Connect with us

ព័ត៌មានជាតិ

តុលាការកំពូលសម្រេច​បន្ត​ឃុំ​ខ្លួន​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​ ក្រោយ​​ចេញ​សែក​ស្អុយ​ជាង​៣០​ម៉ឺន​ដុល្លារ

បានផុស

នៅ

​សភាព្រហ្មទណ្ឌ ​នៃ​តុលាការ​កំពូល ​កាល​ពី​នៅ​ថ្ងៃ​ទី​១១ ​ខែ​កក្កដា ​ឆ្នាំ​​ ២០២៥​ បាន​សម្រេច​ បដិសេធ​បណ្ដឹង​សារទុក្ខ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ប៊ុន ធៀម ដោយ​បន្ត​ឃុំ​ខ្លួន​ជន​នេះ​ដាក់​ពន្ធនាគារ​ដដែល ​ក្រោយ​បាន​ចេញ​ស្អែក​ស្អុយ​ដ​​ល់ម្ចាស់​លុយនា​ពេល​កន្លង​មក​។​

ជន​នេះ​​​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កា​ល​ពី​ថ្ងៃ​ទី​២៧ ​ខែ​វិច្ឆិកា ​ឆ្នាំ​២​០២៤ ​លុះ​ដល់​ថ្ងៃទី​២៨​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤​ ចៅ​ក្រម​ស៊ើប​សួរ​ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដី​កា​ឃុំខ្លួន​ដាក់​ពន្ធនាគារ ​នៅ​មណ្ឌល​អប់រំ​កែ​ប្រែ(​ម១)​ជា​បណ្ដោះអា​សន្ន ​ពីបទ​ “មិន​បំពេញកាតព្វ​កិច្ច​ចំពោះ​ឧបករ​ណ៍​អាច ​ជួញ​ដូរ​បាន​ “​ចេញ​សែក​ស្អុយ​គ្មាន​សាច់​ប្រាក់​ចំនួន៣២៨.៣៧០$​(សាម​សិប​ពីរ​ម៉ឺន​ប្រាំ​បី​ពាន់​បី​រយ​ចិត​សិបដុល្លារ)​។​

ជន​នេះ​បាន​ប្រព្រឹត្ត ​នៅ​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​០១​ ​ខែ​សីហា ​ឆ្នាំ​២០២៤ ​បទ​ល្មើសព្រហ្មទណ្ឌ​ដែល ​មាន​ចែ​ងឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិមាត្រា​២៣១ ​នៃ​ច្បាប់​ស្តី​ឧបករ​ណ៍​អាច​ជួញ​ដូរ​បាន ​និង​ប្រតិបត្តិការ​ទូទាត់​ស​ង​ប្រាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​ត្រូវ​ចោទ​ឈ្មោះ ​ប៊ុន ​ធៀម ​ភេទ​ប្រុស​អាយុ​ ៣៣​ឆ្នាំ ជ​នជាតិ​ខ្មែរ ​មុខ​របរ​ជាង​ឡាន ​ទី​កន្លែង​កំណើត​នៅ​ភូមិ​តា​តូច ​ឃុំ​ជ្រៃ​លាស់ ​ស្រុក​ពញា​ឮ ​ខេត្ត​កណ្តាល ​ទី​លំនៅ​មុន​ពេល​ឃាត់​ខ្លួន ​នៅ​ផ្ទះ​លេ​​​ខ​២១១F ​ផ្លូវ​ម៉ាស៊ីន​ទឹក​ ភូមិ​៣ ​សង្កាត់​ជ្រោយ​ចង្វារ ​ខណ្ឌជ្រោ​យ​ចង្វារ​ រាជធានី​ភ្នំពេញ​(ឃុំ​ខ្លួន​)​។​

ប្រភព​ឲ្យ​ដឹង​ថា ​ដើម​ចម​ដំបូង ​កាល​ពី​ចុងឆ្នាំ​២​០២៣ ​ជន​ត្រូវ​ចោទ​ឈ្មោះ ​ប៊ុន ធៀម ​និង​ប្រពន្ធ​ឈ្មោះ ​ហឿន ​ស្រី​តុន ​បាន​មក​ទំនាក់​ទំនង​ និង​សុំ​ខ្ចី​ប្រាក់​ពី​ដើម​បណ្ដឹង​(ជន​រ​ង​គ្រោះ)ចំនួន ​៣២៨.៣៧០​ដុល្លារ ​ដើម្បី​យក​ទៅបង្វិល​ ក្នុង​មុខ​របរ​រក​ស៊ី​ ដោយ​បាន​សន្យា​ថា ​នឹង​សង​មក​ឱ្យ​វិញ​នៅ​ដើម​ឆ្នាំ២​០២៤​។​

ក្នុង​នោះ​ជន​ត្រូវ​ចោទ ​ប៊ុន ធៀម ​និង​ប្រពន្ធ​ឈ្មោះ ​ហឿន ​ស្រីតុន ​បាន​ចេញ​មូលប្បទានប័ត្រចំនួន​១​សន្លឹក​លេខ​១៤០៧៥៦ ​ចុះ​ថ្ងៃ​ទី​១ ​ខែ​សីហា ​ឆ្នាំ២​០២៤ ​របស់​ធនាគារ​ជីប​ម៉ុង (CHIPMONG COMMERCIAL BANK)​ចុះ​ហត្ថលេខាលើ​មូល​ប្បទានប័ត្រ ​ដោយ​ប្ដីឈ្មោះ ​ប៊ុន ធៀម ​និង​មាន​ទឹក​ប្រាក់​ចំនួន ​៣២៨.៣៧០ ​(សាម​សិប​ពីរ​ម៉ឺន​ប្រាំបីពាន់​បី​រយចិត​សិប​ដុល្លារ)​មក​ឱ្យ​ជន​រង​គ្រោះ ស​ម្រាប់​តម្កល់​ទុក​ធានា​បំណុល ​និង​ទូទាត់​សង​ប្រាក់។​

លុះ​ដល់​ថ្ងៃកំណត់ ​ជន​រង​គ្រោះបាន​យក​សន្លឹក​មូលប្បទានប័ត្រ​ខាង​លើ ​ទៅ​បើក​ប្រាក់​នៅ​ធនាគារ ​តែ​ត្រូវ​ខាង​ធនាគារ​បញ្ជាក់​ត្រឡប់​មក​វិញ​ថា ​មូលប្បទាន​ប័ត្រ​នោះ ​គ្មាន​សាច់​ប្រាក់នោះ​ទេ​ជា​(សែក​ស្អុយ​)​។​

ទន្ទឹម​និង​នោះ​ជន​រងគ្រោះ​ បាន​ទំនាក់​ទំនង​ទៅ​ឈ្មោះ ​ប៊ុន ធៀម ​និង​ឈ្មោះ ​ហឿន ​ស្រី​តុន​ ជា​ច្រើន​លើ​ក​ច្រើន​សារ​។​​ប៉ុន្តែអ្ន​ក​ទាំង​ពី​រ​ពុំ​បាន ​ឆ្លើយ​តប​ និង​ព្យាយាម​គេច​វេស ​មិន​បំពេញកាតព្វកិច្ច ​និង​មិន​ព្រម​ចេញ​មុខ ​មក​ដោះ​ស្រាយ​ឡើយ​។​

ជា​វិធី​ទាល់​ច្រក ​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ​ឆ្នាំ​២០២៤ ​ជន​រងគ្រោះក៏​បាន​ប្ដឹង​ប្ដី​ប្រពន្ធ​១​គូ​នេះ ​ចូល​អយ្យ​ការ​អមសា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ ​តែ​ម្តង​ទៅ​ ​រហូត​តុលាការ​អនុវត្តនីតិវិធី ​ចាប់និង​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ប៊ុ​ន ធៀម ​ខណៈ​ឈ្មោះ ​ហឿន ​ស្រី​តុន​ ត្រូវ​ជា​ប្រពន្ធ​របស់​ជន​ត្រូវ​ចោទ ​បាន​ព្យាយាម​ប្ដឹង​តវ៉ា​សុំ​ឱ្យ​ប្ដី​នៅ​ក្រៅ​ឃុំ​ជា​បន្ត​បន្ទាប់ ​។ ​ករណី​នេះ ​តុលាការ​ទាំង៣​ថ្នាក់ បា​នអនុវត្ត​ច្បាប់ ​ដោយ​មិន​អនុញ្ញាត​ឱ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ ប៊ុ​ន ធៀម ​បាន​នៅ​ក្រៅឃុំ​នោះ​ឡើយ​។​

ប្រភពបន្ត​​ថា សំណុំ​រឿង​ចេញ​សែក​ស្អុយ​មួយ​នេះ ​សាលា​ដំបូង​រាជធានីភ្នំពេញ ​នឹង​ប្រកាសសាលក្រមផ្ដន្ទាទោស​ជ​ន​ត្រូវ​ចោទ​ឈ្មោះ ​ប៊ុន ធៀម​ ​នៅ​ថ្ងៃ​ទី​១៧ ​ខែ​កក្កដា ​ឆ្នាំ​២០២៥ ខាង​មុខ​នេះ​ ។

ជាមួយគ្នានេះ​ ជនរងគ្រោះ ​សុំ​ស្នើ​យ៉ាង​ទទូច​ដល់ ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ ​មេត្តា​វិនិច្ឆ័យ​សម្រេច​សេចក្ដី ​និង​ផ្ដន្ទាទោស​ជ​ន​ត្រូវ​ចោទ​ឱ្យ​បាន​ធ្ងន់​ធ្ងរ​បំផុត ​និង​សុំ​ឱ្យ​តុលាការ​ចេញ​ដីកា​ បង្គាប់​មក​ជន​ត្រូវ​ចោទ​ឈ្មោះ ​ប៊ុន ធៀម ​រួម​និង​ប្រពន្ធ ​ឱ្យ​ប្រ​គល់​ប្រាក់​ចំនួន ​៣២៨.៣៧០ដុល្លារ​មក​ឱ្យ​ខ្លួន​វិញ ​និ​ង​សុំ​ទាមទារ​សំណង​ជំងឺ​ចិត្ត ​សោហ៊ុយ​ផ្សេងៗ​ សេ​វាកម្ម​ផ្លូវ​ច្បាប់ចំនួន​១០ម៉ឺ​នដុល្លារ​ទៀត ​ដើម្បី​មាន​យុត្តិធម៌ ​សម្រាប់​ខ្លួន​ដែល​ជា​ជ​ន​រង​គ្រោះ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម