Connect with us

ព័ត៌មានអន្ដរជាតិ

ជាង២០ឆ្នាំ​ក្នុង​សង្រ្គាមនៅមជ្ឈិមបូព៌ា និង​អាហ្វហ្គានីស្ថាន អាមេរិក​ចាយ​លុយ​អស់​ប៉ុន្មាន?

បានផុស

នៅ

ចាប់តាំងពីឆ្នាំ២០០១ សហរដ្ឋអាមេរិកបានចំណាយប្រាក់ប្រហែល ៥,៨​ទ្រី​លាន​ដុល្លារ​លើសង្រ្គាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ស៊ីរី និងតំបន់ផ្សេងទៀតនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។ ​បើ​រាប់​ចូល​ទាំង​​ការចំណាយរយៈពេលវែង ដូចជា ការថែទាំអតីតយុទ្ធជន និងការទូទាត់ការប្រាក់ ​ការ​ចំណាយ​សរុប​កើនឡើងដល់​ប្រហែល ៨ទ្រី​លានដុល្លារ​ឯណោះ។ ទិន្នន័យនេះត្រូវបានដកស្រង់​ចេញ​ពី​​ការស្រាវជ្រាវ​​ក្នុង​​«គម្រោងចំណាយនៃសង្គ្រាម» នៅវិទ្យាស្ថាន Watson នៃសាកលវិទ្យាល័យ Brown សម្រាប់កិច្ចការអន្តរជាតិ និងកិច្ចការសាធារណៈ។

ទាហាន​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន ឆ្នាំ​២០១១ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋអាមេរិកចំណាយលើវិស័យយោធារបស់ខ្លួនច្រើនជាងប្រទេសដទៃទៀតក្នុងពិភពលោក ដោយចំណាយប្រហែល ៣​ដងច្រើនជាងប្រទេសចិន និងជិត ៧​ដងច្រើនជាងប្រទេសរុស្ស៊ី។ យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) នៅ​ឆ្នាំ​២០២៤ អាមេរិកបានចំណាយប្រាក់ចំនួន ៩៩៧​ពាន់លានដុល្លារលើវិស័យយោធារបស់ខ្លួន ដែលស្មើនឹង ៣៧​ភាគរយនៃការចំណាយយោធាទូទាំងពិភពលោក។

💰 លម្អិត​តម្លៃ​ចំណាយ

១. ការចំណាយលើវិស័យការពារជាតិដែលទាក់ទងនឹងសង្រ្គាម (៣​ទ្រី​​លានដុល្លារ)

នេះ​រួម​មាន៖

  • ថវិកា​ផ្ទាល់​របស់​​ក្រសួងការពារជាតិសហរដ្ឋអាមេរិក​ (DoD) សម្រាប់ប្រតិបត្តិការនៅក្នុងអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ស៊ីរី យេម៉ែន លីប៊ី សូម៉ាលី និងកន្លែងផ្សេងទៀត។
  • ថវិកាប្រតិបត្តិការបន្ទាន់ក្រៅប្រទេស (OCO)
(រូបថត៖ Al Jazeera)

២. ថ្លៃពេទ្យ និងពិការភាពរបស់អតីតយុទ្ធជន (៤៦៥​ពាន់លានដុល្លារ)

  • ការចំណាយទាក់ទងនឹងការថែទាំរយៈពេលវែងរបស់អតីតយុទ្ធជនក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​១១​កញ្ញា មាន​ចំនួន​សមាជិកជាង ៤,៥​លាននាក់។
  • ការ​រួមបញ្ចូលការព្យាបាលវេជ្ជសាស្រ្ត សំណងពិការភាព និងអត្ថប្រយោជន៍ផ្សេងទៀតរបស់កិច្ចការអតីតយុទ្ធជន។
  • ការ​ចំណាយ​នេះ​នឹង​អាច​ឈានដល់ ២,២​ទ្រី​លានដុល្លារ នៅឆ្នាំ​២០៥០​ខាង​មុខ។

៣. ការទូទាត់ការប្រាក់លើ​កម្ចី​សង្រ្គាម (១,១​ទ្រី​លានដុល្លារ)

  • ដោយសារតែសង្រ្គាមទាំងនេះត្រូវបានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើនតាមរយៈប្រាក់​កម្ចី ការប្រាក់លើបំណុលជាតិរបស់សហរដ្ឋអាមេរិកមានចំនួនចំណែកដ៏ធំនៃការចំណាយសរុប​។
  • បើ​​កម្ចី​នៅតែបន្ត ការទូទាត់ការប្រាក់អាច​កើន​ឡើង​ជា​ច្រើន​ពាន់​លានបន្ថែមទៀតនៅ​ប៉ុន្មាន​​​ទសវត្សរ៍ខាងមុខ។

៤. សន្តិសុខមាតុភូមិ (១,១ទ្រីលានដុល្លារ)

ការពង្រឹងសន្តិសុខក្នុងស្រុកក្រោយ​​​ព្រឹត្តិការណ៍​ថ្ងៃ​​​ទី​១១​កញ្ញា រួមមាន៖

  • TSA (រដ្ឋបាលសន្តិសុខដឹកជញ្ជូន)
  • សន្តិសុខព្រំដែន
  • ការអនុវត្តច្បាប់អន្តោប្រវេសន៍
  • កម្មវិធីសន្តិសុខតាមអ៊ីនធឺណិត
  • កិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មដោយ FBI និង DHS

⚰️ ចំនួន​មនុស្សស្លាប់

  • យ៉ាងហោចណាស់មនុស្ស ៩៤០ ០០០​នាក់បានស្លាប់ដោយសារអំពើហឹង្សាទាក់ទងនឹងសង្រ្គាម ដូចជា ទាហានអាមេរិក ទាហាន​សម្ព័ន្ធមិត្ត ទាហាន​សត្រូវ អ្នកម៉ៅការ ជនស៊ីវិល និងអ្នកកាសែត។
  • ចំនួន​អ្នកស្លាប់ពិតប្រាកដអាចលើសពី ៤​លាននាក់ នៅពេលដែលផលប៉ះពាល់ដោយប្រយោល (ដូចជា ជំងឺ ការផ្លាស់ទីលំនៅ ការដួលរលំហេដ្ឋារចនាសម្ព័ន្ធ) ត្រូវបានរាប់​បញ្ចូល។
(រូបថត៖ Reuters)

⏳ បន្ទុករយៈពេលវែង

  • កាតព្វកិច្ចនាពេលអនាគត (ដូចជា ការថែទាំអតីតយុទ្ធជន និងសេវាបំណុល) នឹងបន្ត​រហូត​ដល់​​ឆ្នាំ​២១០០​ខាង​មុខ។
  • ការ​ចំណាយ​​លើ​សង្គ្រាម​ បាន​កាន់​បន្ថយ​ចំណាយ​សម្រាប់​ការ​វិនិយោគ​ក្នុង​ស្រុក​​ដែល​ចាំបាច់​ ដូចជា ការថែទាំសុខភាព ការអប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ។

🧠 អត្ថាធិប្បាយ​របស់​អ្នកជំនាញ

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Brown បាននិយាយថា ទោះបីជាសហរដ្ឋអាមេរិកបានចំណាយប្រាក់រាប់ពាន់លានដុល្លារលើសង្គ្រាមតាំងពីឆ្នាំ២០០១​ក៏ដោយ ក៏​សង្រ្គាមទាំងនេះ​មិន​បាន​ធ្វើ​ឲ្យ​ប្រទេសមានសុខ​សុវត្ថិភាព​ពេញ​លេញ​នោះទេ។

ពួកគេបង្ហាញពីបញ្ហាសំខាន់បី៖

  • សង្រ្គាមមិនបានបញ្ឈប់អំពើភេរវកម្មទាំងស្រុងទេ ដោយ​ក្រុម​ភេរវករ​នៅ​តែ​មាន ហើយ​ក្រុម​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​បន្ត​បន្ទាប់។
  • ថវិកា​អាច​យក​ប្រើនៅ​ក្នុង​ប្រទេស​បាន​ល្អ​ប្រសើរជាង។ ជំនួស​ឲ្យ​ការចំណាយច្រើនលើសង្រ្គាម សហរដ្ឋអាមេរិកអាចវិនិយោគលើអ្វី​ផ្សេង​ដែល​សំខាន់ ដូចជា សាលារៀន ការថែទាំសុខភាព ឬការជួសជុលផ្លូវជាដើម។
  • ការ​ចំណាយ​មិនមានតម្លាភាពគ្រប់គ្រាន់ទេ។ លុយជាច្រើនត្រូវបានចំណាយដោយគ្មានព័ត៌មានច្បាស់លាស់អំពីរបៀបដែលត្រូវបានប្រើប្រាស់ ហើយការសម្រេចចិត្តជាច្រើនត្រូវបានធ្វើឡើងដោយគ្មានការ​បង្ហាញ​ជាសាធារណៈ។

សរុបមក ពួកគេជឿថា ការចំណាយដ៏ធំនៃសង្រ្គាមបាននាំមកនូវផលប្រយោជន៍រយៈពេលវែងតិចតួចបំផុត ហើយបាន​បន្សល់​ទុក​បំណុល​ជា​ច្រើន​សម្រាប់​អាមេរិក ខណៈ​ប្រព័ន្ធ​កែលម្អ​ក្នុង​ប្រទេស​មាន​តិចតួច​ប៉ុណ្ណោះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម