឿថា ឥទ្ធិពលអន្តរជាតិរបស់ Lisa អាចបង្កើនការនាំចេញផ្លែឈើរបស់ប្រទេសថៃ ដែលអាចរកចំណូលបានជាង ៥០០ពាន់លានបាត (១៥ ពាន់​លានដុល្លារ) ក្នុង​មួយឆ្នាំ បើធៀបនឹង ២០០ទៅ ៣០០ ពាន់លានបាតនាពេលបច្ចុប្បន្ន។

ក្នុង​ជំនួបជាមួយនាយករដ្ឋមន្ត្រី កសិករក៏បានជំរុញ​​ការ​ត្រួតពិនិត្យ​គយឲ្យបានលឿននៅតាមច្រកព្រំដែន ដែលការនាំចេញ ប្រឈមនឹងការពន្យារពេលរហូតដល់១២ថ្ងៃ។ កសិករ​នាំចេញ​បានស្នើសុំបទប្បញ្ញត្តិច្បាស់លាស់ជាងមុន ដើម្បីទប់ស្កាត់ការប្រមូលផលទុរេនមិនទាន់គ្រប់ខែ ដែលធ្វើឲ្យប៉ះពាល់ទាំងទម្ងន់ និងគុណភាព ដោយជំរុញឲ្យក្រសួងកសិកម្ម និងអាជ្ញាធរខេត្តអនុវត្តស្តង់ដារតឹងរ៉ឹងជាងនេះ។

លើសពីនេះទៀត សូម្បីតែកង្វះ​កម្លាំង​ពលកម្ម​ក៏ជា​បញ្ហា​សំខាន់​មួយ​ទៀតដែរ។ កសិករ​បាន​ស្នើ​ឲ្យ​ពន្យារ​ការ​អនុញ្ញាត​ការងារ​សម្រាប់​ពលករ​ចំណាក​ស្រុក និង​អនុញ្ញាត​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ​ទីលំនៅ​រវាង​ខេត្ត​នានា​សម្រាប់​ការងារ។ ពួកគេក៏បានស្នើសុំមូលនិធិសំណងចំនួន ១០០លានបាត សម្រាប់កសិករដាំទុរេន និងអ្នកស្រុកដែលរងផលប៉ះពាល់ដោយការ​លុក​លុយ​របស់ដំរីព្រៃផងដែរ។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីថៃ បាននិយាយថា រដ្ឋាភិបាលកំពុងសហការជាមួយក្រុមហ៊ុននានា ដើម្បីទិញផលិត​ផល​លើស និងកាត់បន្ថយកាកសំណល់ផ្សេងៗ។ លោកស្រី​ បាន​សន្យា​ថា ​នឹង​សម្រួល​ដល់​ដំណើរការ​នាំ​ចេញ ហើយ​ថែមទាំង​សង្កត់ធ្ងន់ថា នឹង​ណែនាំ​ក្រសួង​ការងារ​ឲ្យដោះស្រាយ​កង្វះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម។

យ៉ាងណាមិញ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់​នាយករដ្ឋមន្ត្រី​ដែល​ជា​កូនស្រីពៅរបស់​លោកថាក់ស៊ីន ក៏បានទៅទស្សនាស្តង់ពិព័រណ៍ដែលដំណើរការដោយក្រុម Young Smart Farmer ជាកន្លែងលក់ទុរេនតាមរយៈការផ្សាយផ្ទាល់។ គាត់ក៏បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងសំណល់គីមីនៅក្នុងផ្លែទុរេន និងបានចូលរួមក្នុងព្រឹត្តិការណ៍កាត់ផ្លែធូរេនផងដែរ៕

នាយករដ្ឋមន្ត្រីថៃ ក្នុងដំណើរទស្សនកិច្ចរបសគាត់ទៅកាន់ខេត្ត​ចន្ទ​បុរី រូបភាព៖បាងកកប៉ុស្តិ៍

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួឯកស្រីថៃ​ក្នុងរឿង «បេះដូងអ្នកសង្គ្រោះ» ​ប្រកាស​ក្ដែងៗ​ថា លែងជួយជ្រោមជ្រែងឪពុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម