Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន នៅតែមិនអាចរកសន្តិភាពបាន ប៉ុន្តែសម្រេចលើ ២ចំណុច

បានផុស

នៅ

ជំនួបទល់មុខលើកទី២រវាងគណៈប្រតិភូរុស្ស៊ីនិងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី បានបញ្ចប់ទៅហើយក្រោយចាយពេលអស់ជាងមួយម៉ោង ដោយគ្មានការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពឡើយ ប៉ុន្តែភាគីទាំងសងខាង ឯកភាពគ្នាលើ២ចំណុច នោះគឺការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ និងការប្រគល់សពទាហានដើម្បីយកទៅបញ្ចុះឲ្យបានសមរម្យ។

កិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន នៅទីក្រុង អ៊ីស្តង់ប៊ុល នៃប្រទេសតួកគី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC, ភាគីទាំងសងខាងសុទ្ធតែច្រានចោលបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌទើបមិនអាចធ្វើឲ្យកិច្ចព្រមព្រៀងសន្តិភាពលេចចេញជារូបរាងបាន។ យ៉ាងណា ក្នុងអំឡុងពេលនោះ រុស្ស៊ីបានស្នើឲ្យមានបទឈប់បាញ់រយៈពេល២-៣ថ្ងៃនៅតំបន់សមរភូមិជួរមុខផងដែរ ប៉ុន្តែមិនបញ្ជាក់លម្អិតឡើយ។

ថ្លែងក្នុងសន្និសីទខ្លីមួយបន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov ដែលដឹកនាំក្រុមចរចារបស់ទីក្រុងកៀវ បាននិយាយថា អ៊ុយក្រែនទទូចលើ «បទឈប់បាញ់ពេញលេញ» និង «គ្មានលក្ខខណ្ឌ» យ៉ាងហោចណាស់៣០ថ្ងៃទាំងនៅលើដីគោក ដែនសមុទ្រ និងអាកាស ដើម្បី «បញ្ចប់ការកាប់សម្លាប់ឥឡូវនេះ»។ អ៊ុយក្រែនបានប្រគល់សំណើបទឈប់បាញ់របស់ខ្លួនទៅឲ្យប្រទេសរុស្ស៊ីតាំងពីប៉ុន្មានថ្ងៃមុនមកម្ល៉េះ ប៉ុន្តែទីក្រុងមូស្គូមិនព្រមធ្វើតាម។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov (រូបថត៖ Reuters)

មូលហេតុនៅពីក្រោយ ការបដិសេធរបស់រុស្ស៊ីលើបទឈប់បាញ់នេះគឺដោយសារទីក្រុងមូស្គូ នៅតែប្រកាន់ជំហរទាមទារឲ្យអ៊ុយក្រែនដកទ័ពចេញពីតំបន់ចំនួនបួននៅភាគនិរតី និងបញ្ឈប់ការចល័តទាហានជាមុនសិន។ រុស្ស៊ីក៏ទាមទារឲ្យមានការទទួលស្គាល់ជាអន្តរជាតិលើតំបន់ Donetsk, Luhansk, Kherson និង Zaporizhzhia ព្រមទាំងឧបទ្វីបគ្រីមៀផងដែរ។

លក្ខខណ្ឌផ្សេងទៀតរួមមាន ការហាមឃាត់សមាជិកភាពរបស់អ៊ុយក្រែនក្នុងអង្គការណាតូ ការកំណត់ទំហំកងទ័ពអ៊ុយក្រែន យកភាសារុស្ស៊ីប្រើជាភាសាផ្លូវការ និងការដកទណ្ឌកម្មអន្តរជាតិលើរុស្ស៊ី។

គណៈប្រតិភូរុស្ស៊ី (រូបថត៖ Reuters)

ដោយឡែកតាមការចុះផ្សាយរបស់ RT វិញ, ដ្បិតមិនឯកភាពលើបទឈប់បាញ់រយៈពេលយូរ តែប្រមុខគណៈប្រតិភូរុស្ស៊ីលោក Vladimir Medinsky ​និយាយក្នុងសន្និសីទកាសែតថា «ភាគីទាំងពីរនឹងមានការដោះដូរឈ្លើយសឹកគ្នាយ៉ាងតិចម្ខាង១ ០០០នាក់ ប៉ុន្តែតួលេខនេះអាចប្រែប្រួលតាមការជាក់ស្តែង។ ម្យ៉ាងវិញទៀត នៅសប្តាហ៍ក្រោយ រុស្ស៊ីក៏នឹងប្រគល់សពទាហានអ៊ុយក្រែន ៦ ០០០នាក់ទៅឲ្យទីក្រុងកៀវ ផងដែរ ដើម្បីយកទៅបញ្ចុះឲ្យបានសមរម្យ»។

សូមជម្រាបជាថ្មី, កាលពីជំនួបដោយផ្ទាល់លើកទីមួយនៅថ្ងៃទី១៦ខែឧសភា ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដដែលនេះ បានចាយពេលជិត២ម៉ោង ប៉ុន្តែក៏មិនទទួលលទ្ធផលគាប់ប្រសើរ ក្នុងការឈានដល់បញ្ចប់សង្គ្រាមដែរ។ យ៉ាងណា ភាគីទាំងពីរបាន​ឯកភាពដោះដូរឈ្លើយសឹកគ្នា​​​ម្ខាង ​១ ០០០​​នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ទម្លាយមូលហេតុដែល ហ្សេលេនស្គី ស្វះស្វែងឲ្យមានកិច្ចប្រជុំត្រីភាគី ជាមួយ ពូទីន និងត្រាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៨ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម