ព័ត៌មានជាតិ
កម្ពុជា-វៀតណាម ប្រកាសរួមគ្នាកសាងព្រំដែនប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព
ជុំវិញទំនាក់ទំនងតាមបន្ទាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម ភាគីទាំងពីរ បានឯកភាពរួមគ្នាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការកសាងព្រំដែននៃប្រទេសទាំងពីរ ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ការឯកភាពបែបនេះពីភាគីកម្ពុជា-វៀតណាម បានធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់យោធានៃប្រទេសទាំងពីរ គឺនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ក្នុងជំនួបទ្វេភាគី នារសៀលថ្ងៃទី៣ មិថុនា ឆ្នាំ២០២៥។ ជំនួបនេះ ធ្វើឡើងក្នុងពេលដែលនាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា។

លើកិច្ចសហប្រតិបត្តិការវិស័យការពារជាតិរវាងប្រទេសទាំងពីរ នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង គឺបានលើកឡើងពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងកន្លងមក ក៏ដូចជាបច្ចុប្បន្ន ពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានអនុវត្តកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធនូវការផ្លាស់ប្ដូរព័ត៌មាន ផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ពិសេសការប្រើប្រាស់បណ្ដាញទំនាក់ទំនងហេតុការណ៍រវាងអគ្គសេនាធិការកងទ័ពវៀតណាម និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ ប្រធានអគ្គសេនាធិការកងទ័ពវៀតណាម បានគូសបញ្ជាក់ពីការអនុវត្តដោយប្រសិទ្ធភាពក្នុងការរួមចំណែកពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ទាំងព្រំដែនគោក និងព្រំដែនទឹក ដោយកងទ័ពការពារព្រំដែន យោធភូមិភាគ អង្គភាពជាប់ព្រំដែន និងកងទ័ពជើងទឹកប្រទេសទាំងពីរ បានចែករំលែកព័ត៌មានពីស្ថានការណ៍ផ្សេងៗទាន់ពេលវេលា និងបានល្បាតរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងដោះស្រាយបញ្ហាកើតឡើងប្រកបដោយប្រសិទ្ធភាព។
លោក ង្វៀន តឹនគឿង ក៏បានសង្កត់ធ្ងន់ដល់ការរក្សាគោលជំហររួមរវាងប្រទេសទាំងពីរ គឺមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីប្រទេសនីមួយៗ ដើម្បីបំផ្លាញប្រយោជន៍ប្រទេសទាំងសងខាងឡើយ ហើយត្រូវសហការដោះស្រាយបញ្ហាកើតឡើងប្រកបដោយប្រសិទ្ធភាព និងត្រូវកំចាត់ចោលឱ្យទាន់បានពេលវេលា។

តបការលើកឡើងរបស់ភាគីវៀតណាម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម ដែលកើតមានតាំងពីយូរលង់មកហើយ និងបានពូនជ្រុំដោយថ្នាក់ដឹកនាំប្រទេសទាំងពីរនៅគ្រប់ជំនាន់ ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្តរីកចម្រើន រឹងមាំជាលំដាប់ គ្មានកម្លាំងអមិត្តណាមកបំបែកបំបាក់បានឡើយ ទោះបីស្ថានភាពសន្តិសុខពិភពលោក និងតំបន់មានភាពស្មុគស្មាញ ពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានស្នើដល់ភាគីវៀតណាមក្នុងការបន្តផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព និងប្រភេទទ័ព ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការសង្គ្រោះមហន្តរាយ ការល្បាតរួមគ្នាតាមព្រំដែនគោក ព្រំដែនសមុទ្រ កិច្ចសហការបោះបង្គោលព្រំដែន និងការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីលើទឹកដីកម្ពុជា។
បន្ថែមពីនេះ លោកនាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ពីការបន្តពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេស និងកងទ័ពប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដោយរួមគ្នាកសាងតំបន់ព្រំដែន ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ពាក់ព័ន្ធព្រំដែនរវាងកម្ពុជា និងវៀតណាមនេះ គឺភាគីទាំងពីរ បានសម្រេចនូវការបោះបង្គោលរួចរាល់ប្រមាណ៨៤% ទៅហើយ ខណៈសល់១៦%ទៀត កម្ពុជា-វៀតណាមកំពុងចរចាគ្នា ដើម្បីឈានទៅបោះបង្គោលបញ្ចប់ឱ្យបានទាំងស្រុង៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


