សេដ្ឋកិច្ច
ស្ពានឆ្លងទន្លេមេគង្គក្រចេះ គ្រោងបើកឱ្យឆ្លងកាត់បណ្ដោះអាសន្ន នៅខែកញ្ញា
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គ្រោងនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នសម្រាប់យានយន្តធុនតូច អំឡុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងខែកញ្ញាខាងមុខនេះ បន្ទាប់ពីសម្រេចវឌ្ឍនភាព៩៦%។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ បានចូលរួមពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយនៃ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ដើម្បីត្រៀមបើកឱ្យឆ្លងកាត់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត និងរថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ជាការសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋក្នុងតំបន់ និងអ្នកដំណើរ ទេសចរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។
ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្រេចប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ”។

ស្ពាននេះត្រើយខាងកើតស្ថិតក្នុង ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតក្នុង ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានប្រវែងសរុប ១.៧៦១ម ទទឹង ១៣,៥ម ក្នុងនោះ គន្លងផ្លូវរថយន្តមាន ២គន្លង ទទឹង (៣,៥ម x ២), គន្លងផ្លូវទោចក្រយានមាន ២គន្លង ទទឹង (១,៧៥ម x ២), គន្លងផ្លូវថ្មើរជើងមាន ២គន្លង ទទឹង (១ម x ២), និងបង្កាន់ដៃស្ពានសងខាង ទទឹង (០,៥០ម x ២) មានសសរជើងស្ពានចំនួន ៣៦ដើម និងផ្លូវនាវាចរណ៍មានទំហំ ១០០ម x ១៥ម ផងដែរ។
គម្រោងសាងសង់ស្ពាន និងកំណាត់ផ្លូវតភ្ជាប់ ត្រូវបានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណជាង ១១៤លានដុល្លារអាម៉េរិក និងសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) បានបើកការដ្ឋាននៅថ្ងៃទី ២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។
គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ ការងារសាងសង់តួស្ពានសម្រេចវឌ្ឍនភាព ៩៦% ដោយឡែកវឌ្ឍនភាពគម្រោងទាំងមូល ដោយបូករួមជាមួយនិងកំណាត់ផ្លូវតភ្ជាប់ផងនោះ សម្រេចបាន ៧០% ហើយរំពឹងថានឹងរួចរាល់ក្នុងខែកញ្ញា ឆ្នាំ២០២៦ ទៅតាមផែនការដែលបានគ្រោងទុក ឬបញ្ចប់មុនផែនការបើគិតតាមសន្ទុះការងារជាក់ស្តែងនាពេលបច្ចុប្បន្ន។

គម្រោងស្ថាបនា “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” និងកំណត់ផ្លូវតភ្ជាប់ បានអនុវត្តទៅដោយរលូន ពោលគឺលឿនជាងផែនការដែលបានគ្រោងទុក លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ និងធ្វើការកោតសរសើរទៅកាន់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានបន្តយកចិត្តទុកដាក់គ្រប់គ្រងការអនុវត្តគម្រោងមួយនេះ ដើម្បីឈានទៅបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលេចអំពីសារៈប្រយោជន៍ និងគុណសម្បត្តិនៃគម្រោង “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” និងកំណាត់ផ្លូវតភ្ជាប់ ដែលនឹងចូលរួមបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជំរុញកំណើនដឹកជញ្ជូនក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិភាគឦសាន។
បន្ថែមពីនេះ គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់បងប្អូនទៅកាន់មន្ទីរពេទ្យ ជាពិសេសនៅគ្រាអាសន្ន ឬពេលយប់ព្រលប់ដោយពុំចាំបាច់ចំណាយពេលវេលា និងប្រាក់កាស ក្នុងការឆ្លងសាឡាង និងមានសុវត្ថិភាពខ្ពស់។
លើសពីនេះ គម្រោងខាងលើនឹងចូលរួមផងដែរក្នុងការលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ(GMS) និងអនុតំបន់មេគង្គឡាន-ឆាងផងដែរ៕

-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


