ព័ត៌មានជាតិ
សម្ដេចធិបតី៖ ពេលចុះទៅមើលផ្ទាល់ទើបដឹងពីផលប៉ះពាល់ធ្ងន់ធ្ងរ ព្រោះបញ្ហាខ្លះនៅលើក្រដាសល្អណាស់
សម្ដេចធិបតី អះអាងថា ពេលដែលសម្ដេចចុះទៅមើលផ្ទាល់ ជួបពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់ តួយ៉ាងដូចពេលសម្ដេចចុះទៅតំបន់ភ្នំខ្នងផ្សារ ក្នុងខេត្តកំពង់ស្ពឺ ទើបដឹងច្បាស់ពីផលប៉ះពាល់ធ្ងន់ធ្ងរ ព្រោះបញ្ហាខ្លះមើលនៅលើក្រដាស លើប្លង់ល្អណាស់ ប៉ុន្តែចុះទៅផ្ទាល់ផ្ទុយស្រឡះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រស៊ីម៉ងត៍ ខនស៍ ខេធី ស៊ីមេន នៅព្រឹកថ្ងៃទី២០ ខែឧសភា នេះ។

សម្ដេចធិបតី ថ្លែងក្នុងន័យដើមដូច្នេះ៖« ជួនកាលយើងបោះប្លង់នៅលើផែនទី គិតថាកន្លែងហ្នឹងគួរតែវិនិយោគ តែដល់យើងចុះទៅផ្ទាល់ បានឃើញថាអត់បានទេ តែវិនិយោគងាប់។ ទីមួយ បាត់តម្លៃកន្លែងហ្នឹងតែម្ដង គ្មានពីណាមកទៀតទេ បើកន្លែងបោះតង់សាធារណៈទៅជារីសតហើយនោះ។ ទីពីរ សហគមន៍គាត់ពិបាក មានបញ្ហា អ៊ីចឹងបានយើងការពារ ហើយយើងមើលភ្លាម សួរគាត់(ពលរដ្ឋតាមសហគមន៍)ភ្លាម ថាគាត់ចង់បានអី។ »។

គួរជ្រាបថា កាលពីថ្ងៃទី០៨ ខែមីនា កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្ត្កកំពង់ស្ពឺ ធ្វើដំណើរថ្មើរជើងចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ ដើម្បីរួមគ្នាគិតអំពីការជួយលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិនៅតំបន់នេះ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ក្នុងពេលនោះ សម្ដេចធិបតី ជួបជជែកជាមួយប្រធានសហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ និងអនុប្រធានសហគមន៍រយៈពេលប្រមាណ៣០នាទី។ សម្ដេច ទម្លាយថា ប្រធានសហគមន៍ ជម្រាបសម្ដេចអំពី បញ្ហា កង្វល់ និងសំណូមពរពីពលរដ្ឋនៅក្នុងសហគមន៍ផ្ទាល់ ដោយសុំឱ្យការពារសិទ្ធិប្រកបរបរចិញ្ចឹមជីវិតអាស្រ័យផលលើវិស័យទេសចរណ៍ និងស្នើសុំហេដ្ឋារចនាសម្ព័ន្ធ។

ពីវេទិកានៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ នេះ សម្ដេចនាយករដ្ឋមន្ត្រី រម្លឹករឿងឡើងភ្នំខ្នងផ្សារ និងចុះមកវិញជជែកជាមួយពលរដ្ឋ ដែលទទួលបានលទ្ធផលពិតពីពលរដ្ឋដូច្នេះ៖« ខ្ញុំដើរឡើង(ភ្នំខ្នងផ្សារ)៥ម៉ោង ហើយចុះមកវិញខ្ញុំអង្គុយនិយាយជាមួយប្រធានសហគមន៍ប្រហែលកន្លះម៉ោងគត់ តែកន្លះម៉ោងនេះ ខ្ញុំអាចយល់ថា ប្រសើរជាង ហើយដោះស្រាយប្រសើរជាង បើយើងឱ្យក្រុមការងារចុះទៅសិក្សាររាប់សិបខែ។ ខ្ញុំអង្គុយតែមួយភ្លែតជាមួយ និង សហគមន៍ គាត់ជាអ្នកនៅមូលដ្ឋានគាត់ដឹង ហើយយើងជួយនូវអ្វីដែលមាននូវមូលដ្ឋាន កុំធ្វើជំនួសគាត់ យើងធ្វើអ្វីផ្គុំជាមួយគាត់ គាត់អាចប្រើប្រាស់បាន។ នេះគឺជាអ្វីដែលជារូបមន្ត ជាពិសេសនូវការអភិវឌ្ឍតំបន់អេកូទេសចរណ៍ ដែលយើងត្រូវការ ការអភិរក្ស និងការអភិវឌ្ឍជាមួយគ្នាឱ្យសហគមន៍។ »។

សូមរម្លឹកថា បន្ទាប់ពីស្ដាប់នូវកង្វល់ និងពីសំណូមពរពីពលរដ្ឋនៅមូលដ្ឋាន សម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាល បញ្ជាឱ្យលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ តាមរយ:ការដកមកវិញនៅដីដែលមានការបោះបង្គោលព្រំ ដើម្បីថែរក្សាឱ្យបាននូវស្ថានភាពដើមនៃធម្មជាតិ សម្រាប់បម្រើជាឧត្តមប្រយោជន៍ដល់សហគមន៍ និងអ្នកទេសចរ ដោយមិនអនុញ្ញាតឱ្យមានការវិនិយោគនៅលើភ្នំឡើយ។

សម្ដេចធិបតី បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិបាលខេត្តកំពង់ស្ពឺ សហការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវ៉ាញឱ្យបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍នៅតំបន់នោះ និងសិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ។ល។ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវា ជូនទេសចរណ៍ដែលមកកំសាន្តនៅទីនេះ និងសិក្សាធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់ នៅតំបន់ជើងភ្នំផងដែរ។

បន្ថែមពីនេះ សម្ដេច ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចឱ្យ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការសម្របសម្រួល ជាមួយក្រសួងបរិស្ថាន គណៈអភិបាលខេត្ត ប្រតិបត្តិករទេសចរណ៍ និងសហគមន៍ ជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។

ជុំវិញករណីចុះទៅមូលដ្ឋាន ដើម្បីទទួលដឹងពីការពិតនេះ សម្ដេចធិបតី កាលពីខែកក្កដា ឆ្នាំ២០២៤ បានចុះទៅតំបន់ផាប់ស្ទ្រីត ខេត្តសៀមរាប ដើម្បីពិនិត្យបញ្ហាក្នុងវិស័យទេសចរណ៍នៅទីនោះ។ ពេលទៅដល់ផ្ទាល់ សម្ដេចធិបតី បានដឹងថា ពលរដ្ឋ និងអាជីវករលក់ដូរក្នុងខេត្ត ជួបប្រទះបញ្ហាលំបាក លើការចាយវាយក្រដាសប្រាក់ដុល្លារដែលរហែក ទក់ ឬចាស់ ដែលធនាគារ និងទីតាំងប្ដូរប្រាក់តម្រូវបង់កម្រៃសេវាបន្ថែម ដែលបញ្ហានេះ ធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរបរទេស។

ក្រោយត្រឡប់មកវិញ សម្ដេចនាយករដ្ឋមន្ត្រី ឱ្យធនាគារដោះស្រាយបញ្ហានេះ។ ជាលទ្ធផល ធនាគារជាតិ សម្រេចនៅ ឱ្យគ្រប់ធនាគារពាណិជ្ជខេត្តសៀមរាប និងទូទាំងប្រទេសកម្ពុជា ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ប្រឡាក់ ឬរហែកដោយមិនត្រូវយកកម្រៃសេវាបន្ថែមពីអតិថិជនឡើយ។ ចំណែកក្រដាសប្រាក់ដុល្លារដែលចាស់ខ្លាំងមិនអាចធ្វើចរាចរនៅលើទីផ្សារត្រូវបានធនាគារជាតិតម្រូវឱ្យធនាគារពាណិជ្ជក្នុងខេត្តសៀមរាបទាំងអស់បញ្ចូនទៅដូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប។

ទន្ទឹមគ្នានេះ ធនាគារជាតិក៏តម្រូវឱ្យគ្រប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងខេត្តសៀមរាបដាក់ក្រដាសប្រាក់ដុល្លារប្រភេទ ២០ និង៥០ ជំនួសក្រដាសប្រាក់ប្រភេទ ១០០ នៅក្នុងម៉ាស៊ីនដកប្រាក់ATM ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ។ ដោយឡែក អាជីវករប្តូរប្រាក់ ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋានទាំងអស់ក្នុងភូមិសាស្ត្រខេត្តសៀមរាបក៏ត្រូវសហការជាមួយធនាគារជាតិ។ ក្រៅពីវិធានការខាងលើ ធនាគារជាតិបានជំរុញឲ្យមានការប្រើប្រាស់កម្មវិធីទូរសព្ទ Bakong Tourist App ដើម្បីគាំទ្រដល់វិស័យទេសចរណ៍កម្ពុជាតាមរយៈការជួយសម្រួលដល់ការទូទាត់ប្រាក់របស់ភ្ញៀវទេសបរទេស៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


