Connect with us

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​ទទួល​ថវិកា​ “៤៣៤លានរៀល” ពី សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា

បានផុស

នៅ

នៅរសៀលថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៥ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ថវិកាបរិច្ចាគចំនួន “៤៣៤,០០០,០០០រៀល” (បួនរយសាមសិបបួនលានរៀល) ពី សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅសណ្ឋាគារ Raffles Le Royal ដោយមានការអញ្ជើញចូលរួមពី លោកអ្នកឧកញ៉ា លី ហួរ តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង លោកជំទាវ ប៉ែន សុបភា អនុប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមអនុប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវ ប៉ែន សុបភា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបាននាំយកថវិកាចំនួន “៤៣៤លានរៀល” មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ដែល​ជា​គំនិត​ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងដើម្បីបន្តគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងបេសកកម្មរផ្ដល់សេវាពិនិត្យ និងព្យាបាលទារកនិងកុមារកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាពខ្ពស់ ប្រសិទ្ធភាពខ្ពស់ និងមិនមានការរើសអើង។

លោកអ្នកឧកញ៉ា លី ហួរ តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បាន​សម្តែង​នូវ​អារម្មណ៍រំភើប និងសប្បាយរីករាយជាខ្លាំងដែល «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃ ផ្តល់កិត្តិយសដល់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលជួបសម្តែងការគួរសម និងចូលរួមបរិច្ចាគថវិកាជូនដល់ មូល​និធិ​គន្ធបុប្ផាកម្ពុជា ដោយផ្ទាល់។ លោក​អ្នក​ឧកញ៉ាបញ្ជាក់បន្ថែមថា ថវិកា​ទាំងនេះ​គឺ​ទទួលបានពីការចូលរួមបរិច្ចាគពីសប្បុរសជន ដែល​ជា​សមាជិកអ្នកអភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា សម្រាប់​សកម្មភាព​សប្បុរសធម៌​ជា​មួយ​រាជរដ្ឋាភិបាល តាម​រយៈ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ជា​ពិសេស​ការ​ជួយអាយុជីវិត និង​សង្គ្រោះកុមារកម្ពុជា ក្នុងស្មារតី “ខ្មែរស្រឡាញ់ខ្មែរ”។

លោក​អ្នក​ឧកញ៉ា​បន្ត​ថា ក្នុង​នាម​ប្រធាន​សមាគម និងតំណាង​ឱ្យ​សមាជិកសមាជិកានៃសមាគម ដែល​ជា​ក្រុម​ហ៊ុន​អ្នក​អភិវឌ្ឍ​លំនៅឋាន​នៅ​កម្ពុជា សូម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​បរិច្ចាគ​ថវិកា​ប្រចាំ​ឆ្នាំ​ជូន​មូលនិធិ។ ជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក ចំពោះគំនិតលួចផ្ដើមដ៏ខ្ពង់ខ្ពស់ថ្លៃថ្លា ក្នុងការបង្កើត និងការ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា។

ក្នុង​ជំនួប​ខាង​លើ​នេះ លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន​ពាំនាំ​នូវការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខពីសំណាក់ សម្តេចធិបតី និង ថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលតែងតែបានចូលរួមសកម្មភាពមនុស្សធម៌ដោយ​សទ្ធា​ជ្រះថ្លា និងដោយស្ម័គ្រចិត្ត ជា​បន្ត​បន្ទាប់​ក្នុង​ការងារ​សង្គម និងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែល​ទាំង​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ចូលរួម​ប្រកប​ដោយ​ឆន្ទៈ និង​បេះដូង​មនុស្សធម៌​ពិតៗ របស់​សមាជិក​សមាជិកា នៃសមាគម ក្នុង​ការ​ជួយ​ដល់​សង្គមជាតិ​របស់យើង។ ជា​ពិសេស​ក្នុង​យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” នេះគឺ​ជាការ​ចូលរួម​មួយ​ដ៏​សំខាន់​បំផុត ក្នុង​ការ​ជួយ​ដល់​ជីវិតកុមារកម្ពុជា។

លោកជំទាវបណ្ឌិត បានឱ្យដឹងថា យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺន​នាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា រយៈ​ពេល១​ខែពេញ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ មានសប្បុរសជនជិត៣០ម៉ឺននាក់ បានបរិច្ចាគ​ថវិកាសរុប ៥.៥លានដុល្លារ។

ការចូលរួមបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ បង្ហាញថា សាធារណជន​មាន​ទឹកចិត្ត​សប្បុរស​យ៉ាង​ផុសផុល​ជាង​ឆ្នាំ​មុន និង​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ស្មារតី “សខ្មែរជួយខ្មែ” ដើម្បី​រួម​គ្នា​នាំ​ក្តី​សង្ឃឹម និង​ស្នាមញញឹមដល់ ទារក កុមារ និងស្ត្រីមានផ្ទៃពោះនៅកម្ពុជា។

លោក​ជំទាវបណ្ឌិត បាន​គូស​បញ្ជាក់​ថា ទោះបីជា​យុទ្ធនាការនេះ ដល់ថ្ងៃបញ្ចប់ក៏ដោយ ក៏សាធារណជន​ដែល​មាន​ទឹក​ចិត្តសប្បុរសនៅតែអាចចូលរួមបរិច្ចាគ ដើម្បីរួមគ្នារក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ក្នុងការបន្តបេសកកម្មពិនិត្យ និងព្យាបាលជំងឺដល់ ទារក និងកុមារ ព្រម​ទាំង​សេវា​សម្ភព​ដល់ស្ត្រីមានផ្ទៃពោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម