ព័ត៌មានអន្ដរជាតិ
អង់គ្លេសប្រកាសទិញយន្តហោះចម្បាំង F-35 ដែលអាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរពីអាមេរិក
ចក្រភពអង់គ្លេស នឹងទិញយន្តហោះចម្បាំង F-35A ចំនួន១២គ្រឿង ដែលមានសមត្ថភាពផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ B-61 ដើម្បីពង្រឹងសមត្ថភាពរារាំងរបស់ខ្លួននៅក្នុង «យុគសម័យនៃអស្ថិរភាព»។ នេះបើយោងតាមការប្រកាសរបស់នាយករដ្ឋមន្ត្រី Keir Starmer កាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៥។

ការផ្លាស់ប្តូរនេះ នឹងផ្តល់ឲ្យកងកម្លាំងអង់គ្លេសនូវលទ្ធភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ លើកចុងក្រោយដែលយោធាអង់គ្លេសត្រូវបានបំពាក់ដោយគ្រាប់បែកនុយក្លេអ៊ែរលើយន្តហោះ គឺនៅឆ្នាំ១៩៩៨ នៅពេលដែលចក្រភពមួយនេះបានដាក់គ្រាប់បែក WE-177 ឲ្យចូលនិវត្តន៍។
លោកនាយករដ្ឋមន្ត្រី Starmer បាននិយាយថា «នៅក្នុងយុគសម័យនៃអស្ថិរភាពដ៏ខ្លាំងនេះ យើងមិនអាចបន្តទទួលយកសន្តិភាពបានទេ។ នោះហើយជាមូលហេតុដែលរដ្ឋាភិបាលរបស់ខ្ញុំកំពុងវិនិយោគលើសន្តិសុខជាតិ»។
រដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងបង្កើតការងារចំនួន ២០ ០០០កន្លែង និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ទីក្រុងឡុងដ៍ចំពោះអង្គការណាតូ ព្រោះវាអាចរួមចំណែកដល់យន្តហោះដែលមានសមត្ថភាពនុយក្លេអ៊ែររបស់សម្ព័ន្ធភាពក្នុងករណីមានជម្លោះ។
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ក៏បានវាយតម្លៃថា វាជាការរួមចំណែកដ៏អស្ចារ្យមួយទៀតពីចក្រភពអង់គ្លេសចំពោះប្លុក។
ការរារាំងនុយក្លេអ៊ែររបស់ចក្រភពអង់គ្លេសនាពេលបច្ចុប្បន្ននេះ ពឹងផ្អែកទាំងស្រុងលើនាវាមុជទឹក Vanguard ដែលនាវានីមួយៗមានមីស៊ីលនុយក្លេអ៊ែរ Trident D5 ចំនួន ១៦គ្រាប់ដែលមានរយៈចម្ងាយ ១២ ០០០គីឡូម៉ែត្រ។ តាមរយៈការទិញយន្តហោះចម្បាំង F-35A យោធាអង់គ្លេសនឹងមានជម្រើសយោធាកាន់តែច្រើន និងកាន់តែជិតស្និទ្ធជាមួយនឹងសម្ព័ន្ធមិត្តណាតូ ដូចជា បារាំង ឬសហរដ្ឋអាមេរិក ដែលជាប្រទេសដែលមានលទ្ធភាពបាញ់អាវុធនុយក្លេអ៊ែរពីសមុទ្រ ដី និងអាកាស។
យន្តហោះចម្បាំង F-35A មានសមត្ថភាពផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ B-61 ផលិតដោយសហរដ្ឋអាមេរិក។ មន្ត្រីការពារជាតិអង់គ្លេសដែលមិនបញ្ចេញឈ្មោះម្នាក់ បាននិយាយថា ទីក្រុងឡុងដ៍ប្រហែលជាត្រូវការទីក្រុងវ៉ាស៊ីនតោន ដើម្បីផ្តល់គ្រាប់បែកប្រភេទនេះ ដើម្បីបំពាក់លើយន្តហោះចម្បាំង F-35A ដែលខ្លួនហៀបនឹងទិញ។
សហរដ្ឋអាមេរិក បានបញ្ឈប់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងចក្រភពអង់គ្លេសចាប់តាំងពីឆ្នាំ២០០៨ ក្រោយពេលមានការថយចុះហានិភ័យនៃជម្លោះបន្ទាប់ពីសង្គ្រាមត្រជាក់។
ថ្មីៗនេះ អង់គ្លេសបានបង្កើនការចំណាយលើវិស័យការពារជាតិ និងធ្វើទំនើបកម្មយោធារបស់ខ្លួន រួមទាំងកម្លាំងនាវាមុជទឹក ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ដ៏ស្មុគស្មាញក្នុងពិភពលោក ក៏ដូចជា ហានិភ័យនៅពេលដែលសហរដ្ឋអាមេរិកកំពុងកាត់បន្ថយតួនាទីរបស់ខ្លួនជាបណ្តើរៗក្នុងនាមជាអ្នកការពារសន្តិសុខសម្រាប់អឺរ៉ុប។
ទីក្រុងឡុងដ៍ បានប្ដេជ្ញាថានឹងបង្កើនថវិកាការពារជាតិ និងសន្តិសុខរបស់ខ្លួនដល់ ៥% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៥ ដើម្បីបំពេញតាមគោលដៅរបស់ណាតូ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


