Connect with us

សេដ្ឋកិច្ច

អាកាសយានដ្ឋានអន្តរជាតិតេជោ បញ្ចប់ការសាងសង់ ១០០% និងត្រៀម​ដាក់​ឱ្យដំ​ណើរ​ការនៅថ្ងៃទី ៩ ខែកញ្ញា

បានផុស

នៅ

អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F តម្លៃ ១,៥ ពាន់លានដុល្លារ ដំណាក់កាលទី១​ បានបិទបញ្ចប់ការ​សាងសង់​ ១០០%​​ និងត្រៀមបើកឱ្យ​ដំ​ណើរ​​ការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ ដែលបើកស្វាគមន៍​ភ្ញៀវ​​ទេសចរជាតិ និងអន្តរជាតិ​​មកពីក្នុងតំបន់ និង​សកលលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋម​ន្ត្រី​​ទទួលបន្ទុក រដ្ឋលេ​ខា​ធិ​ការដ្ឋានអាកាសចរស៊ីវិលបានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យ​និងប្រ​ជុំវាយ​តម្លៃ លើ​​វឌ្ឍនភាពគម្រោងសាងសង់ និងផែនការត្រៀមបើកដំណើរការ អាកាស​យាន​ដ្ឋាន​​​អន្តរ​ជាតិ​តេជោ។

អង្គប្រជុំបានពិភាក្សា លើការងាររៀបចំបំពេញវិញ្ញាបនបត្រអាកាសយានដ្ឋានអន្តរជាតិតេជោ និង​​ការរៀបចំផែនការបើកដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល ប្រាប់កម្ពុជាថ្មីថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោបានបញ្ចប់ការសាងសង់រួចហើយ អ្វីដែល​នៅ​សេស​សល់​គឺការងារសម្អាត បណ្ដុះបណ្ដាល ការងាររៀបចំឯកសារ ខណៈអាកាសចរស៊ីវិលនឹង​ចេញ​វិញ្ញា​បនបត្រប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥។

វិស័យអាកាសចរណ៍កម្ពុជាកំពុងឈាន​ចូលដល់ដំណាក់កាល​ផ្លាស់ប្តូរទៅកាន់សករាជថ្មី ជាមួយនឹងការបើកដំណើរការនាពេលខាងមុខនៃ​អាកាស​យានដ្ឋានអន្តរជាតិតេជោ និងការពង្រីកបណ្តាញផ្លូវអាកាសអន្តរជាតិរបស់កម្ពុជា ហើយយើង​មានគោលបំណងដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ដែលឆ្លើយតបនឹងស្តង់ដារអន្តរជាតិខាងសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។

លោក លោក ស៊ីន ចាន់សិរីវុត្ថា បានអះអាងថា ទោះបីជាមានភាពមិនប្រាកដប្រជា និងការប្រែប្រួល​នៃតម្លៃប្រេងឥន្ធនៈ លើទីផ្សាពិភពលោក និងការកើនឡើងថ្លៃដើមប្រតិបត្តិការ និងជម្លោះក្នុងតំបន់ និងសកលក៏ដោយ ប៉ុន្តែមិនមានការកាត់បន្ថយជើងហោះហើរ ក្នុងរយៈពេល ៦-១២ខែចុងក្រោយនោះទេ, ចំណែកការតភ្ជាប់ថ្មីកំពុងស្ថិតក្រោមការចរចា ដូចជា ឥណ្ឌា មជ្ឈិមបូព៌ា និងទីក្រុងបន្ទាប់បន្សំរបស់ចិន។

អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោ ត្រូវបានជាប់ ឈ្មោះ ជា សំណង់ស្ថាបត្យ​កម្មដ៏​អស្ចារ្យ​បំផុតមួយក្នុងចំណោម ១១-ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅ លើពិភពលោក ដោយដាក់ទីតាំង​ព្រលាន​យន្តហោះតេជោ​នៅ​ជួរ​មុខនៃការរចនាប្រកប ដោយភាពច្នៃប្រឌិត និងនិរន្តរភាព។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួសអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលាន​បច្ចុប្បន្ន។

អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ តម្លៃ ១,៥ ពាន់​លាន​ដុល្លារ សាងសង់​រួចរាល់​នៅ​ឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាន​នាក់​ក្នុងមួយឆ្នាំ ដំណាក់​កាល​ទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួល​បានអ្នក​ដំណើរ​ប្រមាណជា ៣០ លាន​នាក់​ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួល​បានអ្នក​ដំណើរ​រហូត​ដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ។

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥​កម្ពុជា​ទទួល​បាន​អ្នកដំណើរជាតិ​ និងអន្តរជាតិតាមផ្លូវអាកាសចំនួនជាង ៣,៦៥ លាននាក់ កើនឡើង ២០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានព្យាករថា ការដឹកជញ្ជូនអ្នកដំណើរ​តាមផ្លូវអាកាស​នឹង​កើនដល់ចំនួន ៧,៥លាននាក់ និងទំនិញចំនួន ៨០ពាន់តោន នៅក្នុងឆ្នាំ ២០២៥នេះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម