Connect with us

សេដ្ឋកិច្ច

អ្នកនាំពាក្យ៖ ការចុះបញ្ជីចម្ការនាំចេញផ្លែទុរេនស្រស់ទៅចិន ក្រសួងធ្វើឡើង ១ ឆ្នាំម្តង

បានផុស

នៅ

លោក ឃឹម ហ្វីណង់ បាន​គូស​បញ្ជាក់​ថា រាល់​ការ​ចុះ​បញ្ជី​ចម្ការ​ដើម្បី​អាច​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន គឺ រយៈ​ពេល​ ១​ឆ្នាំ ក្រសួង​ធ្វើ​ការចុះ​បញ្ជី​ចម្ការ​​តែ​ម្តង​ប៉ុណ្ណោះ​ ក្នុង​នោះ​ប្រសិន​បើ​ផុត​រដូវ​ប្រមូល​ផល​ហើយ គឺ​មិន​អាច​ចុះ​បញ្ជី​ចម្ការ​បាន​ទៀត​នោះ​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់ ​«កម្ពុជាថ្មី» នៅ​ព្រឹក​ថ្ងៃទី១៤ ខែ​សីហា នេះ លោក​ ឃឹម ហ្វីណង់ បានមាន​ប្រសាសន៍​ថា៖ ការ​ចុះ​បញ្ជី​ចម្ការ នៅក្រសួង ក្នុង​ការ​បំពេញ​តាម​គោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌ​ភូតគាមអនាម័យ និងស្តង់ដា​សុវត្ថិភាព​ចំណី​អាហារ​របស់​ប្រទេសចិន ​គឺ​ក្រសួង​ធ្វើ​ឡើង​ មាន​ជា​វគ្គ​នៅ​ក្នុង​ការ​ចុះ​បញ្ជី ដូច្នេះ​ម្ចាស់​ចម្ការ​ដែល​បាន​ចុះ​បញ្ជី​ជាប់ និង​បាន​វាយ​តម្លៃ​រួច​ពី​ក្រសួង​ គឺ​ម្ចាស់​ចម្ការ​នោះ​ជាប់​ហើយ។ សម្រាប់​ម្ចាស់​ចម្ការ​ដែល​ចង់​នាំ​ចុះ​បញ្ជី​ដើម្បី​អាច​នាំ​ចេញ​ទៅ​ទីផ្សារ​ចិន​ គឺ​ត្រូវ​តែ​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្រសួង ទៅ​តាម​វគ្គ​នីមួយ​ៗ។

ក្រោយ​ទទួល​បាន​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​អគ្គ រដ្ឋបាល​គយ​ចិន (GACC) កាល​ពី​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ ក្នុង​ការ​សម្រេច​ឱ្យ​កម្ពុជា​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​ទៅ​កាន់​ប្រទេស​ចិន ក្នុង​នោះ​បន្ទាប់ពី​ GACC បាន​វាយ​តម្លៃ​ និង​យល់ព្រម​លើ​សំណើ​ចុះបញ្ជីចម្ការទុរេន គឺ​មាន​ម្ចាស់​ចម្ការ​ចំនួន ១១២​កន្លែង និង​រោងចក្រ​វេច​ខ្ចប់​ចំនួន ៣០កន្លែង ដែល​បានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌ​ភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។

ចំពោះលើការនាំចេញទុរេនស្រស់ទៅចិន លោក ឃឹម ហ្វីណង់ បានអះអាងថា កម្ពុជាក៏កំពុង​​រំពឹង​ទុក​ថា ទីផ្សារ​នេះ​និង​បាន​ជួយ​ពង្រីក​នូវ​ការ​ធ្វើ​ផលិត​កម្ម​ទុរេន​នៅ​កម្ពុជា​បន្ថែម​ទៀត បន្ថែម​ពី​នេះ​កម្ពុជា​​ក៏​​មាន​ការ​រំពឹង​ទុក​ខ្ពស់​ពាក់ព័ន្ធ​និង​កសិផល​ដទៃ​ទៀត​ដែល​កំពុង​រង​ចាំ​នូវ​ការ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​សំណាក​គយ​ចិន​ផង​ដែរ​។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់​ថា សមិទ្ធផល​ទាំង​អស់​នេះ​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រសួង​កសិកម្ម​ក្នុង​ការ​ចរចា រហូត​ដល់​សម្រេច​បាន​នូវ​ការ​រៀប​ចំ​ចុះ​ពិធីសារ​ពាក់ព័ន្ធ​និង​អនាម័យ និង​ភូតគាម​អនាម័យ​ដែល​ជា​ការ​បើក​ផ្លូវ​ដ៏​សំខាន់​សម្រាប់​ការ​នាំ​ចេញ​កសិផល​ពី​កម្ពុជា​ ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ដោយ​ផ្ទាល់​ផង​ដែរ​។

ជា​មួយ​គ្នា​នេះ លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ប្រាប់​ កម្ពុ​ជាថ្មី ថា អគ្គនាយកដ្ឋាន កសិកម្ម​នៃ​ក្រសួង​​កសិកម្ម​ជ្រើសរើស​យក​ចម្ការ​​ចំនួន ១០ ខណៈ​សហគមន៍​របស់​លោក​បាន​ស្នើចុះ​បញ្ជីសម្រាប់​ការ​បញ្ជាក់​វិញ្ញាបនបត្រ​ការអនុវត្តកសិកម្មល្អ(Cam-GAP)។ ក្រៅ​ពី​នេះ ចម្ការសហគមន៍​របស់​លោក​ប្រមាណ​ជាង ៦០ បន្ថែមទៀត គ្រោងនឹងរៀប​ចំចុះបញ្ជី ដើម្បីថ្នាក់ជាតិចុះពិនិត្យកែតម្រូវ មុនពេលចិនមកត្រួតពិនិត្យ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ លោក ហៃ ធូរ៉ា បាន​ឱ្យ​ដឹង​ថា មក​ទល់​ពេល​បច្ចុប្បន្ន នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ផ្ទាល់​មាន​ម្ចាស់​ចម្ការ​ចំនួន ៣ ដែល​បាន​ចុះ​បញ្ជី​កសិកម្ម​ល្អ​នៅ​ក្រសួង​កសិកម្ម​ដើម្បី​អាច​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​បាន ហើយ​ជាក់ស្តែង​សព្វ​ថ្ងៃ​នេះ មាន​ម្ចាស់​ចម្ការ​ចំនួន ១០ បន្ថែម​ទៀត​ផង​ដែរ ដែល​គ្រោង​ចុះ​បញ្ជី​ចម្ការ​នៅ​ក្រសួង​កសិកម្ម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម