Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ត្រៀមថវិកា៥០ម៉ឺនដុល្លារសម្រាប់ជួសជុលសាលារៀនខូចខាតដោយសារសង្គ្រាមឈ្លានពានថៃ

បានផុស

នៅ

ក្រសួងអប់រំយុវជន និងកីឡា បានត្រៀមកញ្ចប់ថវិកាប្រមាណ៥០ម៉ឺនដុល្លារសម្រាប់ជួសជុលសាលារៀនដែលទទួលរងការខូចខាតដោយសារសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៍មាននៅរសៀលថ្ងៃទី២២សីហាថា មានសាលាចំនួន៧រងការខូចខាតទាំងស្រុង និងខូចខាតបន្ទាប់បន្សំដោយសារការឈ្លានពានពីសមណាក់ភាគីថៃ ក្នុងនោះសាលាដែលរងការខូចខាតខ្លាំងជាងគេ គឺសាលាបឋមសិក្សាតេជោបូសស្បូវនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខូចខាត៩០%ទាំងតុកៅអី ទីធ្លាសាលាមានបន្សល់ទុកនូវកាកសំណល់មិនទាន់ផ្ទុះ និងកាកសំណល់អំបែងដោយសារថៃបាញ់គ្រាប់បែកចង្កោម បាញ់ចេញពីយន្តហោះ F16 ដែលជាយន្តហោះចម្បាំងទំនើប។ បន្ទាប់មកសាលាបឋមសិក្សាតាមន្តសែនជ័យ ខ្ទេចទាំងស្រុង កុំព្យូទ័រ ម៉ាស៊ីនព្រីន២គ្រឿង និងទូដាក់សម្ភារៈ និងសាលា៥ទៀតប៉ះពាល់បន្ទាប់បន្សំដូចជាសាលាបឋមសិក្សា សែនមនោរម្យមួយបូកពីរ ស្ថិតស្រុកបន្ទាយអំពិល ប៉ះពាល់អគារ១ខ្នងមាន៣បន្ទប់ និងបន្ទប់ទឹក សាលាបឋមសិក្សាបូសធំ ស្ថិតក្នុងស្រុកបន្ទាយអំពិលប៉ះពាល់អគារសិក្សា១ខ្នង មាន៣បន្ទប់ សាលាបឋមសិក្សា​គោកប្រារសាទ ស្ថិតក្នុងស្រុកសំរោង ប៉ះពាល់អគារសិក្សា១ខ្នង៥បន្ទប់ខូចខាតតិចតួច សាលាបឋមសិក្សាជប់គគី ប៉ះពាល់អគារសិក្សា១ខ្នង មាន៥បន្ទប់ខូចខាតក្បឿង កុំព្យូទ័រ សម្ភារៈមូយចំនួន និងបណ្តាញអគ្គិសនី និងសាលាបឋមសិក្សាអូរប៉បក្រុងសំរោង ប៉ះពាល់បន្តិចបន្តួច។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្រសួងបានត្រៀមបម្រុងថវិកាប្រមាណ៥០ម៉ឺនដុល្លារសម្រាប់ជួសជុលសាលាខូច​ខាតទាំងនេះហើយត្រៀមលក្ខណៈសម្រាប់បើកដំណើរការបវេសនកាលឆ្នាំសិក្សាថ្មីថ្ងៃទី១វិច្ឆិកា ខាងមុខនេះ។

លោកឧបនាយករដ្ឋមន្ត្រីបានប៉ាន់ស្មានថា សាលាជាប់ព្រំដែនប្រហែលជាមិនអាចបើកដំណើរការបាននៅឡើយទេដោយសារទីតាំងសាលាទាំងនោះមានគ្រាប់មិនទាន់ផ្ទុះ និងអំបែងគ្រាប់ដែលថៃបានបាញ់ទាមទារឱ្យមន្ត្រីជំនាញស៊ីម៉ាក់មកបោសសម្អាតជាមុនសិន។ ដូចនេះក្រសួងនឹងគ្រោងបើកបវេសនកាលឆ្នាំថ្មីនៅស្រុកចុងកាល ខេត្តឧត្តរមានជ័យដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព និងគាំទ្ររបស់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សដល់វីរៈកងទ័ពជួរមុខ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា ចំណែកសាលាជិត១០០ទៀតនៅមិនទាន់អាចដំណើរការបានក្រសួងនឹងត្រៀមឱ្យមានការរៀនតាមបណ្តុំ រៀនតាមការប្រើប្រាស់តាមសៀវភៅគោលតូចៗ ការធ្វើស័យសិក្សា និងការរៀនការប្រើប្រាស់ថ្នាលបច្ចេកវិទ្យាតាមទូរស័ពដៃ និងការសិក្សាពីចម្ងាយដូចជំនាន់មានការរាតត្បាតជំងឺកូវីដកន្លងទោដែរ។

ជាមួយគ្នានេះដែរក្រសួងនឹងរៀបចំសាងសង់ឱ្យមានអគារសិក្សាបណ្តោះអាសន្ននៅទីតាំងផ្សេងដែលមានតម្លៃថោកដើម្បីជួយសម្រួលដល់សិស្សដែលមិនទាន់មានសាលារៀនដែលខូចខាតដោយសារសង្គ្រាមឈ្លានពានពីភាគីថៃ។ ចំណែកសិស្សានុសិស្សដែលជម្លៀសមកជាមួយឪពុកម្តាយហើយមិនទាន់ត្រលប់ទៅវិញបានក្រសួងនឹងរៀបចំឱ្យរៀននៅសាលាក្បែរនោះរៀនពីរទៅបីវេន ឬនៅឆ្ងាយពីសាលារៀននៅទីទួលសុវត្តិភាពជាបណ្តុះតូចៗ រៀនតាមតង់តូចៗបណ្តោះអាសន្ន និងរៀនតាមសៀភៅគោលដែលក្រសួងបានចែកជូនរួចហើយទម្រាំមានសន្តិភាពពេញលេញអាចវិលត្រលប់ទៅវិញបាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម