ព័ត៌មានជាតិ
បេក្ខជនខេត្តឧត្តរមានជ័យជាង ១ ៧០០ នាក់ ទទួលបានថវិកា និងអាហារ សម្រាប់ត្រៀមចូលរួមប្រឡងបាក់ឌុបនៅថ្ងៃទី ២៨ សីហា
បេក្ខជនប្រឡងបាក់ឌុបមកពីខេត្តឧត្តរមានជ័យចំនួន ១ ៧៧២ នាក់ បានទទួលថវិកា និងមី ពី ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីត្រៀមចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី ២៨ និង ២៩ ខែសីហា ឆ្នាំ ២០២៥។


ការបើកមី និងថវិកាពីក្រសួងនេះប្រព្រឹត្តិទៅរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ រហូតដល់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នៅវិទ្យាល័យអប់រំបច្ចេកទេសពួក ខេត្តសៀមរាប។


បើតាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនប្រឡងបាក់ឌុបមកពីខេត្តឧត្តរមានជ័យ ក្រសួង បានរៀបចំឱ្យប្រឡងនៅស្រុកពួក ខេត្តសៀមរាប ដោយរដ្ឋបាលខេត្តឧត្តរមានជ័យសម្របសម្រួលដឹកជញ្ជូនបេក្ខជនមកប្រឡង ហើយស្នាក់នៅតាមសាលារៀនចំនួន ៤ ស្រុកពួក ខេត្តសៀមរៀប ហើយក្រសួងបានឧបត្ថម្ភថវិកាដល់បេក្ខជនក្នុង ១ នាក់ ១០ ម៉ឺនរៀល និងមី ៦ កញ្ចប់ និងផ្តល់ថវិកាដល់បេក្ខជនខេត្តព្រះវិហារក្នុង ១ នាក់ ៥ ម៉ឺនរៀល សម្រាប់ការស្នាក់នៅ ការធ្វើដំណើរ និងហូបចុក និងមី ៦ កញ្ចប់ ក្នុងរយៈពេល ២ ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគេចូលរួមប្រឡងប្រកបដោយសុវត្ថិភាព និងមានភាពកក់ក្ដៅ។ ក្រៅពីផ្តល់កន្លែងស្នាក់នៅ ថវិកា និងអាហារ ក្រសួង ក៏មានការជួយឧបត្ថម្ភបន្ថែមទៀតសម្រាប់បេក្ខជនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យផងដែរ ដើម្បីជួយលើកទឹកចិត្តដល់សិស្ស ឱ្យបានប្រឡងជាប់ច្រើនយ៉ាងហោចណាស់ ៨០%។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងការជួយឧបត្ថម្ភថវិកាដល់បេក្ខជនខេត្តឧត្តរមានជ័យ និងបេក្ខជនខេត្តព្រះវិហារនេះ ក្រសួង គ្រោងចំណាយថវិកាប្រមាណ ១ ពាន់លានរៀល។ ចំណែកមីជាការជួយឧបត្ថម្ភពីសប្បុរសជន។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា សង្គ្រាមឈ្លានពានដែលបង្កឡើងដោយភាគីថៃមានបេក្ខជនភៀសសឹកចំនួន ៦ នាក់ប៉ុណ្ណោះ ក្នុងនោះ ខេត្តព្រះវិហារ ៤ រូប និងខេត្តឧត្តរមានជ័យ ២ រូប បានប្រឡងនៅតាមខេត្តផ្សេងៗ ក្នុងនោះ នៅភ្នំពេញ ២ នាក់ បាត់ដំបង ១ នាក់ ពោធិ៍សាត់ ២ នាក់ និងកំពង់ស្ពឺ ១ នាក់។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់។ បេក្ខជន ត្រូវបានរៀបចំ ចំនួន ២៥ នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរ មានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះ ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។

គួរបញ្ជាក់បន្ថែមថា តួលេខបេក្ខជនដាក់ពាក្យប្រឡងបាក់ឌុបឆ្នាំនេះ បើធៀបទៅនឹងឆ្នាំមុន ឃើញថា មានការកើនឡើង ខណៈឆ្នាំមុនការប្រឡងបាក់ឌុបសម័យប្រឡងថ្ងៃទី ៨ និង ទី ៩ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ ស្រី ៧៤ ៨៨២ នាក់ ចែកជា ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ មានបេក្ខជនមកប្រឡងចំនួន ១៣៤ ៦៣៤ នាក់ ស្រី ៧៣ ៩៦៧ នាក់ និងមានបេក្ខជនប្រឡងជាប់ទូទាំងប្រទេស សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយ នៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៤ ៦៣៤ នាក់។ ក្នុងនោះ មានបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់ , និទ្ទេស B ចំនួន ៩ ៧០១ នាក់ , និទ្ទេស C ចំនួន ២២ ៦៧៥ នាក់ , និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


