ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ធ្វើទស្សនកិច្ចនៅសិង្ហបុរី ដោយត្រៀមចុះ MOU ពាក់ព័ន្ធការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី, លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចេញទៅបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី រហូតដល់ថ្ងៃទី៩ ខែកក្កដា។ ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជា-សិង្ហបុរី នឹងមានការចុះ MOU រវាងស្ថាប័នកងកម្លាំងប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យលោក ស សុខា បានថ្លែងឱ្យដឹងថា គណៈប្រតិភូអមចូលរួមក្នុងដំណើរទស្សនកិច្ចនេះ រួមមានលោក ប៊ុន ហុន រដ្ឋលេខាធិការ លោកស្រី សំបូរ សម្ផស្ស អនុរដ្ឋលេខាធិការ ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។

បើតាមលោក រ៉េន រតនៈ ទស្សនកិច្ចនៅប្រទេសសិង្ហបុរី លោក ស សុខា នឹងជួបពិភាក្សាការងារជាទ្វេភាគីជាមួយលោក K.Shanmugam រដ្ឋមន្រ្តីក្រសួងសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី ព្រមទាំងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្ដីពីការបង្ការនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីបន្តពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្រ្តី ក៏នឹងមានជំនួបសម្ដែងការគួរសមជាមួយលោកនាយករដ្ឋមន្រ្តីសិង្ហបុរី ព្រមទាំងបន្តដឹកនាំគណៈប្រតិភូទស្សនកិច្ចស្វែងយល់នៅតាមបណ្ដាទីតាំងសំខាន់ៗពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ។

គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសិង្ហបុរី បានបង្កើតយន្តការសហប្រតិបត្តិការក្នុងការងារបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន តាំងពីឆ្នាំ២០០៨មកម្លេះ។ ឈរលើស្មារតីនៃសហប្រតិបត្តិការនេះ ក្រសួងទាំងពីរ បានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ ទាំងការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់កម្រិត ព្រមទាំងកិច្ចសហការស្រាវជ្រាវ និងចាប់ខ្លួនជនល្មើស។
សម្រាប់អនុស្សារណៈដែលត្រៀមចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជាពេលនេះ ត្រូវបានលោក រ៉េន រតនៈ សង្កត់ធ្ងន់ថា គឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ពីការបន្តប្ដេជ្ញាចិត្តរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាបទល្មើសប្រឈមពាសពេញសកលលោក និងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្ដែងនិយមទាំងកម្រិតទ្វេភាគី និងពហុភាគី៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


