Connect with us

ព័ត៌មានជាតិ

របងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្លាយជាចំណតរថយន្តយ៉ាងអនាធិបតេយ្យ

បានផុស

នៅ

របង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដែល​មាន​ចិញ្ចើម​ផ្លូវ​សម្រាប់​សិស្សានុសិស្ស​ដើរ​ថ្មើរជើង បាន​ក្លាយ​ជា​ចំណត​ឯកជន​យក​រថយន្ត​មក​ដាក់​ចត​យ៉ាង​អនាធិបតេយ្យ​ធ្វើ​ឲ្យ​បាត់​ផ្លូវ​ដើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុច​របង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ចាប់ពី​ផ្លូវ​លេខ ៥១ រហូត​ដល់​ស្តុប​ព្រះស៊ីសុវត្ថិ ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដាក់​ចត​រថយន្ត​ក្លាយ​ជា​ចំណត​យ៉ាង​អនាធិបតេយ្យ នៅ​តាម​បណ្ដោយ​ផ្លូវ ៥១ កែង​ផ្លូវ​លេខ ១៨៤ សង្កាត់​ផ្សារ​ថ្មី​ទី ០៣ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

លោក ប៉ែន សុវណ្ណា ជា​ប្រជាពលរដ្ឋ លើក​ឡើង​ថា ពួកគាត់​បាន​ឃើញ​ពលរដ្ឋ​មួយ​ចំនួន​មិនមែន​ជា​អ្នក​រស់នៅ​ម្តុំ​នោះ​ឡើយ ភាគតិច​ជា​អ្នក​រស់នៅ​តំបន់​ខាងលើ តែងតែ​យក​រថយន្ត​មក​ទុកចោល តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច ដោយ​មិន​មាន​អាជ្ញាធរ​ចុះ​ធ្វើ​វិធានការ​រដ្ឋបាល​នោះ​ឡើយ។

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត លើកឡើង​ដែរ​ថា ជា​រៀងរាល់ថ្ងៃ ចំណុច​របង​សាលា​ព្រះស៊ីសុវត្ថិ​នេះ ត្រូវ​បាន​ពលរដ្ឋ​យក​រថយន្ត​ចត​លើ​ចិញ្ចើម​ផ្លូវ ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ។

ប្រជាពលរដ្ឋ​ដដែល​បន្ត​ថា ចិញ្ចើម​ផ្លូវ​ជាប់​របង​សាលា​ខាង​លើ​នេះ រដ្ឋ​បាន​ផ្លាស់ប្ដូរ​ការ៉ូឡា​ធ្វើ​ដើម្បី​ទុក​ឲ្យ​សិស្សានុសិស្ស​ដើរ​ថ្មើរជើង បង្ការ​ការពារ​សុវត្ថិភាព ពេល​ធ្វើ​ដំណើរ​ដើរ​ទៅ​សិក្សា មិនមែន​ទុក​ឲ្យ​ពលរដ្ឋ​យក​រថយន្ត​មក​ចត​បែបនេះ​ឡើយ។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក ចាប ឌីណា អភិបាល​រង​ខណ្ឌ​ដូនពេញ ប្រាប់​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ក្នុង​នាម​ជា​អាជ្ញាធរ សូម​អធ្យាស្រ័យ​ទៅ​កាន់​អាណាព្យាបាល​របស់​សិស្ស និង ប្រជាពលរដ្ឋ ដែល​កើត​ក្តី​បារម្ភ​ពី​បញ្ហា​កូនៗ របស់​ពួកគាត់ គ្មាន​ចិញ្ចើម​ផ្លូវ​សម្រាប់​ថ្មើរជើង។

លោក​អភិបាល​រង​ខណ្ឌ​ដូនពេញ បន្ត​ថា ដោយសារតែ​មួយ​រយៈ​នេះ អាជ្ញាធរ​កំពុង​មមាញឹក​ធ្វើ​ប្រព័ន្ធ​លូ​ក្បែរ​តំបន់​នោះ ដូច្នេះ​ពេល​បញ្ចប់​ការ​ដាក់​លូ​រួចរាល់ លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ក៏ដូចជា​ណែនាំ​ដល់​ម្ចាស់​រថយន្ត​នីមួយៗ នៅ​តាម​របង​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។ ក្នុង​នោះ​ដែរ ប្រសិន​ជា​មាន​លើក​ក្រោយ អាជ្ញាធរ នឹង​ចាត់វិធានការ​រដ្ឋបាល ចាក់​សោ​កង់​រថយន្ត និង​ផាក​ពិន័យ​តាម​ផ្លូវ​ច្បាប់​តែម្ដង៕

អត្ថបទ ៖ រដ្ឋា

សូមទស្សនាវីដេអូខាងក្រោម ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម